|
| 1 |
|
| ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «កុំភ័យខ្លាចអ្វី កុំអស់សង្ឃឹមឡើយ។ ចូរអ្នកនាំទ័ពទាំងអស់ឡើងទៅជាមួយ ហើយវាយយកក្រុងអៃចុះ។ មើល៍! យើងប្រគល់ស្ដេចក្រុងអៃ ប្រជាជននៅក្នុងក្រុង និងស្រុករបស់គេមកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ។ |
|
| 2 |
|
| ត្រូវប្រព្រឹត្តចំពោះក្រុងអៃ និងស្ដេចរបស់គេដូចអ្នកបានប្រព្រឹត្តចំពោះក្រុងយេរីខូ និងស្ដេចរបស់គេដែរ។ ក៏ប៉ុន្តែ លើកនេះអ្នកអាចយករបស់ទ្រព្យ និងហ្វូងសត្វរបស់គេ ទុកជាជយភ័ណ្ឌបាន។ ចូររៀបចំទ័ព វាយឆ្មក់ទីក្រុងពីខាងក្រោយ»។ |
|
| 3 |
|
| លោកយ៉ូស្វេនាំកងទ័ពទាំងមូល ឆ្ពោះទៅក្រុងអៃជាប្រញាប់។ លោកជ្រើសរើសពលទាហានដ៏អង់អាចបីម៉ឺននាក់ ហើយចាត់គេអោយចេញទៅទាំងយប់។ |
|
| 4 |
|
| លោកបញ្ជាពួកគេថា៖ «ចូរនាំគ្នាទៅបង្កប់ខ្លួនពីក្រោយទីក្រុង តែកុំទៅឆ្ងាយពីទីក្រុងពេក។ ចូរត្រៀមខ្លួនទាំងអស់គ្នា! |
|
| 5 |
|
| រីឯខ្ញុំ និងអស់អ្នកដែលនៅជាមួយខ្ញុំ នឹងចូលទៅជិតទីក្រុង។ កាលណាពួកគេចេញមកវាយយើងដូចពីលើកមុន យើងនឹងរត់នៅមុខពួកគេ។ |
|
| 6 |
|
| ពួកគេមុខជាចេញមកដេញតាមយើងពីក្រោយ យើងទាក់ទាញពួកគេអោយចេញឆ្ងាយពីក្រុង។ ពួកគេនឹងគិតថា “ពួកវាបាក់ទ័ពរត់នៅមុខយើង ដូចពីលើកមុនដែរ”។ នៅពេលដែលយើងរត់នៅមុខពួកគេ |
|
| 7 |
|
| អ្នករាល់គ្នាត្រូវស្ទុះចេញពីកន្លែងបង្កប់ខ្លួន ចូលទៅដណ្ដើមយកទីក្រុងទៅ ដ្បិត ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាបានប្រគល់ក្រុងនោះមកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នាហើយ។ |
|
| 8 |
|
| កាលអ្នករាល់គ្នាយកទីក្រុងបានត្រូវដុតចោល ស្របតាមព្រះបន្ទូលដែល ព្រះអម្ចាស់ ប្រាប់អោយអ្នករាល់គ្នាធ្វើ។ ដូច្នេះ ត្រូវធ្វើតាមបញ្ជាដែលខ្ញុំប្រាប់អ្នករាល់គ្នា!»។ |
|
| 9 |
|
| លោកយ៉ូស្វេចាត់ពួកគេអោយចេញទៅ ពួកគេក៏ទៅបង្កប់ខ្លួននៅខាងលិច ទីក្រុងអៃ គឺនៅចន្លោះក្រុងបេតអែល និងក្រុងអៃ។ យប់នោះ លោកយ៉ូស្វេសម្រាន្ដជាមួយប្រជាជន។ |
|
| 10 |
|
| លោកយ៉ូស្វេក្រោកឡើងពីព្រលឹម ហើយត្រួតពល។ បន្ទាប់មក លោកដើរជាមួយពួកព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែល នាំមុខប្រជាជនឆ្ពោះទៅក្រុងអៃ។ |
|
| 11 |
|
| ទ័ពទាំងប៉ុន្មានដែលនៅជាមួយលោកនាំគ្នាដើរចូលទៅជិតទីក្រុង។ ពេលទៅដល់ទល់មុខនឹងទីក្រុង គេក៏បោះជំរំនៅទិសខាងជើង ហើយមានជ្រលងភ្នំនៅចន្លោះពួកគេនឹងក្រុងអៃ។ |
|
| 12 |
|
| លោកយ៉ូស្វេយកទ័ពប្រមាណប្រាំពាន់នាក់ទៅបង្កប់ខ្លួននៅខាងលិចទីក្រុង គឺនៅចន្លោះក្រុងបេតអែល និងក្រុងអៃ។ |
|
| 13 |
|
| កាលប្រជាជនបោះទីតាំងទ័ពទាំងមូល នៅខាងជើងទីក្រុង ហើយទ័ពឆ្មក់បង្កប់ខ្លួននៅខាងលិចទីក្រុង រួចហើយយប់នោះ លោកយ៉ូស្វេក៏ទៅស្នាក់នៅកណ្ដាលជ្រលងភ្នំ។ |
|
| 14 |
|
| ព្រលឹមឡើង កាលស្ដេចក្រុងអៃឃើញកងទ័ពរបស់លោកយ៉ូស្វេ ស្ដេចក៏ប្រញាប់ប្រញាល់ចេញពីទីក្រុងជាមួយពលទ័ពទាំងអស់ ដើម្បីច្បាំងជាមួយជនជាតិអ៊ីស្រាអែល នៅត្រង់កន្លែងពីមុន គឺនៅទល់មុខនឹងវាលអារ៉ាបា។ ពួកគេពុំបានដឹងថា មានទ័ពបង្កប់ខ្លួននៅខាងក្រោយទីក្រុង ចាំវាយឆ្មក់ពួកគេឡើយ។ |
|
| 15 |
|
| លោកយ៉ូស្វេ និងកងទ័ពអ៊ីស្រាអែលទាំងមូលធ្វើជាចាញ់ នៅមុខពួកគេ ហើយរត់តម្រង់ទៅវាលរហោស្ថាន។ |
|
| 16 |
|
| ពួកគេបញ្ជាអោយទាហានក្នុងក្រុងទាំងមូល ដេញតាមទ័ពអ៊ីស្រាអែល។ ពួកគេនាំគ្នាដេញតាមលោកយ៉ូស្វេ ជាហេតុធ្វើអោយពួកគេចាកចេញឆ្ងាយពីទីក្រុង។ |
|
| 17 |
|
| នៅក្នុងក្រុងអៃ និងក្រុងបេតអែល គ្មានសេសសល់ទាហានណាម្នាក់ទេ គឺពួកគេបានចេញទៅដេញតាមទ័ពអ៊ីស្រាអែល ដោយទុកទីក្រុងចោល ឥតមាននរណាការពារ។ |
|
| 18 |
|
| ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ចូរលើកលំពែងដែលអ្នកកាន់នោះតម្រង់ទៅក្រុងអៃ ដ្បិតយើងប្រគល់ក្រុងនេះមក ក្នុងកណ្ដាប់ដៃរបស់អ្នកហើយ»។ លោកយ៉ូស្វេលើកលំពែងដែលលោកកាន់ តម្រង់ទៅរកក្រុង។ |
|
| 19 |
|
| ពេលលោកលើកដៃឡើង ទ័ពឆ្មក់ដែលបង្កប់ខ្លួន ក៏ស្ទុះចេញពីកន្លែងពួនមកយ៉ាងប្រញាប់។ គេរត់ចូលទៅក្នុងទីក្រុង ហើយដណ្ដើមយកបាន រួចនាំគ្នាដុតទីក្រុងជាបន្ទាន់។ |
|
| 20 |
|
| កងទ័ពក្រុងអៃងាកមើលក្រោយ ឃើញផ្សែងហុយចេញពីទីក្រុងឡើងទៅលើមេឃ គេក៏ទាល់ច្រកមិនដឹងរត់ទៅទីណា។ កងទ័ពអ៊ីស្រាអែលដែលរត់ឆ្ពោះទៅវាលរហោស្ថានក៏បកក្រោយ វាយអស់អ្នកដែលដេញតាមពួកគេវិញ។ |
|
| 21 |
|
| លោកយ៉ូស្វេ និងកងទ័ពអ៊ីស្រាអែលទាំងមូលឃើញថា ទ័ពឆ្មក់ដណ្ដើមយកទីក្រុងបានហើយ និងឃើញមានផ្សែងហុយឡើងពីទីក្រុង ពួកគេក៏បែរក្រោយវាយប្រហារកងទ័ពក្រុងអៃ។ |
|
| 22 |
|
| ទ័ពឆ្មក់ក៏ចេញពីទីក្រុងមកវាយដែរ ដូច្នេះ ទ័ពរបស់ក្រុងអៃត្រូវទ័ពអ៊ីស្រាអែលវាយផ្ទប់ទាំងសងខាង រហូតទាល់តែស្លាប់បាត់បង់ជីវិតអស់ គ្មាននរណាម្នាក់រត់រួចឡើយ។ |
|
| 23 |
|
| រីឯស្ដេចក្រុងអៃវិញគេចាប់បានទាំងរស់ ហើយនាំមកជូនលោកយ៉ូស្វេ។ |
|
| 24 |
|
| ជនជាតិអ៊ីស្រាអែលបានសម្លាប់អ្នកក្រុងអៃទាំងប៉ុន្មាន នៅខាងក្រៅទីក្រុង និងនៅតាមវាលរហោស្ថាន ត្រង់កន្លែងដែលអ្នកក្រុងអៃដេញតាមពួកគេ។ ក្រោយពីបានសម្លាប់អ្នកទាំងនោះអស់គ្មានសល់ហើយ ជនជាតិអ៊ីស្រាអែលទាំងមូលវិលត្រឡប់មកក្រុងអៃវិញ រួចសម្លាប់អ្នកក្រុងទាំងអស់គ្នា។ |
|
| 25 |
|
| អ្នកក្រុងអៃទាំងប្រុស ទាំងស្រីដែលស្លាប់នៅថ្ងៃនោះ មានចំនួនទាំងអស់មួយម៉ឺនពីរពាន់នាក់។ |
|
| 26 |
|
| លោកយ៉ូស្វេឥតទម្លាក់ដៃទាល់តែសោះ គឺលោកលើកលំពែងឡើង រហូតទាល់តែជនជាតិអ៊ីស្រាអែលបំផ្លាញអ្នកក្រុងអៃអស់គ្មានសល់។ |
|
| 27 |
|
| ជនជាតិអ៊ីស្រាអែលបានប្រមូលយកហ្វូងសត្វ និងអ្វីៗដែលមាននៅក្នុងក្រុងនោះ ទុកជាជយភ័ណ្ឌ ស្របតាមព្រះបន្ទូលដែល ព្រះអម្ចាស់ បង្គាប់មកលោកយ៉ូស្វេ។ |
|
| 28 |
|
| លោកយ៉ូស្វេដុតបំផ្លាញក្រុងអៃអោយក្លាយទៅជាផេះ ហើយនៅស្ងាត់ជ្រងំរហូតដល់សព្វថ្ងៃ។ |
|
| 29 |
|
| រីឯស្ដេចក្រុងអៃវិញ លោកយ៉ូស្វេបានយកទៅព្យួរកនៅនឹងដើមឈើមួយ ទុករហូតទល់ល្ងាច។ លុះដល់ថ្ងៃលិច លោកបញ្ជាអោយគេយកសាកសពចុះពីដើមឈើ ទៅចោលនៅមាត់ទ្វារក្រុង។ គេយកដុំថ្មមកគរពីលើជាគំនរយ៉ាងធំ ដែលនៅស្ថិតស្ថេររហូតមកដល់សព្វថ្ងៃ។ |
|
| 30 |
|
| លោកយ៉ូស្វេសង់អាសនៈថ្វាយ ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល នៅលើភ្នំអេបាល |
|
| 31 |
|
| ស្របតាមសេចក្ដីដែលលោកម៉ូសេ ជាអ្នកបំរើរបស់ ព្រះអម្ចាស់ បានបង្គាប់ជនជាតិអ៊ីស្រាអែល គឺដូចមានចែងក្នុងគម្ពីរនៃវិន័យរបស់លោកម៉ូសេថា «អាសនៈត្រូវធ្វើពីថ្ម ដែលមិនទាន់មាននរណាយកដែកមកដាប់ពីលើ»។ ជនជាតិអ៊ីស្រាអែលយកសត្វមកធ្វើជាតង្វាយដុតទាំងមូល ថ្វាយ ព្រះអម្ចាស់ ព្រមទាំងថ្វាយយញ្ញបូជាមេត្រីភាពផង។ |
|
| 32 |
|
| លោកយ៉ូស្វេចម្លងក្រឹត្យវិន័យដែលលោកម៉ូសេបានចែងទុក ដោយចារលើថ្ម នៅមុខប្រជាជនអ៊ីស្រាអែល។ |
|
| 33 |
|
| ប្រជាជនអ៊ីស្រាអែលទាំងមូល ក្រុមព្រឹទ្ធាចារ្យ ពួកនាយក្រុម និងក្រុមអភិបាល ព្រមទាំងជនបរទេសដែលរស់នៅជាមួយពួកគេ នាំគ្នាឈរអមសងខាងហិបនៃសម្ពន្ធមេត្រី គឺនៅទល់មុខនឹងក្រុមបូជាចារ្យលេវី ជាអ្នកសែងហិបនៃសម្ពន្ធមេត្រីរបស់ ព្រះអម្ចាស់ ។ ប្រជាជនចំនួនពាក់កណ្ដាលឈរខាងភ្នំកេរីស៊ីម ពាក់កណ្ដាលទៀត ឈរខាងភ្នំអេបាល ស្របតាមសេចក្ដីដែលលោកម៉ូសេ ជាអ្នកបំរើរបស់ ព្រះអម្ចាស់ បានបង្គាប់មក ក្នុងពេលដែលត្រូវអោយពរជនជាតិអ៊ីស្រាអែល។ |
|
| 34 |
|
| បន្ទាប់មក លោកយ៉ូស្វេអានព្រះបន្ទូលទាំងប៉ុន្មាននៅក្នុងក្រឹត្យវិន័យ គឺមានទាំងព្រះពរ ទាំងបណ្ដាសា ដែលមានចែងទុកក្នុងគម្ពីរនៃវិន័យទាំងមូល។ |
|
| 35 |
|
| លោកយ៉ូស្វេអានគ្រប់សេចក្ដីទាំងអស់ដែលលោកម៉ូសេបានចែងទុក ឥតខ្វះត្រង់ណាឡើយ លោកអាននៅមុខអង្គប្រជុំនៃជនជាតិអ៊ីស្រាអែលទាំងមូល គឺរួមទាំងស្ត្រី ទាំងក្មេង និងជនបរទេសដែលស្នាក់នៅជាមួយពួកគេផង។ |
|
|
|
|