|
| 1 |
|
| ជនជាតិអ៊ីស្រាអែលប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យ ព្រះអម្ចាស់ សាជាថ្មីទៀត។ ហេតុនេះ ព្រះអង្គប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិភីលីស្ទីន អស់រយៈពេលសែសិបឆ្នាំ។ |
|
| 2 |
|
| គ្រានោះ នៅក្រុងសូរ៉ាស់ មានបុរសម្នាក់ឈ្មោះម៉ាណូអា ក្នុងកុលសម្ព័ន្ធដាន់។ ភរិយារបស់គាត់ជាស្ត្រីអារ មិនអាចមានកូនឡើយ។ |
|
| 3 |
|
| ថ្ងៃមួយ ទេវតា*របស់ ព្រះអម្ចាស់ បានមកបង្ហាញខ្លួនអោយស្ត្រីនោះឃើញ ហើយពោលថា៖ «នាងជាស្ត្រីអារមិនអាចមានកូនទេ ក៏ប៉ុន្តែ នាងនឹងមានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសមួយ។ |
|
| 4 |
|
| ចាប់ពីពេលនេះទៅ ត្រូវប្រយ័ត្ន កុំពិសាស្រា ឬគ្រឿងស្រវឹងណាឡើយ ហើយក៏មិនត្រូវបរិភោគអ្វីដែលមិនបរិសុទ្ធ*ដែរ |
|
| 5 |
|
| ព្រោះនាងនឹងមានផ្ទៃពោះ រួចបង្កើតកូនប្រុសមួយ។ មិនត្រូវកោរ ឬកាត់សក់វាឡើយ ដ្បិតកូននោះនឹងត្រូវញែកថ្វាយព្រះជាម្ចាស់ តាំងពីក្នុងផ្ទៃម្ដាយមក ទុកជាអ្នកណាសារីត*មួយរូប។ កូននោះនឹងចាប់ផ្ដើមរំដោះជនជាតិអ៊ីស្រាអែល អោយរួចពីកណ្ដាប់ដៃរបស់ជនជាតិភីលីស្ទីន»។ |
|
| 6 |
|
| ស្ត្រីនោះក៏ចូលទៅក្នុងផ្ទះ ហើយរៀបរាប់ប្រាប់ប្ដីថា៖ «មានអ្នកបំរើមួយរូបរបស់ព្រះជាម្ចាស់បានមកជួបខ្ញុំ លោកមានភិនភាគដូចទេវតានៃព្រះជាម្ចាស់ ដែលគួរអោយស្ញែងខ្លាចក្រៃលែង។ ខ្ញុំមិនបានសួរលោកថា លោកមកពីណាទេ ហើយលោកក៏មិនបានប្រាប់ឈ្មោះអោយខ្ញុំស្គាល់ដែរ។ |
|
| 7 |
|
| លោកប្រាប់ខ្ញុំថា ខ្ញុំនឹងមានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសមួយ។ លោកហាមខ្ញុំមិនអោយផឹកស្រា ឬគ្រឿងស្រវឹងណាឡើយ ហើយក៏មិនអោយបរិភោគអ្វីដែលមិនបរិសុទ្ធដែរ ដ្បិតកូននោះនឹងត្រូវញែកថ្វាយព្រះជាម្ចាស់ តាំងពីក្នុងផ្ទៃម្ដាយ ទុកជាអ្នកណាសារីត*មួយរូប រហូតអស់មួយជីវិត»។ |
|
| 8 |
|
| លោកម៉ាណូអាក៏ទូលអង្វរ ព្រះអម្ចាស់ ថា៖ «ឱ ព្រះអម្ចាស់ អើយ! សូមទ្រង់មេត្តាប្រោសប្រទានអោយអ្នកបំរើរបស់ព្រះអង្គ ដែលព្រះអង្គបានចាត់មកនោះ វិលត្រឡប់មកវិញ ដើម្បីអោយលោកបង្រៀនយើងខ្ញុំអំពីរបៀបដែលត្រូវប្រព្រឹត្តចំពោះកូនដែលនឹងកើតមកនោះ»។ |
|
| 9 |
|
| ព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វររបស់លោកម៉ាណូអា ហើយទេវតារបស់ព្រះជាម្ចាស់ក៏មកជួបនឹងស្ត្រីនោះម្ដងទៀត ក្នុងពេលដែលគាត់កំពុងតែអង្គុយនៅក្នុងចំការ។ ពេលនោះ លោកម៉ាណូអា ប្ដីរបស់គាត់ មិនបាននៅជាមួយទេ។ |
|
| 10 |
|
| គាត់ក៏ប្រញាប់ប្រញាល់រត់ទៅជំរាបប្ដីថា៖ «នុ៎ះហ្ន៎! បុរសដែលបានមកជួបខ្ញុំ ពីថ្ងៃមុនអញ្ជើញមកទៀតហើយ!»។ |
|
| 11 |
|
| លោកម៉ាណូអាក្រោកឡើង ដើរតាមប្រពន្ធ តម្រង់ទៅរកបុរសហើយពោលថា៖ «តើលោកឬ ដែលបាននិយាយជាមួយប្រពន្ធខ្ញុំ?»។ ទេវតាក៏ឆ្លើយថា៖ «គឺខ្ញុំនេះហើយ»។ |
|
| 12 |
|
| លោកម៉ាណូអាក៏បន្តទៀតថា៖ «បើសិនជាបានសំរេចតាមពាក្យលោកមែន តើកូននោះត្រូវកាន់ច្បាប់ទម្លាប់អ្វីខ្លះ តើវាត្រូវរស់នៅរបៀបណា?»។ |
|
| 13 |
|
| ទេវតារបស់ ព្រះអម្ចាស់ តបមកលោកម៉ាណូអាវិញថា៖ «ប្រពន្ធរបស់អ្នកត្រូវតមអ្វីៗទាំងប៉ុន្មានដែលយើងបានប្រាប់ |
|
| 14 |
|
| នាងមិនត្រូវបរិភោគអ្វីដែលធ្វើពីផ្លែទំពាំងបាយជូរ មិនត្រូវផឹកស្រា ឬគ្រឿងស្រវឹងណាឡើយ ហើយក៏មិនត្រូវបរិភោគអ្វីៗដែលមិនបរិសុទ្ធដែរ។ នាងត្រូវតែប្រព្រឹត្តតាមពាក្យទាំងប៉ុន្មាន ដែលយើងបានប្រាប់»។ |
|
| 15 |
|
| លោកម៉ាណូអាពោលទៅកាន់ទេវតារបស់ ព្រះអម្ចាស់ ថា៖ «សូមលោកមេត្តារង់ចាំនៅទីនេះសិនហើយ យើងខ្ញុំទៅរៀបចំកូនពពែមួយជូនលោក»។ |
|
| 16 |
|
| ទេវតាឆ្លើយថា៖ «ទោះបីយើងនៅ ក៏យើងមិនបរិភោគអាហារដែលអ្នករៀបចំដែរ។ ប៉ុន្តែ បើអ្នកចង់ថ្វាយតង្វាយដុតទាំងមូល*ដល់ ព្រះអម្ចាស់ ចូរធ្វើចុះ!»។ លោកម៉ាណូអាពុំដឹងថាជាទេវតារបស់ ព្រះអម្ចាស់ ទេ |
|
| 17 |
|
| គាត់ក៏សួរថា៖ «តើលោកឈ្មោះអី សូមមេត្តាប្រាប់អោយយើងខ្ញុំស្គាល់ផង ដើម្បីអោយយើងខ្ញុំអាចដឹងគុណលោក នៅពេលហេតុការណ៍នោះកើតមាន តាមពាក្យរបស់លោក»។ |
|
| 18 |
|
| ទេវតាតបថា៖ «ហេតុអ្វីបានជាអ្នកចង់ស្គាល់ឈ្មោះយើងដូច្នេះ? ឈ្មោះនេះប្លែកអស្ចារ្យណាស់»។ |
|
| 19 |
|
| បន្ទាប់មក លោកម៉ាណូអាក៏យកកូនពពែ និងម្សៅដែលត្រូវថ្វាយជាមួយ មកដុតនៅលើថ្ម ថ្វាយជាតង្វាយដុតទាំងមូលដល់ ព្រះអម្ចាស់ ។ ពេលលោកម៉ាណូអា និងភរិយាកំពុងអង្គុយសម្លឹងមើល ស្រាប់តែមានហេតុការណ៍ដ៏អស្ចារ្យមួយ |
|
| 20 |
|
| គឺក្នុងពេលអណ្ដាតភ្លើងឆេះពីអាសនៈឡើងទៅលើមេឃ ទេវតារបស់ ព្រះអម្ចាស់ ក៏ឡើងទៅជាមួយអណ្ដាតភ្លើងនោះដែរ។ ឃើញដូច្នេះ លោកម៉ាណូអា និងភរិយាក៏ក្រាបចុះអោនមុខដល់ដី។ |
|
| 21 |
|
| កាលអ្នកទាំងពីរមើលទេវតារបស់ ព្រះអម្ចាស់ លែងឃើញទៀត ទើបលោកម៉ាណូអាដឹងថាជាទេវតារបស់ ព្រះអម្ចាស់ |
|
| 22 |
|
| ហើយគាត់ក៏ពោលទៅកាន់ភរិយាថា៖ «យើងប្រាកដជាស្លាប់ហើយ ព្រោះយើងបានឃើញព្រះជាម្ចាស់»។ |
|
| 23 |
|
| ភរិយារបស់គាត់ក៏ឆ្លើយថា៖ «ប្រសិនបើ ព្រះអម្ចាស់ ចង់អោយយើងស្លាប់មែននោះ ព្រះអង្គមិនទទួលតង្វាយដុតទាំងមូល និងតង្វាយម្សៅរបស់យើងទេ ហើយក៏មិនសំដែងការអស្ចារ្យទាំងនេះអោយយើងឃើញ ព្រមទាំងប្រាប់យើងពីអ្វីៗដែលយើងបានឮនេះដែរ»។ |
|
| 24 |
|
| ភរិយារបស់លោកម៉ាណូអាបង្កើតបានកូនប្រុសមួយ ដែលគាត់ដាក់ឈ្មោះថា សាំសុន។ កូននោះមានវ័យចំរើនធំឡើង ហើយ ព្រះអម្ចាស់ ប្រទានពរលោក។ |
|
| 25 |
|
| ព្រះវិញ្ញាណនៃ ព្រះអម្ចាស់ បានចាប់ផ្ដើមធ្វើសកម្មភាពក្នុងជីវិតលោក ពេលលោកស្ថិតនៅក្នុងជំរំដាន់ ត្រង់ចន្លោះសូរ៉ាស់ និងអែសថោល។ |
|
|
|
|