|
| 1 |
|
| ពេលនោះ ជនជាតិអ៊ីស្រាអែលបានបំពានលើព្រះបន្ទូល ដែល ព្រះអម្ចាស់ ហាមមិនអោយប៉ះពាល់របស់អ្វីនៅក្រុងយេរីខូ គឺមានបុរសម្នាក់ឈ្មោះអេកាន ជាកូនរបស់លោកកើមើ ជាចៅរបស់លោកសាបឌី និងជាចៅទួតរបស់លោកសេរ៉ាស ក្នុងកុលសម្ព័ន្ធយូដា បានយករបស់មួយដែល ព្រះអម្ចាស់ ហាមឃាត់ ជាហេតុធ្វើអោយព្រះអង្គទ្រង់ព្រះពិរោធនឹងជនជាតិអ៊ីស្រាអែល។ |
|
| 2 |
|
| លោកយ៉ូស្វេបានចាត់អ្នកខ្លះ ពីក្រុងយេរីខូអោយទៅក្រុងអៃ ដែលនៅជិតបេតអាវេន នៅខាងកើតបេតអែល ទាំងមានប្រសាសន៍ទៅគេថា៖ «ចូរឡើងទៅស៊ើបការណ៍នៅស្រុកនោះ»។ ពួកគេក៏ឡើងទៅស៊ើបការណ៍នៅក្រុងអៃ។ |
|
| 3 |
|
| អ្នកទាំងនោះវិលមកជួបលោកយ៉ូស្វេវិញ ជំរាបថា៖ «មិនបាច់អោយប្រជាជនទាំងមូលឡើងទៅវាយទេ គឺអោយតែទ័ពពីរ ឬបីពាន់នាក់ ឡើងទៅវាយយកក្រុងអៃប៉ុណ្ណោះបានហើយ! អ្នកក្រុងនោះមានគ្នាតិចតួចទេ ដូច្នេះ មិនបាច់ចាត់កងទ័ពទាំងមូល អោយទៅនាំអោយពិបាកឡើយ»។ |
|
| 4 |
|
| ពេលនោះ ទ័ពអ៊ីស្រាអែលប្រមាណបីពាន់នាក់ក៏ឡើងទៅវាយយកក្រុងអៃ ប៉ុន្តែ ពួកគេត្រូវបាក់ទ័ព។ |
|
| 5 |
|
| អ្នកក្រុងអៃបានសម្លាប់ពួកអ៊ីស្រាអែល អស់ប្រមាណសាមសិបប្រាំមួយនាក់ រួចដេញតាមពួកគេចាប់ពីទ្វារក្រុង រហូតទៅដល់ភូមិសេបារីម ហើយសម្លាប់ពួកគេនៅត្រង់ជំរាលភ្នំ។ ប្រជាជនអ៊ីស្រាអែលបាក់ទឹកចិត្ត បាត់បង់សេចក្ដីក្លាហានអស់។ |
|
| 6 |
|
| លោកយ៉ូស្វេ និងព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែលហែកសម្លៀកបំពាក់របស់ខ្លួន រួចក្រាបនៅខាងមុខហិបរបស់ ព្រះអម្ចាស់ អោនមុខដល់ដីរហូតដល់ល្ងាច ពួកលោកយកធូលីដីរោយលើក្បាលរៀងៗខ្លួន។ |
|
| 7 |
|
| លោកយ៉ូស្វេទូលថា៖ «ឱ ព្រះជាអម្ចាស់ អើយ ហេតុអ្វីបានជាព្រះអង្គនាំយើងខ្ញុំអោយឆ្លងកាត់ទន្លេយ័រដាន់ ហើយប្រគល់យើងខ្ញុំទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិអាម៉ូរី ដើម្បីអោយយើងខ្ញុំវិនាសសូន្យដូច្នេះ? ហេតុដូចម្ដេចបានជាមិនទុកយើងខ្ញុំអោយនៅត្រើយខាងនាយទន្លេយ័រដាន់វិញ? |
|
| 8 |
|
| ឱ ព្រះអម្ចាស់ អើយ! ឥឡូវនេះ តើអោយទូលបង្គំនិយាយដូចម្ដេចកើត បើជនជាតិអ៊ីស្រាអែលបាក់ទ័ព នៅមុខខ្មាំងសត្រូវដូច្នេះ? |
|
| 9 |
|
| ពេលជនជាតិកាណាន និងជាតិសាសន៍ទាំងអស់នៅក្នុងស្រុកដឹងរឿងនេះ ពួកគេមុខជាមកឡោមព័ទ្ធ ហើយសម្លាប់រង្គាលយើងខ្ញុំទាំងអស់គ្នា។ ដូច្នេះ តើព្រះអង្គធ្វើយ៉ាងណាដើម្បីការពារព្រះកិត្តិនាមរបស់ព្រះអង្គ?»។ |
|
| 10 |
|
| ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ក្រោកឡើង! ហេតុអ្វីបានជាអ្នកក្រាបចុះ អោនមុខដល់ដីដូច្នេះ? |
|
| 11 |
|
| ជនជាតិអ៊ីស្រាអែលប្រព្រឹត្តអំពើបាប ដោយរំលោភលើសម្ពន្ធមេត្រីដែលយើងបានប្រគល់អោយ គឺពួកគេបានយករបស់ដែលត្រូវបំផ្លាញនោះទុកខ្លះ ជារបស់ដែលយើងហាមមិនអោយប៉ះពាល់។ ពួកគេបានលួចយកទៅលាក់ទុកជាមួយឥវ៉ាន់របស់ខ្លួន។ |
|
| 12 |
|
| ហេតុនេះហើយបានជាជនជាតិអ៊ីស្រាអែលពុំអាចប្រឈមមុខតទល់នឹងសត្រូវបានទៀតទេ។ ពួកគេបាក់ទ័ពរត់នៅមុខសត្រូវដូច្នេះ ព្រោះពួកគេមានទោស ហើយត្រូវវិនាសអន្តរាយ។ ប្រសិនបើអ្នករាល់គ្នាមិនបំផ្លាញអ្វីៗដែលត្រូវបំផ្លាញក្នុងចំណោមអ្នករាល់គ្នាទេនោះ យើងនឹងលែងនៅជាមួយអ្នករាល់គ្នាទៀតហើយ! |
|
| 13 |
|
| ក្រោកឡើង ជំរះប្រជាជនអោយបានវិសុទ្ធ! ត្រូវប្រាប់ពួកគេថា “ចូរជំរះខ្លួនអោយបានវិសុទ្ធ*សំរាប់ថ្ងៃស្អែក ដ្បិត ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: អ៊ីស្រាអែលអើយ! នៅក្នុងអ្នកមានរបស់ដែលត្រូវបំផ្លាញ។ អ្នកពុំអាចប្រឈមមុខតទល់នឹងខ្មាំងសត្រូវបានឡើយ ដរាបណាអ្នករាល់គ្នាមិនដករបស់ដែលត្រូវបំផ្លាញចេញពីក្នុងចំណោមអ្នករាល់គ្នាទេនោះ។ |
|
| 14 |
|
| ព្រឹកឡើងអ្នករាល់គ្នាត្រូវចូលមកតាមកុលសម្ព័ន្ធ។ ពេល ព្រះអម្ចាស់ ចង្អុលកុលសម្ព័ន្ធណា កុលសម្ព័ន្ធនោះត្រូវចូលមកតាមអំបូរ ពេល ព្រះអម្ចាស់ ចង្អុលអំបូរណា អំបូរនោះត្រូវចូលមកតាមក្រុមគ្រួសារ ហើយពេល ព្រះអម្ចាស់ ចង្អុលក្រុមគ្រួសារណា ត្រូវអោយមេក្រុមគ្រួសារនោះចូលមកម្នាក់ម្ដងៗ។ |
|
| 15 |
|
| ពេលប៉ះចំលើអ្នកដែលមានកំហុស ដោយលាក់ទុករបស់ដែលត្រូវបំផ្លាញ ចូរដុតអ្នកនោះជាមួយអ្វីៗដែលខ្លួនមាន ព្រោះគេបានរំលោភលើសម្ពន្ធមេត្រីរបស់ ព្រះអម្ចាស់ គឺគេបានប្រព្រឹត្តអំពើមួយដ៏ថោកទាបក្នុងស្រុកអ៊ីស្រាអែល”»។ |
|
| 16 |
|
| លោកយ៉ូស្វេក្រោកពីព្រលឹម ហើយបង្គាប់អោយជនជាតិអ៊ីស្រាអែលចូលមក តាមកុលសម្ព័ន្ធ ពេលនោះ ប៉ះចំលើកុលសម្ព័ន្ធយូដា។ |
|
| 17 |
|
| លោកយ៉ូស្វេបញ្ជាអោយអំបូរផ្សេងៗនៃកុលសម្ព័ន្ធយូដាចូលមក ហើយប៉ះចំលើអំបូរសេរ៉ាស។ លោកអោយអំបូរសេរ៉ាស ចូលមកតាមក្រុមគ្រួសារ ហើយប៉ះចំលើក្រុមគ្រួសារលោកសាបឌី។ |
|
| 18 |
|
| បន្ទាប់មក លោកអោយក្រុមគ្រួសារសាបឌីចូលមកម្នាក់ម្ដងៗ ហើយប៉ះចំលើលោកអេកានជាកូនរបស់លោកកើមី ជាចៅរបស់លោកសាបឌី និងជាចៅទួតរបស់លោកសេរ៉ាស ក្នុងកុលសម្ព័ន្ធយូដា។ |
|
| 19 |
|
| លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់លោកអេកានថា៖ «កូនអើយ ចូរលើកតម្កើងសិរីរុងរឿង ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល! ចូរលើកកិត្តិយសព្រះអង្គឡើង! តើអ្នកបានធ្វើអ្វីខ្លះ ចូរប្រាប់ខ្ញុំ កុំលាក់លៀមឡើយ»។ |
|
| 20 |
|
| លោកអេកានឆ្លើយទៅលោកយ៉ូស្វេវិញថា៖ «ខ្ញុំប្របាទបានប្រព្រឹត្តអំពើបាបទាស់នឹង ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ពិតប្រាកដមែន! គឺខ្ញុំប្របាទបានប្រព្រឹត្តដូចតទៅ: |
|
| 21 |
|
| ក្នុងជយភ័ណ្ឌខ្ញុំប្របាទបានឃើញអាវធំមួយយ៉ាងល្អប្រណីត ធ្វើនៅស្រុកស៊ីណើរ ហើយឃើញប្រាក់សុទ្ធទម្ងន់ប្រមាណហុកសិបតម្លឹង និងមាសមួយដុំទម្ងន់ប្រមាណដប់ប្រាំតម្លឹង។ ដោយខ្ញុំប្របាទចង់បានពេកខ្ញុំប្របាទក៏យករបស់ទាំងនោះ។ ឥឡូវនេះ ខ្ញុំប្របាទកប់ទុកនៅក្នុងតង់ត៍របស់ខ្ញុំប្របាទ ដោយដាក់ប្រាក់នៅក្រោមគេបង្អស់»។ |
|
| 22 |
|
| លោកយ៉ូស្វេចាត់គេអោយរត់ទៅតង់ត៍របស់លោកអេកាន ហើយឃើញវត្ថុកប់ទុកនៅទីនោះមែន គឺប្រាក់នៅពីក្រោមគេបង្អស់។ |
|
| 23 |
|
| ពួកគេយកវត្ថុទាំងនោះចេញពីក្នុងតង់ត៍មកប្រគល់ជូនលោកយ៉ូស្វេ និងជនជាតិអ៊ីស្រាអែលទាំងអស់ ហើយគេក៏ចាក់វត្ថុទាំងនោះនៅចំពោះព្រះភក្ត្រ ព្រះអម្ចាស់ ។ |
|
| 24 |
|
| លោកយ៉ូស្វេ និងជនជាតិអ៊ីស្រាអែលទាំងអស់នាំគ្នាចាប់លោកអេកាន ជាចៅទួតរបស់លោកសេរ៉ាស ហើយយកប្រាក់អាវធំ និងដុំមាស ព្រមទាំងកូនប្រុស កូនស្រី គោ លា ចៀម តង់ត៍ និងអ្វីៗទាំងអស់ដែលគាត់មាននាំឆ្ពោះទៅជ្រលងភ្នំអាគ័រ។ |
|
| 25 |
|
| លោកយ៉ូស្វេមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាអ្នកនាំទុក្ខទោសមកអោយពួកយើងដូច្នេះ? ថ្ងៃនេះ សូម ព្រះអម្ចាស់ ធ្វើអោយអ្នករងទុក្ខទោសវិញ»។ ជនជាតិអ៊ីស្រាអែលទាំងមូល នាំគ្នាសម្លាប់លោកអេកាន និងក្រុមគ្រួសារគាត់ ដោយគប់នឹងថ្ម ព្រមទាំងដុតអ្វីៗទាំងប៉ុន្មានដែលគាត់មានចោលដែរ។ |
|
| 26 |
|
| បន្ទាប់មក គេយកដុំថ្មមកគរជាគំនរយ៉ាងធំពីលើគាត់ (គំនរថ្មនេះនៅស្ថិតស្ថេររហូតដល់សព្វថ្ងៃ)។ ពេលនោះ ព្រះអម្ចាស់ ឈប់ព្រះពិរោធ។ ហេតុនេះហើយ បានជាគេហៅកន្លែងនោះថា «ជ្រលងភ្នំអាគ័រ» រហូតមកដល់សព្វថ្ងៃ។ |
|
|
|
|