|
| 1 |
|
| បន្តិចក្រោយមក នៅពេលចម្រូតស្រូវសាលី សាំសុនក៏យកកូនពពែមួយទៅសួរសុខទុក្ខប្រពន្ធគាត់ ដោយគិតថា៖ «អញនឹងចូលទៅឯប្រពន្ធអញនៅក្នុងបន្ទប់»។ ប៉ុន្ដែ ឪពុកនាងមិនព្រមឲ្យចូលទៅទេ។ |
|
| 2 |
|
| ឪពុកនាងពោលថា៖ «ពុកគិតថា ឯងលែងរវីរវល់នឹងនាងទៅហើយ បានជាពុកឲ្យវាទៅបុរសម្នាក់ដែលកំដរឯងនោះវិញ។ តើប្អូនរបស់វាមិនស្រស់ស្អាតជាងវាទេឬ? សូមឯងយកប្អូនជំនួសវាចុះ»។ |
|
| 3 |
|
| សាំសុននិយាយទៅគេថា៖ «ម្តងនេះ បើខ្ញុំធ្វើបាបពួកភីលីស្ទីន នោះខ្ញុំគ្មានទោសឡើយ»។ |
|
| 4 |
|
| ដូច្នេះ សាំសុនចេញទៅចាប់ចចកបីរយ ហើយយកចន្លុះមកចងកន្ទុយជាប់គ្នាមួយគូៗ រួចដាក់ចន្លុះមួយៗនៅកណ្ដាលកន្ទុយទាំងពីរនោះ។ |
|
| 5 |
|
| ពេលគាត់អុចចន្លុះទាំងនេះស្រេចហើយ គាត់ក៏លែងចចកទៅក្នុងស្រូវរបស់ពួកភីលីស្ទីន បញ្ឆេះទាំងស្នឹមកណ្ដាប់ ទាំងស្រូវដែលមិនទាន់ច្រូត ព្រមទាំងចម្ការដើមអូលីវទៀតផង។ |
|
| 6 |
|
| ដូច្នេះ ពួកភីលីស្ទីនសួរថា៖ «តើអ្នកណាបានធ្វើដូច្នេះ?» គេឆ្លើយថា៖ «គឺសាំសុន កូនប្រសាអ្នកក្រុងធីមណា ព្រោះគេបានលើកប្រពន្ធរបស់គាត់ទៅឲ្យអ្នកកំដររបស់គាត់»។ ពួកភីលីស្ទីនក៏ឡើងទៅដុតនាង និងឪពុកនាងនឹងភ្លើង។ |
|
| 7 |
|
| សាំសុនពោលទៅគេថា៖ «បើអ្នករាល់គ្នាប្រព្រឹត្តបែបនេះ ខ្ញុំមិនអាចនៅស្ងៀមបានទេ ខ្ញុំនឹងសងសឹកអ្នករាល់គ្នាវិញ នោះទើបខ្ញុំអស់ចិត្ត»។ |
|
| 8 |
|
| គាត់ក៏វាយសម្លាប់គេដោយកម្លាំងកាយ ស្លាប់យ៉ាងសន្ធឹក រួចភៀសខ្លួនចុះទៅនៅក្នុងក្រហែងថ្មដា ឈ្មោះអេតាម។ |
|
| 9 |
|
| ពេលនោះ ពួកភីលីស្ទីនគេឡើងទៅបោះទ័ពក្នុងស្រុកយូដា ឡោមព័ទ្ធក្រុងលេហ៊ី។ |
|
| 10 |
|
| ពួកយូដាសួរថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាឡើងមកទាស់នឹងយើងដូច្នេះ?» គេឆ្លើយថា៖ «យើងមក ដើម្បីចាប់ចងសាំសុន ដើម្បីប្រព្រឹត្តចំពោះវា ដូចវាបានប្រព្រឹត្តចំពោះយើងដែរ»។ |
|
| 11 |
|
| ដូច្នេះ ពួកយូដាបីពាន់នាក់ក៏ចុះទៅក្រហែងថ្មអេតាម ហើយនិយាយទៅសាំសុនថា៖ «តើឯងមិនដឹងថា ពួកភីលីស្ទីនត្រួតត្រាលើយើងទេឬ? ហេតុអ្វីបានជាឯងបានធ្វើបាបយើងដូច្នេះ?» គាត់ឆ្លើយតបថា៖ «គេប្រព្រឹត្តចំពោះខ្ញុំយ៉ាងណា ខ្ញុំក៏ប្រព្រឹត្តចំពោះគេដូច្នោះដែរ»។ |
|
| 12 |
|
| គេប្រាប់គាត់ថា៖ «យើងចុះមកនេះដើម្បីចងឯង ហើយប្រគល់ឯងទៅក្នុងដៃរបស់ពួកភីលីស្ទីន»។ សាំសុនពោលទៅគេថា៖ «ចូរស្បថនឹងខ្ញុំមកថា អ្នករាល់គ្នានឹងមិនសម្លាប់ខ្ញុំដោយខ្លួនឯងទេ»។ |
|
| 13 |
|
| គេឆ្លើយទៅគាត់ថា៖ «ទេ! យើងគ្រាន់តែចងឯង ហើយប្រគល់ឯងទៅក្នុងដៃរបស់គេប៉ុណ្ណោះ យើងប្រាកដជាមិនសម្លាប់ឯងទេ»។ ដូច្នេះ គេក៏យកខ្សែថ្មីពីរមកចងគាត់ នាំឡើងចេញពីថ្មដានោះទៅ។ |
|
| 14 |
|
| កាលគាត់មកដល់ក្រុងលេហ៊ី ពួកភីលីស្ទីនក៏ចូលមករកគាត់ ទាំងនាំគ្នាស្រែកហ៊ោរ។ ពេលនោះ ព្រះវិញ្ញាណនៃព្រះយេហូវ៉ាក៏យាងមកសណ្ឋិតលើគាត់យ៉ាងខ្លាំង ហើយខ្សែដែលគេចងដៃគាត់ ក៏ត្រឡប់ដូចជាសរសៃខ្លូតទេសដែលខ្លោចដោយភ្លើង រួចរបេះជ្រុះពីដៃគាត់ចេញអស់។ |
|
| 15 |
|
| ពេលនោះ គាត់ឃើញឆ្អឹងថ្គាមស្រស់មួយរបស់សត្វលា គាត់ក៏លូកដៃទៅចាប់យកមក ហើយវាយសម្លាប់មនុស្សអស់មួយពាន់នាក់។ |
|
| 16 |
|
| សាំសុនពោលឡើងថា៖ «ដោយសារថ្គាមរបស់សត្វលា ខ្ញុំបានប្រមូលខ្មោចគេដាក់គរលើគ្នា ដោយសារថ្គាមរបស់សត្វលា ខ្ញុំសម្លាប់មនុស្សអស់មួយពាន់នាក់»។ |
|
| 17 |
|
| កាលពោលពាក្យនោះចប់ភ្លាម គាត់ក៏បោះឆ្អឹងថ្គាមនោះចេញពីដៃ ហើយគេហៅកន្លែងនោះថា «រ៉ាម៉ាត-លេហ៊ី» ។ |
|
| 18 |
|
| ពេលនោះ គាត់ស្រេកទឹកជាខ្លាំង ហើយគាត់ក៏អំពាវនាវដល់ព្រះយេហូវ៉ាថា៖ «ព្រះអង្គបានប្រទានឲ្យមានជ័យជម្នះយ៉ាងធំនេះ ដោយសារដៃរបស់អ្នកបម្រើព្រះអង្គហើយ ឥឡូវនេះ តើត្រូវឲ្យទូលបង្គំស្លាប់ដោយស្រេកទឹក ហើយធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកដែលមិនកាត់ស្បែកនេះឬ?» |
|
| 19 |
|
| ព្រះក៏ធ្វើឲ្យមានដីខូងនៅលេហ៊ីនោះ ហើយមានទឹកហូរចេញមក។ កាលគាត់ផឹកទឹកហើយ គាត់ក៏មានវិញ្ញាណឡើងវិញ ហើយក៏មានកម្លាំងឡើងដែរ។ ហេតុនេះបានជាគេដាក់ឈ្មោះទីនោះថា អេន-ហាកូរេ ហើយប្រភពទឹកនៅលេហ៊ី ស្ថិតនៅរហូតដល់សព្វថ្ងៃ។ |
|
| 20 |
|
| សាំសុនធ្វើជាអ្នកគ្រប់គ្រងលើសាសន៍អ៊ីស្រាអែល ក្នុងគ្រាពួកភីលីស្ទីនអស់រយៈពេលម្ភៃឆ្នាំ។ |
|
|
|
|