|
| 1 |
|
| ពេលនោះ គេបិទទ្វារក្រុងយេរីខូរជិត ទាំងខាងក្នុង ទាំងខាងក្រៅ ព្រោះតែខ្លាចប្រជាជនអ៊ីស្រាអែល គ្មានអ្នកណាចេញចូលបានឡើយ។ |
|
| 2 |
|
| ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «មើល៍ យើងបានប្រគល់ក្រុងយេរីខូរ ទាំងស្តេច ទាំងពួកអ្នកខ្លាំងពូកែដ៏អង់អាចរបស់គេ មកក្នុងកណ្ដាប់ដៃអ្នកហើយ។ |
|
| 3 |
|
| អ្នករាល់គ្នាដែលជាពួកខ្លាំងពូកែ ត្រូវដើរជុំវិញទីក្រុង ឲ្យបានមួយជុំក្នុងមួយថ្ងៃ។ ត្រូវធ្វើដូច្នេះរយៈពេលប្រាំមួយថ្ងៃ |
|
| 4 |
|
| ត្រូវមានសង្ឃប្រាំពីររូបកាន់ត្រែស្នែងចៀម ដើរនាំមុខហិបនៃសេចក្ដីសញ្ញា នៅថ្ងៃទីប្រាំពីរ អ្នករាល់គ្នាត្រូវឲ្យដើរព័ទ្ធទីក្រុងប្រាំពីរជុំ ហើយពួកសង្ឃត្រូវផ្លុំត្រែឡើង។ |
|
| 5 |
|
| ពេលគេផ្លុំត្រែស្នែងចៀមមានសំឡេងយ៉ាងវែង គឺពេលអ្នករាល់គ្នាឮសំឡេងត្រែ ប្រជាជនទាំងអស់គ្នាត្រូវស្រែកឡើង ជាសម្រែកយ៉ាងខ្លាំង នោះកំផែងក្រុងនឹងរលំចុះនៅនឹងកន្លែង ហើយប្រជាជនទាំងអស់ត្រូវសម្រុកចូលត្រង់ទៅមុខរៀងខ្លួន»។ |
|
| 6 |
|
| លោកយ៉ូស្វេជាកូនរបស់លោកនុនហៅពួកសង្ឃមក មានប្រសាសន៍ទៅគេថា៖ «ចូរយកហិបនៃសេចក្ដីសញ្ញា ហើយឲ្យសង្ឃប្រាំពីររូបកាន់ត្រែស្នែងចៀមប្រាំពីរ ដើរនាំមុខហិបរបស់ព្រះយេហូវ៉ាទៅ»។ |
|
| 7 |
|
| បន្ទាប់មក លោកមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ចូរនាំគ្នាដើរព័ទ្ធជុំវិញទីក្រុង ហើយឲ្យពួកអ្នកប្រដាប់អាវុធដើរទៅពីមុខហិបរបស់ព្រះយេហូវ៉ា»។ |
|
| 8 |
|
| កាលលោកយ៉ូស្វេបានបង្គាប់ប្រជាជនរួចហើយ សង្ឃទាំងប្រាំពីររូប ដែលកាន់ត្រែស្នែងចៀមទាំងប្រាំពីរនៅចំពោះព្រះយេហូវ៉ា ក៏ដើរទៅមុខទាំងផ្លុំត្រែ ហើយហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ាក៏ទៅតាមក្រោយ។ |
|
| 9 |
|
| ពួកអ្នកប្រដាប់អាវុធដើរខាងមុខពួកសង្ឃដែលផ្លុំត្រែ ហើយទ័ពការពារជួរខាងក្រោយដើរបន្ទាប់ពីហិប រីឯពួកសង្ឃដើរទៅមុខទាំងផ្លុំត្រែបណ្ដើរ។ |
|
| 10 |
|
| លោកយ៉ូស្វេបង្គាប់ប្រជាជនថា៖ «អ្នករាល់គ្នាមិនត្រូវស្រែក ឬឲ្យមានឮសំឡេងអ្វីឡើយ ក៏មិនត្រូវឲ្យមានឮពាក្យណាចេញពីមាត់អ្នករាល់គ្នាដែរ រហូតដល់ថ្ងៃដែលខ្ញុំប្រាប់ឲ្យអ្នករាល់គ្នាស្រែក នោះសឹមស្រែក»។ |
|
| 11 |
|
| ដូច្នេះ លោកឲ្យគេសែងហិបរបស់ព្រះយេហូវ៉ា ព័ទ្ធជុំវិញទីក្រុងអស់មួយជុំ រួចគេត្រឡប់ចូលមកក្នុងជំរំវិញ ហើយសម្រាកពេលយប់ក្នុងជំរំ។ |
|
| 12 |
|
| លោកយ៉ូស្វេក្រោកឡើងពីព្រលឹម ហើយពួកសង្ឃនាំគ្នាសែងហិបរបស់ព្រះយេហូវ៉ា។ |
|
| 13 |
|
| ពួកសង្ឃទាំងប្រាំពីររូបដែលកាន់ត្រែស្នែងចៀមទាំងប្រាំពីរ ដើរនាំមុខហិបរបស់ព្រះយេហូវ៉ា ទាំងផ្លុំត្រែបណ្តើរ។ ពួកអ្នកប្រដាប់អាវុធដើរនៅខាងមុខ ហើយកម្លាំងការពារជួរខាងក្រោយ ដើរបន្ទាប់ពីហិប រីឯពួកសង្ឃដើរទៅមុខទាំងផ្លុំត្រែបណ្ដើរ។ |
|
| 14 |
|
| នៅថ្ងៃទីពីរ គេដើរជុំវិញទីក្រុងមួយជុំ រួចវិលចូលមកក្នុងជំរំវិញ។ គេធ្វើដូច្នេះរយៈពេលប្រាំមួយថ្ងៃ។ |
|
| 15 |
|
| នៅថ្ងៃទីប្រាំពីរ គេក្រោកឡើងពីព្រលឹមស្រាងៗ ហើយដើរព័ទ្ធជុំវិញទីក្រុងតាមរបៀបដដែលប្រាំពីរជុំ។ មានតែថ្ងៃនោះទេ ដែលគេដើរព័ទ្ធទីក្រុងចំនួនប្រាំពីរជុំ។ |
|
| 16 |
|
| នៅជុំទីប្រាំពីរ កាលពួកសង្ឃបានផ្លុំត្រែ លោកយ៉ូស្វេក៏បង្គាប់ប្រជាជនថា៖ «ចូរស្រែកឡើង! ដ្បិតព្រះយេហូវ៉ាបានប្រគល់ទីក្រុងនេះមកអ្នករាល់គ្នាហើយ។ |
|
| 17 |
|
| ទីក្រុងនេះ និងអ្វីៗទាំងអស់នៅក្នុងក្រុងនេះ ត្រូវបំផ្លាញឲ្យអស់ថ្វាយព្រះយេហូវ៉ា ទុកតែនាងរ៉ាហាប ជាស្រីពេស្យា និងអស់អ្នកដែលនៅក្នុងផ្ទះជាមួយនាងប៉ុណ្ណោះឲ្យនៅរស់ ព្រោះនាងបានបំពួនអ្នកស៊ើបការណ៍ ដែលយើងបានចាត់ឲ្យមក។ |
|
| 18 |
|
| រីឯអ្នករាល់គ្នាវិញ ត្រូវប្រយ័ត្នចំពោះរបស់ណាដែលត្រូវបំផ្លាញ ក្រែងកាលណាអ្នករាល់គ្នាញែកអ្វីៗសម្រាប់បំផ្លាញ ហើយបែរទៅជាយករបស់ណាមួយទុក នោះអ្នកនឹងធ្វើឲ្យជំរំអ៊ីស្រាអែលត្រូវបំផ្លាញដែរ ព្រមទាំងនាំឲ្យជំរំអ៊ីស្រាអែលកើតមានទុក្ខទោសផង។ |
|
| 19 |
|
| ប៉ុន្តែ ឯប្រាក់ និងមាសទាំងប៉ុន្មាន ប្រដាប់ប្រដាធ្វើពីលង្ហិន និងពីដែកទាំងប៉ុន្មាន ត្រូវញែកជាបរិសុទ្ធថ្វាយព្រះយេហូវ៉ា ហើយរបស់ទាំងនោះត្រូវចូលទៅក្នុងឃ្លាំងរបស់ព្រះយេហូវ៉ា»។ |
|
| 20 |
|
| ដូច្នេះ ប្រជាជនក៏ស្រែកហ៊ោ ហើយពួកសង្ឃក៏ផ្លុំត្រែឡើង។ កាលប្រជាជនឮសូរត្រែ គេក៏នាំគ្នាស្រែកឡើងយ៉ាងខ្លាំង ហើយកំផែងក៏រលំចុះនៅនឹងកន្លែង។ ប្រជាជននាំគ្នាសម្រុកឡើងទៅមុខរៀងៗខ្លួន ហើយគេចាប់យកទីក្រុងនោះ។ |
|
| 21 |
|
| ពេលនោះ គេបំផ្លាញអ្វីៗទាំងអស់ដែលមាននៅក្នុងទីក្រុង ទាំងប្រុស ទាំងស្រី ទាំងក្មេង ទាំងចាស់ ទាំងគោ ចៀម និងលា ដោយមុខដាវ។ |
|
| 22 |
|
| លោកយ៉ូស្វេក៏មានប្រសាសន៍ទៅកាន់បុរសពីរនាក់ ដែលបានចូលទៅសង្កេតមើលស្រុកនោះថា៖ «ចូរចូលទៅក្នុងផ្ទះស្រីពេស្យានោះ ហើយនាំនាង និងមនុស្សទាំងអស់របស់នាងចេញមក ដូចអ្នកបានស្បថនឹងនាង»។ |
|
| 23 |
|
| ដូច្នេះ យុវជនទាំងពីរដែលបានចូលទៅសង្កេតមើលស្រុក ក៏ចូលទៅនាំនាងរ៉ាហាប ឪពុកម្តាយ និងបងប្អូន ព្រមទាំងអ្វីៗទាំងអស់ដែលជារបស់នាងចេញមក។ ពួកគេនាំញាតិសន្តានទាំងអស់របស់នាងចេញមក ហើយដាក់ឲ្យនៅខាងក្រៅជំរំអ៊ីស្រាអែល។ |
|
| 24 |
|
| គេក៏ដុតទីក្រុង និងអ្វីៗនៅក្នុងក្រុងនោះចោលទាំងអស់ ទុកតែប្រាក់ មាស និងភាជនៈដែលធ្វើពីលង្ហិន និងពីដែកប៉ុណ្ណោះ រួចគេយករបស់ទាំងនោះទៅដាក់ក្នុងឃ្លាំងនៃដំណាក់របស់ព្រះយេហូវ៉ា។ |
|
| 25 |
|
| ចំណែកនាងរ៉ាហាបជាស្រីពេស្យា ក្រុមគ្រួសាររបស់ឪពុកនាង និងមនុស្សរបស់នាងទាំងប៉ុន្មាន លោកយ៉ូស្វេបានទុកជីវិតវិញ។ ក្រុមគ្រួសាររបស់នាង រស់នៅក្នុងចំណោមពួកអ៊ីស្រាអែលរហូតដល់សព្វថ្ងៃ ព្រោះនាងបានបំពួនមនុស្សដែលលោកយ៉ូស្វេបានចាត់ទៅសង្កេតមើលក្រុងយេរីខូរ។ |
|
| 26 |
|
| នៅគ្រានោះ លោកយ៉ូស្វេប្រកាសជាសម្បថថា៖ «អ្នកណាដែលនាំគេសង់ក្រុងយេរីខូរនេះឡើងវិញ អ្នកនោះនឹងត្រូវបណ្ដាសានៅចំពោះព្រះយេហូវ៉ា។ អ្នកណាចាក់គ្រឹះកំផែង កូនច្បងរបស់គេនឹងត្រូវស្លាប់ ហើយអ្នកណាដាក់ទ្វារក្រុង កូនពៅរបស់គេនឹងត្រូវស្លាប់ទៅ»។ |
|
| 27 |
|
| ព្រះយេហូវ៉ាគង់ជាមួយលោកយ៉ូស្វេ ហើយកេរ្ដិ៍ឈ្មោះរបស់លោកល្បីសុសសាយពេញស្រុកនោះទាំងមូល។ |
|
|
|
|