|
| 1 |
|
| កាលស្ដេចទាំងប៉ុន្មានដែលនៅត្រើយខាងលិចទន្លេយ័រដាន់ គឺនៅតំបន់ភ្នំ នៅតំបន់វាលទំនាប នៅតាមឆ្នេរសមុទ្រមេឌីទែរ៉ាណេ នៅតំបន់ភ្នំលីបង់ គឺស្ដេចរបស់ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិពេរីស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស ជ្រាបពីជោគជ័យរបស់ជនជាតិអ៊ីស្រាអែល |
|
| 2 |
|
| ពួកគេបានរួបរួមគ្នាជាបក្សសម្ព័ន្ធ ដើម្បីច្បាំងតទល់ជាមួយលោកយ៉ូស្វេ និងជនជាតិអ៊ីស្រាអែល។ |
|
| 3 |
|
| អ្នកស្រុកគីបៀន បានឮអំពីការទាំងប៉ុន្មានដែលលោកយ៉ូស្វេប្រព្រឹត្តចំពោះក្រុងយេរីខូ និងក្រុងអៃដែរ។ |
|
| 4 |
|
| ដូច្នេះ ពួកគេប្រើឧបាយកលបោកប្រាស់លោក គឺគេរៀបចំជាប្រតិភូទៅជួបលោកដោយយកទៃចាស់ៗ និងថង់ស្រាចាស់ៗពេញទៅដោយបំណះ មកចងនឹងលារបស់ខ្លួន។ |
|
| 5 |
|
| ពួកគេស្លៀកសម្លៀកបំពាក់ចាស់រយីករយាក និងពាក់ស្បែកជើងចាស់សឹកពេញទៅដោយថ្នេរ។ រីឯនំបុ័ងដែលគេយកទៅជាស្បៀងនោះសុទ្ធតែរឹង ហើយដុះផ្សិតអស់។ |
|
| 6 |
|
| ពួកគេនាំគ្នាទៅជួបលោកយ៉ូស្វេនៅជំរំគីលកាល់ រួចនិយាយទៅកាន់លោក និងជនជាតិអ៊ីស្រាអែលថា៖ «សូមចងសម្ពន្ធមេត្រីជាមួយយើងខ្ញុំឥឡូវនេះផង ដ្បិតយើងខ្ញុំមកពីស្រុកឆ្ងាយ»។ |
|
| 7 |
|
| ជនជាតិអ៊ីស្រាអែលតបទៅជនជាតិហេវីទាំងនេះថា៖ «អ្នករាល់គ្នាប្រហែលជារស់នៅក្នុងចំណោមពួកយើងទេមើលទៅ! តើអោយយើងចងសម្ពន្ធមេត្រីជាមួយអ្នករាល់គ្នា ដូចម្ដេចបាន?»។ |
|
| 8 |
|
| ប៉ុន្តែ ពួកគេជំរាបលោកយ៉ូស្វេថា៖ «យើងខ្ញុំសុទ្ធតែជាអ្នកបំរើរបស់លោក»។ លោកយ៉ូស្វេសួរពួកគេថា៖ «តើអ្នករាល់គ្នាជានរណា? អ្នករាល់គ្នាមកពីណា»?។ |
|
| 9 |
|
| ពួកគេឆ្លើយថា៖ «យើងខ្ញុំប្របាទមកពីស្រុកឆ្ងាយណាស់ ព្រោះតែព្រះនាមដ៏ល្បីនៃ ព្រះអម្ចាស់ ជាព្រះរបស់លោក គឺយើងខ្ញុំបានឮពីកិច្ចការទាំងប៉ុន្មាន ដែលព្រះអង្គបានធ្វើនៅស្រុកអេស៊ីប |
|
| 10 |
|
| និងកិច្ចការទាំងប៉ុន្មានដែលព្រះអង្គបានធ្វើចំពោះស្ដេចរបស់ជនជាតិអាម៉ូរីទាំងពីរអង្គ នៅត្រើយខាងនាយទន្លេយ័រដាន់ គឺព្រះបាទស៊ីហុន ជាស្ដេចក្រុងហេសបូន និងព្រះបាទអុក ជាស្ដេចស្រុកបាសាន ដែលគង់នៅក្រុងអាសថារ៉ូត។ |
|
| 11 |
|
| ពួកចាស់ទុំ និងប្រជាជនទាំងប៉ុន្មាននៅស្រុក យើងខ្ញុំបានប្រាប់យើងខ្ញុំ អោយយកស្បៀងអាហារចេញដំណើរមកជួបអស់លោក ហើយជំរាបថា: “យើងខ្ញុំសុទ្ធតែជាអ្នកបំរើរបស់អស់លោក សូមចងសម្ពន្ធមេត្រីជាមួយយើងខ្ញុំឥឡូវនេះផង!” |
|
| 12 |
|
| សូមមើលនំបុ័ងរបស់យើងខ្ញុំចុះ នៅថ្ងៃដែលយើងខ្ញុំចេញដំណើរមកជួបអស់លោក គឺពេលយើងខ្ញុំយកចេញមកពីផ្ទះមកតាមខ្លួន វានៅក្ដៅៗទេ តែឥឡូវនេះ វារឹងហើយដុះផ្សិតអស់។ |
|
| 13 |
|
| រីឯថង់ស្រាវិញក៏ដូច្នោះដែរ ពេលយើងខ្ញុំចាក់ស្រាបំពេញ វាថ្មីៗទេ តែឥឡូវនេះរហែកអស់។ សម្លៀកបំពាក់ និងស្បែកជើងរបស់យើងខ្ញុំក៏ចាស់ សឹកអស់ដែរ ព្រោះយើងខ្ញុំបានធ្វើដំណើរដ៏សែនឆ្ងាយ»។ |
|
| 14 |
|
| ជនជាតិអ៊ីស្រាអែលទទួលយកស្បៀងអាហារពីពួកគេ ដោយពុំបានទូលសួរយោបល់ពី ព្រះអម្ចាស់ ឡើយ។ |
|
| 15 |
|
| លោកយ៉ូស្វេក៏ចងសម្ពន្ធមេត្រីរក្សាសន្តិភាពជាមួយពួកគេ គឺសន្យាទុកជីវិតអោយពួកគេ។ ពួកមេដឹកនាំសហគមន៍អ៊ីស្រាអែល បានសច្ចាយ៉ាងឱឡារិកជាមួយពួកគេថា នឹងគោរពសម្ពន្ធមេត្រីនេះ។ |
|
| 16 |
|
| បីថ្ងៃក្រោយបានចងសម្ពន្ធមេត្រីជាមួយពួកគេ ទើបជនជាតិអ៊ីស្រាអែលដឹងថា អ្នកទាំងនោះជាអ្នកដែលរស់នៅជិតខាងខ្លួន។ |
|
| 17 |
|
| ជនជាតិអ៊ីស្រាអែលទៅតាមពួកគេ ហើយនៅថ្ងៃទីបី ក៏បានទៅដល់ក្រុងរបស់គេ។ ក្រុងទាំងនោះ គឺក្រុងគីបៀន ក្រុងកេភីរ៉ាក្រុងបៀរ៉ុត និងក្រុងគារយ៉ាត-យារីម។ |
|
| 18 |
|
| ជនជាតិអ៊ីស្រាអែលពុំបានប្រហារជីវិតពួកគេទេ ព្រោះអ្នកដឹកនាំសហគមន៍សច្ចាជាមួយពួកគេ ក្នុងព្រះនាម ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ជ្រុលហួសទៅហើយ ប៉ុន្តែ សហគមន៍អ៊ីស្រាអែលទាំងមូលនាំគ្នារអ៊ូរទាំរិះគន់ពួកអ្នកដឹកនាំរបស់ខ្លួន។ |
|
| 19 |
|
| អ្នកដឹកនាំទាំងអស់ បានប្រកាសប្រាប់សហគមន៍ទាំងមូលថា៖ «យើងបានសច្ចាជាមួយគេ ក្នុងព្រះនាម ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែលរួចហើយ ឥឡូវនេះ យើងមិនអាចប៉ះពាល់ពួកគេបានឡើយ។ |
|
| 20 |
|
| យើងត្រូវប្រព្រឹត្តចំពោះពួកគេដូចតទៅ គឺយើងទុកជីវិតអោយគេ។ បើមិនដូច្នោះទេ យើងនឹងបណ្ដាលអោយខ្លួនមានទោស ព្រោះតែពាក្យដែលយើងបានសច្ចាជាមួយពួកគេ»។ |
|
| 21 |
|
| អ្នកដឹកនាំប្រជាជនបានពោលទៀតថា៖ «ទុកជីវិតអោយពួកគេចុះ! តែពួកគេត្រូវកាប់អុស និងដងទឹកសំរាប់សហគមន៍ទាំងមូល»។ ប្រជាជនក៏ធ្វើតាមពាក្យរបស់ពួកមេដឹកនាំ។ |
|
| 22 |
|
| លោកយ៉ូស្វេបានហៅអ្នកស្រុកគីបៀនមក ហើយមានប្រសាសន៍ទៅគេថា៖ «ម្ដេចក៏អ្នករាល់គ្នាបោកប្រាស់យើង ដោយពោលថា អ្នករាល់គ្នាមកពីស្រុកឆ្ងាយដូច្នេះ? តាមពិត អ្នករាល់គ្នារស់នៅក្នុងចំណោមពួកយើងទេតើ! |
|
| 23 |
|
| ដោយអ្នករាល់គ្នាធ្វើដូច្នេះ អ្នករាល់គ្នាត្រូវបណ្ដាសាហើយ! ប្រជាជនរបស់អ្នករាល់គ្នានឹងនៅជាទាសកររហូត គឺអ្នករាល់គ្នាត្រូវតែពុះអុស និងដងទឹកសំរាប់ព្រះដំណាក់នៃព្រះរបស់ខ្ញុំ»។ |
|
| 24 |
|
| ពួកគេឆ្លើយតបមកលោកយ៉ូស្វេថា៖ «យើងខ្ញុំបានឮគេរៀបរាប់យ៉ាងលំអិតនូវហេតុការណ៍ទាំងប៉ុន្មានដែល ព្រះអម្ចាស់ ជាព្រះរបស់លោក បង្គាប់ដល់លោកម៉ូសេជាអ្នកបំរើរបស់ព្រះអង្គ អោយប្រគល់ស្រុកទាំងមូលដល់ពួកលោក និងអោយពួកលោកបំផ្លាញប្រជាជនទាំងអស់នៅក្នុងស្រុកនេះ។ យើងខ្ញុំខ្លាចពួកលោកយ៉ាងខ្លាំង ហើយក៏ភ័យបារម្ភចំពោះអាយុជីវិតរបស់យើងខ្ញុំដែរ នេះជាហេតុបណ្ដាលអោយយើងខ្ញុំប្រព្រឹត្តដូច្នេះ។ |
|
| 25 |
|
| ឥឡូវនេះ យើងខ្ញុំស្ថិតនៅក្នុងកណ្ដាប់ដៃរបស់លោកហើយ សូមប្រព្រឹត្តចំពោះយើងខ្ញុំ តាមដែលលោកយល់ឃើញថាល្អ និងត្រឹមត្រូវចុះ»។ |
|
| 26 |
|
| លោកយ៉ូស្វេប្រព្រឹត្តចំពោះពួកគេបែបនេះឯង គឺលោករំដោះពួកគេ អោយរួចពីកណ្ដាប់ដៃរបស់ជនជាតិអ៊ីស្រាអែល។ ជនជាតិអ៊ីស្រាអែលពុំបានសម្លាប់ពួកគេទេ។ |
|
| 27 |
|
| នៅថ្ងៃនោះ លោកយ៉ូស្វេបានប្រើពួកគេអោយពុះអុស ដង ទឹក សំរាប់សហគមន៍ និងសំរាប់អាសនៈរបស់ ព្រះអម្ចាស់ ។ រហូតមកទល់សព្វថ្ងៃ កូនចៅរបស់ពួកគេនៅតែបន្តបំពេញមុខងារនេះនៅកន្លែងដែលព្រះអង្គជ្រើសរើស។ |
|
|
|
|