|
| 1 |
|
| ពួកកូនចៅអ៊ីស្រាអែលបានប្រព្រឹត្តអំពើអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ាម្តងទៀត ព្រះយេហូវ៉ាក៏ប្រគល់គេទៅក្នុងកណ្ដាប់ដៃរបស់ពួកភីលីស្ទីន អស់រយៈពេលសែសិបឆ្នាំ។ |
|
| 2 |
|
| គ្រានោះ មានបុរសម្នាក់នៅសូរ៉ាស់ ក្នុងកុលសម្ព័ន្ធដាន់ ឈ្មោះម៉ាណូអា។ ប្រពន្ធរបស់គាត់ជាស្ត្រីអារ គ្មានកូនសោះ។ |
|
| 3 |
|
| ទេវតានៃព្រះយេហូវ៉ាបានលេចមកឲ្យប្រពន្ធគាត់ឃើញ ហើយប្រាប់ថា៖ «មើល៍ នាងជាស្ត្រីអារ គ្មានកូនសោះ តែនាងនឹងមានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយ។ |
|
| 4 |
|
| ដូច្នេះ ចូរប្រយ័ត្ន កុំផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណាឡើយ ក៏កុំឲ្យបរិភោគអ្វីដែលមិនស្អាតដែរ |
|
| 5 |
|
| ដ្បិតមើល៍ នាងនឹងមានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយ។ មិនត្រូវយកកាំបិតកោរសក់វាឡើយ ព្រោះកូននោះនឹងធ្វើជាពួកណាសារីត ថ្វាយព្រះតាំងពីផ្ទៃម្តាយ ហើយកូននោះនឹងចាប់ផ្ដើមសង្គ្រោះសាសន៍អ៊ីស្រាអែល ឲ្យរួចពីកណ្ដាប់ដៃរបស់ពួកភីលីស្ទីន»។ |
|
| 6 |
|
| ដូច្នេះ ស្ត្រីនោះក៏ទៅប្រាប់ប្តីថា៖ «មានអ្នកសំណព្វរបស់ព្រះម្នាក់បានមកជួបខ្ញុំ លោកមានភិនភាគមើលទៅដូចជាទេវតារបស់ព្រះ គួរឲ្យស្ញែងខ្លាចណាស់ ខ្ញុំមិនបានសួរថាលោកមកពីណាទេ ហើយលោកក៏មិនបានប្រាប់ឈ្មោះខ្ញុំដែរ |
|
| 7 |
|
| តែលោកប្រាប់ខ្ញុំថា "មើល៍ នាងនឹងមានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយ។ ដូច្នេះ កុំផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណាឡើយ ក៏កុំបរិភោគអ្វីដែលមិនស្អាតដែរ ដ្បិតកូននោះនឹងធ្វើជាពួកណាសារីត ថ្វាយព្រះតាំងពីក្នុងផ្ទៃ រហូតដល់ថ្ងៃស្លាប់"»។ |
|
| 8 |
|
| ពេលនោះ ម៉ាណូអាក៏អធិស្ឋានដល់ព្រះយេហូវ៉ាថា៖ «ឱព្រះអម្ចាស់អើយ សូមឲ្យអ្នកសំណព្វរបស់ព្រះ ដែលព្រះអង្គបានចាត់ឲ្យមកនោះ បានមកជួបយើងខ្ញុំម្តងទៀត ដើម្បីបង្រៀនយើងខ្ញុំអំពីការដែលត្រូវប្រព្រឹត្តចំពោះកូនដែលនឹងកើតមកនោះ»។ |
|
| 9 |
|
| ព្រះក៏ស្តាប់តាមពាក្យរបស់ម៉ាណូអា ហើយទេវតារបស់ព្រះក៏មកជួបស្ត្រីនោះម្តងទៀត ក្នុងពេលដែលនាងកំពុងអង្គុយនៅចម្ការ តែម៉ាណូអាប្តីរបស់នាង មិនបាននៅជាមួយទេ។ |
|
| 10 |
|
| ដូច្នេះ ស្ដ្រីនោះក៏រត់យ៉ាងប្រញាប់ប្រញាល់ទៅប្រាប់ប្តីថា៖ «មើល៍ បុរសដែលបានមកជួបខ្ញុំពីថ្ងៃមុន បានលេចមកឲ្យខ្ញុំឃើញទៀតហើយ»។ |
|
| 11 |
|
| ដូច្នេះ ម៉ាណូអាក៏ក្រោកឡើង ដើរតាមប្រពន្ធទៅរកបុរសនោះ ហើយសួរថា៖ «តើលោកឬ ដែលបាននិយាយមកកាន់ប្រពន្ធខ្ញុំ?» ទេវតាក៏ឆ្លើយថា៖ «គឺខ្ញុំនេះហើយ»។ |
|
| 12 |
|
| ម៉ាណូអាសួរថា៖ «ដូច្នេះ នៅពេលពាក្យរបស់លោកបានសម្រេច តើកូននោះត្រូវរស់នៅបែបណា ហើយតើកូននោះត្រូវធ្វើអ្វី?»។ |
|
| 13 |
|
| ទេវតារបស់ព្រះយេហូវ៉ាឆ្លើយតបម៉ាណូអាថា៖ «នាងត្រូវប្រយ័ត្ននឹងប្រព្រឹត្តតាមសេចក្ដីទាំងប៉ុន្មានដែលយើងបានប្រាប់ |
|
| 14 |
|
| គឺមិនត្រូវឲ្យនាងបរិភោគអ្វីដែលធ្វើពីផ្លែទំពាំងបាយជូរ ក៏មិនត្រូវឲ្យនាងផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណា ឬបរិភោគអ្វីដែលមិនស្អាតឡើយ ត្រូវឲ្យនាងប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដីដែលយើងបានបង្គាប់»។ |
|
| 15 |
|
| ម៉ាណូអាពោលទៅកាន់ទេវតារបស់ព្រះយេហូវ៉ាថា៖ «សូមលោកមេត្តាកុំទាន់អញ្ជើញទៅ យើងខ្ញុំនឹងរៀបចំកូនពពែមួយជូនលោក»។ |
|
| 16 |
|
| ទេវតារបស់ព្រះយេហូវ៉ាប្រកែកថា៖ «ទោះបើអ្នកឃាត់យើង ក៏យើងមិនបរិភោគម្ហូបរបស់អ្នកដែរ។ ប៉ុន្ដែ បើអ្នកចង់ថ្វាយតង្វាយដុត នោះចូរថ្វាយដល់ព្រះយេហូវ៉ាចុះ!» (ដ្បិតម៉ាណូអាមិនដឹងថា លោកជាទេវតារបស់ព្រះយេហូវ៉ាទេ)។ |
|
| 17 |
|
| ម៉ាណូអាសួរទេវតារបស់ព្រះយេហូវ៉ាថា៖ «តើលោកឈ្មោះអី ដើម្បីកាលណាពាក្យរបស់លោកបានសម្រេច នោះយើងខ្ញុំបានលើកសរសើរនាមរបស់លោក?» |
|
| 18 |
|
| ប៉ុន្ដែ ទេវតារបស់ព្រះយេហូវ៉ាឆ្លើយតបថា៖ «ហេតុអ្វីបានជាអ្នកសួរឈ្មោះយើង? ឈ្មោះនេះប្លែកអស្ចារ្យណាស់»។ |
|
| 19 |
|
| ដូច្នេះ ម៉ាណូអាក៏យកកូនពពែ និងតង្វាយម្សៅមកថ្វាយព្រះយេហូវ៉ានៅលើថ្ម រួចទេវតានោះក៏ធ្វើការអស្ចារ្យ ឯម៉ាណូអា និងប្រពន្ធកំពុងតាមមើល។ |
|
| 20 |
|
| កាលអណ្ដាតភ្លើងបានឆេះពីអាសនាឡើងទៅលើមេឃ នោះទេវតារបស់ព្រះយេហូវ៉ាក៏ហោះឡើងទៅក្នុងអណ្ដាតភ្លើង ដែលឆេះនៅលើអាសនានោះទៅ។ ឯម៉ាណូអា និងប្រពន្ធដែលកំពុងតាមមើលនោះ ក៏នាំគ្នាក្រាបចុះ ឱនមុខដល់ដី។ |
|
| 21 |
|
| តាំងពីនោះមក ទេវតារបស់ព្រះយេហូវ៉ាមិនបានលេចមកឲ្យម៉ាណូអា ឬប្រពន្ធគាត់ឃើញទៀតឡើយ ដូច្នេះ ម៉ាណូអាក៏ដឹងថា ជាទេវតារបស់ព្រះយេហូវ៉ា។ |
|
| 22 |
|
| ម៉ាណូអាពោលទៅកាន់ប្រពន្ធថា៖ «យើងនឹងស្លាប់ជាប្រាកដ ព្រោះយើងបានឃើញព្រះ»។ |
|
| 23 |
|
| ប៉ុន្ដែ ប្រពន្ធគាត់ឆ្លើយថា៖ «ប្រសិនបើព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងសម្លាប់យើង នោះព្រះអង្គមិនបានទទួលតង្វាយដុត និងតង្វាយម្សៅពីដៃយើងទេ ក៏មិនបានឲ្យយើងឃើញការទាំងអស់នេះ ឬប្រាប់សេចក្ដីយ៉ាងនេះ ឲ្យយើងដឹងដូច្នេះដែរ»។ |
|
| 24 |
|
| ស្ត្រីនោះក៏បង្កើតបានកូនប្រុសមួយ ដាក់ឈ្មោះថា សាំសុន កូននោះក៏មានវ័យធំឡើង ហើយព្រះយេហូវ៉ាប្រទានពរគាត់។ |
|
| 25 |
|
| ព្រះវិញ្ញាណនៃព្រះយេហូវ៉ាក៏ចាប់ផ្ដើមបណ្ដាលគាត់ នៅត្រង់ម៉ាហានេ-ដាន់ នៅចន្លោះសូរ៉ាស់ និងអែសថោល។ |
|
|
: |
| ១ | | ២ | | ៣ | | ៤ | | ៥ | | ៦ | | ៧ | | ៨ | | ៩ | | ១០ | | ១១ | | ១២ | | ១៣ | | ១៤ | | ១៥ | | ១៦ | | ១៧ | | ១៨ | | ១៩ | | ២០ | | ២១ | | ២២ | | ២៣ | | ២៤ | | ២៥ | 1
1
1 |
|
|---|
|
https://beblia.bible:81/BibleAudio/khmer2016/judges/013.mp3
21
13