|
| 1 |
|
| រីឯប្រពន្ធក៏ដូច្នោះដែរ ត្រូវចុះចូលចំពោះប្តីរបស់ខ្លួន ដើម្បីបើមានអ្នកខ្លះមិនស្តាប់បង្គាប់តាមព្រះបន្ទូល នោះប្រពន្ធអាចនឹងទាក់ទាញចិត្តប្តីរបស់ខ្លួន ដោយសារកិរិយាល្អ ក្រៅពីពាក្យសម្ដី |
|
| 2 |
|
| នៅពេលគេឃើញកិរិយាបរិសុទ្ធ ដែលប្រពន្ធប្រព្រឹត្តដោយគោរពកោតខ្លាច។ |
|
| 3 |
|
| កុំតុបតែងខ្លួនតែខាងក្រៅ ដូចជាក្រងសក់ ពាក់មាស ឬសម្លៀកបំពាក់ល្អប្រណិតនោះឡើយ |
|
| 4 |
|
| តែត្រូវតុបតែងខាងក្នុងជម្រៅចិត្ត ដោយគ្រឿងលម្អដែលមិនចេះពុករលួយនៃវិញ្ញាណសម្លូត និងរម្យទម ដែលមានតម្លៃវិសេសបំផុតនៅចំពោះព្រះវិញ។ |
|
| 5 |
|
| ដ្បិតពីដើម ពួកស្រ្តីបរិសុទ្ធដែលសង្ឃឹមដល់ព្រះ ក៏បានតុបតែងខ្លួនដូច្នោះដែរ ដោយចុះចូលចំពោះប្តីរបស់ខ្លួន |
|
| 6 |
|
| ដូចជាលោកស្រីសារ៉ា ដែលបានស្តាប់បង្គាប់លោកអ័ប្រាហាំ ហើយហៅលោកថា លោកម្ចាស់ផង។ អ្នករាល់គ្នាបានត្រឡប់ជាពូជពង្សរបស់លោក ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តល្អ ហើយមិនត្រូវភ័យខ្លាចអ្វីមួយដែលបំភ័យអ្នកឡើយ។ |
|
| 7 |
|
| រីឯប្ដីក៏ដូច្នោះដែរ ត្រូវរស់នៅជាមួយប្រពន្ធរបស់ខ្លួន ដោយយល់ថា ស្ត្រីជាភាជនៈដែលខ្សោយជាង ហើយត្រូវគោរពនាង ទុកដូចជាអ្នកគ្រងព្រះគុណនៃជីវិត ទុកជាមត៌ករួមគ្នា ដើម្បីកុំឲ្យមានអ្វីរាំងរាសេចក្តីអធិស្ឋានរបស់អ្នកឡើយ។ |
|
| 8 |
|
| ជាទីបញ្ចប់ ចូរឲ្យគ្រប់គ្នាមានគំនិតតែមួយ មានចិត្តអាណិតអាសូរ មានចិត្តស្រឡាញ់គ្នាជាបងប្អូន មានចិត្តទន់សន្តោស ហើយសុភាព។ |
|
| 9 |
|
| កុំធ្វើការអាក្រក់ស្នងនឹងការអាក្រក់ ឬពាក្យប្រមាថស្នងនឹងពាក្យប្រមាថឡើយ គឺត្រូវឲ្យពរវិញ ដោយដឹងថា ព្រះបានត្រាស់ហៅអ្នករាល់គ្នាឲ្យប្រព្រឹត្តដូច្នេះឯង ដើម្បីឲ្យអ្នករាល់គ្នាបានទទួលព្រះពរជាមត៌ក។ |
|
| 10 |
|
| ដ្បិត «អ្នកណាដែលស្រឡាញ់ជីវិត ហើយចង់ឃើញគ្រាល្អ អ្នកនោះត្រូវបញ្ចៀសអណ្តាតចេញពីសេចក្តីអាក្រក់ ហើយទប់បបូរមាត់ កុំនិយាយពាក្យបោកបញ្ឆោត។ |
|
| 11 |
|
| ត្រូវឲ្យអ្នកនោះបែរចេញពីការអាក្រក់ ហើយប្រព្រឹត្តការល្អវិញ។ ត្រូវឲ្យអ្នកនោះស្វែងរកសេចក្ដីសុខសាន្ដ ហើយដេញតាមចុះ។ |
|
| 12 |
|
| ដ្បិតព្រះនេត្ររបស់ព្រះអម្ចាស់ទតមកលើមនុស្សសុចរិត ហើយទ្រង់ផ្ទៀងព្រះកាណ៌ស្តាប់ពាក្យអធិស្ឋានរបស់គេ ប៉ុន្តែ ព្រះភក្ត្ររបស់ព្រះអម្ចាស់ទាស់ទទឹងនឹងអស់អ្នកដែលប្រព្រឹត្តអាក្រក់» ។ |
|
| 13 |
|
| ប្រសិនបើអ្នករាល់គ្នាសង្វាតនឹងប្រព្រឹត្តការល្អ តើមានអ្នកណានឹងធ្វើបាបអ្នករាល់គ្នា? |
|
| 14 |
|
| ប៉ុន្តែ បើអ្នករាល់គ្នាត្រូវរងទុក្ខ ដោយព្រោះសេចក្តីសុចរិតវិញ នោះអ្នករាល់គ្នាមានពរហើយ។ មិនត្រូវភ័យខ្លាចចំពោះការបំភ័យរបស់គេ ក៏កុំច្រួលច្របល់ឡើយ |
|
| 15 |
|
| តែត្រូវតាំងព្រះគ្រីស្ទជាបរិសុទ្ធ នៅក្នុងចិត្តអ្នករាល់គ្នា ទុកជាព្រះអម្ចាស់ចុះ។ ត្រូវប្រុងប្រៀបជានិច្ច ដើម្បីឆ្លើយតបនឹងអ្នកណាដែលសួរពីហេតុនៃសេចក្តីសង្ឃឹមរបស់អ្នករាល់គ្នា |
|
| 16 |
|
| ប៉ុន្តែ ត្រូវឆ្លើយដោយសុភាព និងគោរព ព្រមទាំងមានមនសិការជ្រះថ្លា ដើម្បីកាលណាគេមួលបង្កាច់អ្នករាល់គ្នា នោះអស់អ្នកដែលបង្ខូចកិរិយាល្អរបស់អ្នករាល់គ្នាក្នុងព្រះគ្រីស្ទ បែរជាត្រូវខ្មាសវិញ។ |
|
| 17 |
|
| ប្រសិនបើព្រះសព្វព្រះហឫទ័យឲ្យអ្នករាល់គ្នារងទុក្ខ នោះស៊ូរងទុក្ខដោយព្រោះប្រព្រឹត្តអំពើល្អ ជាជាងប្រព្រឹត្តអំពើអាក្រក់។ |
|
| 18 |
|
| ដ្បិតព្រះគ្រីស្ទក៏បានរងទុក្ខម្តងជាសូរេច ព្រោះតែបាបដែរ គឺព្រះដ៏សុចរិតរងទុក្ខជំនួសមនុស្សទុច្ចរិត ដើម្បីនាំយើងទៅរកព្រះ។ ព្រះអង្គត្រូវគេធ្វើគុតខាងសាច់ឈាម តែបានប្រោសឲ្យរស់ខាងវិញ្ញាណវិញ |
|
| 19 |
|
| ហើយខាងវិញ្ញាណនោះឯង ព្រះអង្គបានយាងទៅប្រកាសប្រាប់ពួកវិញ្ញាណដែលជាប់ឃុំ |
|
| 20 |
|
| ជាពួកអ្នកដែលពីដើមមិនព្រមស្តាប់បង្គាប់ គឺពេលដែលព្រះបានរង់ចាំដោយព្រះហឫទ័យអត់ធ្មត់ នៅជំនាន់លោកណូអេ ក្នុងកាលលោកកំពុងសង់ទូកធំ ហើយនៅក្នុងទូកនោះ មានមនុស្សមួយចំនួនតូច គឺប្រាំបីនាក់ប៉ុណ្ណោះដែលបានរួចជីវិតដោយសារទឹក។ |
|
| 21 |
|
| ទឹកនោះហើយជាគំរូពីពិធីជ្រមុជ ដែលសង្គ្រោះអ្នករាល់គ្នាសព្វថ្ងៃនេះ មិនមែនជាការសម្អាតក្អែលចេញពីរូបកាយនោះទេ គឺជាការថ្វាយជីវិតទាំងស្រុងទៅព្រះ ដោយមនសិការល្អ ដោយសារការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ |
|
| 22 |
|
| ដែលព្រះអង្គបានយាងចូលទៅស្ថានសួគ៌ ហើយគង់នៅខាងស្តាំព្រះហស្តនៃព្រះ ទាំងមានពួកទេវតា ពួកមានអំណាច និងពួកមានឥទ្ធិឫទ្ធិ ចុះចូលនឹងព្រះអង្គទាំងអស់។ |
|
|
|
|