|
| 1 |
|
| ពេលកូនចៀមបកត្រាទីប្រាំពីរ នោះមានសភាពស្ងាត់ស្ងៀមនៅស្ថានសួគ៌ ប្រហែលកន្លះម៉ោង |
|
| 2 |
|
| ហើយខ្ញុំក៏ឃើញទេវតាទាំងប្រាំពីររូបដែលឈរនៅមុខព្រះជាម្ចាស់ បានទទួលត្រែប្រាំពីរ។ |
|
| 3 |
|
| មានទេវតាមួយរូបទៀតកាន់ពានមាសមួយ បានមកឈរនៅមុខកន្លែងថ្វាយតង្វាយ ហើយបានទទួលគ្រឿងក្រអូបជាច្រើនដើម្បីថ្វាយជាមួយសេចក្ដីអធិស្ឋានរបស់ពួកបរិសុទ្ធទាំងអស់នៅលើកន្លែងថ្វាយតង្វាយធ្វើអំពីមាសដែលនៅពីមុខបល្ល័ង្ក។ |
|
| 4 |
|
| ផ្សែងនៃគ្រឿងក្រអូបនោះក៏ហុយចេញពីដៃរបស់ទេវតាឡើងទៅលើជាមួយសេចក្ដីអធិស្ឋានរបស់ពួកបរិសុទ្ធនៅចំពោះមុខព្រះជាម្ចាស់។ |
|
| 5 |
|
| ទេវតានោះបានយកពានមក ហើយយកភ្លើងពីកន្លែងថ្វាយតង្វាយមកដាក់ពេញពាននោះ រួចក៏បោះទៅលើផែនដី នោះកើតមានផ្គរលាន់ មានសំឡេង មានផ្លេកបន្ទោរ និងរញ្ជួយផែនដី។ |
|
| 6 |
|
| រួចទេវតាទាំងប្រាំពីរដែលមានត្រែប្រាំពីរនោះបានប្រុងប្រៀបផ្លុំត្រែ។ |
|
| 7 |
|
| ទេវតាទីមួយក៏ផ្លុំត្រែឡើង នោះកើតមានព្រឹល និងភ្លើងលាយជាមួយឈាមដែលបានបោះទៅលើផែនដី ហើយផែនដីឆេះអស់មួយភាគបី ដើមឈើឆេះអស់មួយភាគបី ហើយស្មៅខៀវខ្ចីទាំងឡាយក៏ឆេះអស់ដែរ។ |
|
| 8 |
|
| ទេវតាទីពីរក៏ផ្លុំត្រែឡើង នោះហាក់ដូចជាមានភ្នំមួយយ៉ាងធំកំពុងឆេះ ដែលបានបោះទៅក្នុងសមុទ្រ ហើយសមុទ្រមួយភាគបីក៏ត្រលប់ជាឈាម |
|
| 9 |
|
| រីឯសត្វដែលមានជីវិតរស់នៅក្នុងសមុទ្របានស្លាប់អស់មួយភាគបី ហើយនាវាទាំងឡាយក៏ត្រូវបានបំផ្លាញអស់មួយភាគបីដែរ។ |
|
| 10 |
|
| ទេវតាទីបីក៏ផ្លុំត្រែឡើង នោះមានផ្កាយមួយយ៉ាងធំឆេះដូចចន្លុះបានធ្លាក់ពីលើមេឃទៅក្នុងទន្លេទាំងឡាយអស់មួយភាគបី និងទៅក្នុងប្រភពទឹកទាំងឡាយដែរ |
|
| 11 |
|
| ផ្កាយនោះឈ្មោះស្លែង ហើយទឹកមួយភាគបីបានត្រលប់ទៅជាល្វីងដូចស្លែង។ មនុស្សជាច្រើនបានស្លាប់ដោយសារទឹកនោះ ពីព្រោះបានត្រលប់ជាល្វីងអស់ហើយ។ |
|
| 12 |
|
| ទេវតាទីបួនក៏ផ្លុំត្រែឡើង នោះដួងអាទិត្យមួយភាគបី លោកខែមួយភាគបី និងផ្កាយមួយភាគបីត្រូវបានបំផ្លាញ ដូច្នេះធ្វើឲ្យងងឹតមួយភាគបី ហើយនៅពេលថ្ងៃលែងមានពន្លឺមួយភាគបី រីឯនៅពេលយប់ក៏ដូច្នោះដែរ។ |
|
| 13 |
|
| នោះខ្ញុំបានឃើញមានសត្វឥន្រ្ទីមួយកំពុងហើរលើអាកាស ហើយឮវាស្រែកខ្លាំងៗថា៖ «វេទនាហើយ វេទនាហើយ វេទនាហើយ ដល់ពួកអ្នកដែលរស់នៅលើផែនដីដោយព្រោះសំឡេងត្រែរបស់ទេវតាបីរូបទៀតដែលបម្រុងនឹងផ្លុំ»។ |
|
|
|
|