|
| 1 |
|
| ថ្ងៃមួយ សាំសុនធ្វើដំណើរទៅក្រុងកាសា នៅទីនោះ គាត់ឃើញស្រីពេស្យាម្នាក់ ហើយក៏ចូលទៅឯនាង។ |
|
| 2 |
|
| មានគេប្រាប់ពួកអ្នកក្រុងកាសាថា៖ «សាំសុនបានមកទីនេះ»។ គេក៏ព័ទ្ធជុំវិញទីកន្លែងនោះ ហើយលបចាំចាប់គាត់នៅទ្វារក្រុង រហូតទាល់ភ្លឺ។ គេនៅសម្ងំពេញមួយយប់ ដោយសន្យាគ្នាថា៖ «ចាំភ្លឺឡើង សឹមយើងសម្លាប់វា» |
|
| 3 |
|
| ប៉ុន្ដែ សាំសុនដេកត្រឹមពាក់កណ្ដាលអធ្រាត្រប៉ុណ្ណោះ ហើយនៅពាក់កណ្ដាលអាធ្រាត្រ គាត់ក៏ក្រោកឡើង ចាប់ទាញទ្វារក្រុង កន្ត្រាក់បង្គោលទាំងពីរ ព្រមទាំងរនុក លីទាំងអស់ទៅលើកំពូលភ្នំ ដែលនៅពីមុខក្រុងហេប្រុន។ |
|
| 4 |
|
| បន្ទាប់ពីនោះមក គាត់ស្រឡាញ់ស្ត្រីម្នាក់ ដែលរស់នៅច្រកភ្នំសូរេក នាងឈ្មោះដេលីឡា។ |
|
| 5 |
|
| ដូច្នេះ ពួកមេលើសាសន៍ភីលីស្ទីនក៏ឡើងទៅនិយាយនឹងនាងថា៖ «ចូរលួងលោមវា ដើម្បីឲ្យដឹងថា វាមានកម្លាំងខ្លាំងក្លាដល់ម៉្លេះមកពីណា ហើយធ្វើដូចម្តេចឲ្យយើងអាចឈ្នះវា ដើម្បីឲ្យយើងចាប់ចង បង្ក្រាបវាបាន នោះយើងនឹងឲ្យប្រាក់សុទ្ធដល់នាង ចំនួនមួយពាន់មួយរយស្លឹងក្នុងម្នាក់ៗ»។ |
|
| 6 |
|
| ដូច្នេះ ដេលីឡាក៏ល្បួងសាំសុនថា៖ «សូមបងប្រាប់ខ្ញុំមក តើបងមានកម្លាំងខ្លាំងដល់ម៉្លេះមកពីណា ធ្វើដូចម្ដេចឲ្យគេអាចបង្ក្រាបបងបាន?» |
|
| 7 |
|
| សាំសុនឆ្លើយទៅនាងថា៖ «បើគេយកវល្លិស្រស់ប្រាំពីរ ដែលមិនទាន់ហាលស្ងួតមកចងបង នោះបងនឹងទៅជាខ្សោយ ដូចមនុស្សឯទៀតដែរ»។ |
|
| 8 |
|
| ដូច្នេះ ពួកមេលើសាសន៍ភីលីស្ទីនក៏យកវល្លិស្រស់ប្រាំពីរ ដែលមិនទាន់ហាលស្ងួតមកឲ្យនាង ហើយនាងក៏យកវល្លិនោះទៅចងគាត់។ |
|
| 9 |
|
| នៅបន្ទប់ខាងក្នុង នាងបានឲ្យមនុស្សបង្កប់ខ្លួនចាំ។ ខណៈនោះ នាងស្រែកថា៖ «សាំសុនអើយ ពួកភីលីស្ទីនមកចាប់បងហើយ!»។ ប៉ុន្ដែ គាត់បណ្ដាច់វល្លិទាំងនោះចេញ ដូចជាសរសៃចចូត ដែលត្រូវដាច់ដោយប៉ះនឹងភ្លើង។ ដូច្នេះ គេមិនដឹងពីអាថ៌កំបាំងនៃកម្លាំងរបស់គាត់ទេ។ |
|
| 10 |
|
| ពេលនោះ ដេលីឡាពោលទៅកាន់សាំសុនថា៖ «មើល៍ បងបានបញ្ឆោតខ្ញុំ ហើយបាននិយាយកុហកខ្ញុំ។ សូមបងប្រាប់ខ្ញុំមក ធ្វើដូចម្ដេចដើម្បីចងបងជាប់បាន?» |
|
| 11 |
|
| គាត់តបទៅនាងថា៖ «បើគេយកពួរថ្មីដែលមិនទាន់ប្រើមកចងបង នោះបងនឹងទៅជាខ្សោយ ដូចមនុស្សឯទៀតដែរ»។ |
|
| 12 |
|
| ដូច្នេះ ដេលីឡាក៏យកពួរថ្មីទៅចងគាត់ រួចស្រែកថា៖ «សាំសុនអើយ ពួកភីលីស្ទីនមកចាប់បងហើយ» (ឯមនុស្សដែលបង្កប់ខ្លួន សម្ងំនៅបន្ទប់ខាងក្នុង)។ ប៉ុន្ដែ គាត់បណ្ដាច់ពួរនោះចេញពីដៃទៅ ដូចគេផ្ដាច់អំបោះមួយសរសៃ។ |
|
| 13 |
|
| ដេលីឡាពោលទៅសាំសុនថា៖ «រហូតមកឥឡូវនេះ បងនៅតែបញ្ឆោតខ្ញុំ ហើយនិយាយកុហកខ្ញុំដដែល។ ប្រាប់ខ្ញុំមក ធ្វើដូចម្ដេចដើម្បីចងបងជាប់បាន?» គាត់ឆ្លើយថា៖ «បើអូនក្រងសក់ក្បាលបងទាំងប្រាំពីរកម្រង ជាប់ជាមួយនឹងអំបោះអន្ទង ហើយចងភ្ជាប់នឹងត្រល់តម្បាញទៅ នោះបងនឹងទៅជាខ្សោយ ដូចមនុស្សឯទៀតដែរ»។ |
|
| 14 |
|
| ដូច្នេះ កាលសាំសុនកំពុងដេកលក់ ដេលីឡាក៏យកសក់ទាំងប្រាំពីរកម្រងរបស់គាត់ ក្រងជាប់ជាមួយនឹងអំបោះអន្ទង ហើយចងភ្ជាប់នឹងត្រល់តម្បាញ រួចស្រែកថា៖ «សាំសុនអើយ ពួកភីលីស្ទីនមកចាប់បងហើយ!» ប៉ុន្ដែ គាត់ភ្ញាក់ពីដេក ទាញកន្ត្រាក់ត្រល់តម្បាញ កីតម្បាញ និងអំបោះអន្ទងចេញអស់។ |
|
| 15 |
|
| ពេលនោះ នាងពោលទៅគាត់ថា៖ «ធ្វើដូចម្តេចឲ្យបងនិយាយថា "បងស្រឡាញ់អូន"ទៅកើត បើចិត្តបងមិននៅជាមួយខ្ញុំផងនោះ? បងបានបញ្ឆោតខ្ញុំគ្រប់បីដងហើយ បងមិនព្រមប្រាប់ខ្ញុំថាបងមានកម្លាំងខ្លាំងដល់ម៉្លេះមកពីណាសោះ»។ |
|
| 16 |
|
| កាលនាងចេះតែរំអុកគាត់ជាខ្លាំង ដោយពាក្យសម្ដីរបស់នាងពីមួយថ្ងៃទៅមួយថ្ងៃ ចិត្តរបស់គាត់ព្រួយសឹងតែនឹងស្លាប់។ |
|
| 17 |
|
| គាត់ក៏បញ្ចេញប្រាប់អស់ពីក្នុងចិត្តដល់នាងថា៖ «មិនដែលមានកាំបិតកោរសក់ក្បាលបងឡើយ ដ្បិតបងជាពួកណាសារីត ដល់ព្រះ តាំងតែពីផ្ទៃម្តាយមកម៉្លេះ ។ បើបងកោរសក់ចេញ នោះកម្លាំងរបស់បងនឹងថយចេញពីបងទៅ ហើយបងនឹងទៅជាខ្សោយ ដូចមនុស្សឯទៀត»។ |
|
| 18 |
|
| កាលដេលីឡាឃើញថា គាត់បានបញ្ចេញប្រាប់អស់អំពីក្នុងចិត្តដូច្នោះ នោះនាងក៏ចាត់គេឲ្យទៅហៅពួកមេលើសាសន៍ភីលីស្ទីនមក ដោយពាក្យថា៖ «សូមឡើងមកម្តងទៀត ដ្បិតគាត់បានប្រាប់ខ្ញុំអស់ពីក្នុងចិត្តរបស់គាត់ហើយ»។ ពេលនោះ ពួកមេលើសាសន៍ភីលីស្ទីនក៏ឡើងមកជួបនាង ទាំងយកប្រាក់មកជាមួយ។ |
|
| 19 |
|
| នាងបានធ្វើឲ្យគាត់ដេកលក់នៅលើភ្លៅ រួចនាងហៅបុរសម្នាក់ មកកោរសក់ទាំងប្រាំពីរកម្រងពីលើក្បាលរបស់គាត់ចេញ។ ពេលនោះ នាងចាប់ផ្ដើមធ្វើឲ្យគាត់ឈឺចាប់ ហើយកម្លាំងក៏ថយចេញពីគាត់ទៅ។ |
|
| 20 |
|
| នាងពោលឡើងថា៖ «សាំសុនអើយ ពួកភីលីស្ទីនមកចាប់បងហើយ!» គាត់ក៏ភ្ញាក់ពីដេក ហើយគិតថា៖ «អញនឹងចេញទៅទាំងរលាស់ខ្លួន ដូចសព្វមួយដង»។ ប៉ុន្តែ គាត់មិនដឹងថា ព្រះយេហូវ៉ាបានថយចេញពីគាត់ទេ។ |
|
| 21 |
|
| ពួកភីលីស្ទីនក៏ចូលមកចាប់គាត់ ហើយខ្វេះភ្នែកគាត់ រួចនាំចុះទៅក្រុងកាសា ដោយយកច្រវាក់លង្ហិនមកចងគាត់ ឲ្យគាត់បង្វិលត្បាល់កិននៅក្នុងគុក។ |
|
| 22 |
|
| ប៉ុន្តែ ក្រោយពីគេបានកោររួចមក សក់របស់គាត់ក៏ចាប់ផ្ដើមដុះឡើងវិញ។ |
|
| 23 |
|
| គ្រានោះ ពួកមេសាសន៍ភីលីស្ទីនបានប្រមូលគ្នា ដើម្បីថ្វាយយញ្ញបូជាយ៉ាងឱឡារិកដល់ដាកុន ជាព្រះរបស់គេ ហើយនាំគ្នាអរសប្បាយ គេពោលថា៖ «ព្រះរបស់យើងបានប្រគល់សាំសុនជាខ្មាំងសត្រូវរបស់យើង មកក្នុងកណ្ដាប់ដៃយើងហើយ!» |
|
| 24 |
|
| កាលប្រជាជននោះឃើញគាត់ គេក៏សរសើរដល់ព្រះរបស់គេ ដ្បិតគេពោលថា៖ «ព្រះរបស់យើងបានប្រគល់ខ្មាំងសត្រូវរបស់យើង មកក្នុងកណ្ដាប់ដៃយើងហើយ គឺជាអ្នកដែលបានបំផ្លាញស្រុកយើង ហើយសម្លាប់ពួកយើងអស់ជាច្រើនផង»។ |
|
| 25 |
|
| កាលចិត្តរបស់គេបានអរសប្បាយឡើងហើយ គេក៏និយាយថា៖ «ចូរនាំសាំសុនមកឡកត្លុកឲ្យយើងមើល»។ គេក៏ហៅសាំសុនចេញពីក្នុងគុក ហើយគាត់ក៏ឡកត្លុកឲ្យពួកគេមើល។ ពួកគេដាក់គាត់ឲ្យនៅចន្លោះសសរ។ |
|
| 26 |
|
| សាំសុនពោលទៅក្មេងដែលដឹកដៃគាត់ថា៖ «សូមឲ្យពាល់សសរដែលទ្រវិហារ ដើម្បីឲ្យខ្ញុំបានផ្អែកលើសសរនោះផង»។ |
|
| 27 |
|
| ពេលនោះ មានមនុស្សទាំងប្រុសទាំងស្រីនៅពេញក្នុងវិហារ។ ពួកមេសាសន៍ភីលីស្ទីនទាំងអស់ក៏នៅទីនោះដែរ ហើយនៅលើដំបូល មានមនុស្សទាំងប្រុសទាំងស្រីប្រមាណបីពាន់ ឈរមើលពីលើដំបូល ក្នុងពេលសាំសុនកំពុងឡកត្លុក។ |
|
| 28 |
|
| ពេលនោះ សាំសុនអំពាវនាវរកព្រះយេហូវ៉ា ទូលថា៖ «ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយ សូមនឹកចាំពីទូលបង្គំ ឱព្រះអើយ សូមចម្រើនកម្លាំងទូលបង្គំតែម្តងនេះចុះ ដើម្បីឲ្យទូលបង្គំបានសងសឹកពួកភីលីស្ទីន ដោយព្រោះភ្នែកទាំងពីររបស់ទូលបង្គំ»។ |
|
| 29 |
|
| សាំសុនក៏ចាប់សសរកណ្ដាលទាំងពីរដែលទ្រវិហារ ហើយសង្កត់ទម្ងន់របស់គាត់ទៅលើសសរទាំងពីរ ម្ខាងដៃស្តាំ ហើយម្ខាងទៀតដៃឆ្វេង។ |
|
| 30 |
|
| ពេលនោះ សាំសុនស្រែកថា៖ «សូមឲ្យខ្ញុំស្លាប់ជាមួយពួកភីលីស្ទីនចុះ»។ គាត់ប្រឹងយោលខ្លួនពេញកម្លាំង ហើយវិហារនោះក៏រលំលើពួកមេ និងលើមនុស្សទាំងប៉ុន្មាន ដែលនៅក្នុងវិហារនោះ។ ដូច្នេះ ពួកអ្នកដែលគាត់ធ្វើឲ្យស្លាប់ក្នុងពេលដែលគាត់ស្លាប់នេះ មានចំនួនច្រើនជាងអស់អ្នកដែលគាត់បានសម្លាប់ កាលពីគាត់នៅមានជីវិតទៅទៀត។ |
|
| 31 |
|
| បន្ទាប់មក បងប្អូន និងក្រុមគ្រួសាររបស់គាត់ទាំងអស់ នាំគ្នាចុះទៅយកសពគាត់ឡើង មកបញ្ចុះក្នុងផ្នូររបស់ម៉ាណូអាជាឪពុក នៅចន្លោះសូហារ និងអែសថោល។ គាត់បានធ្វើជាអ្នកគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលអស់រយៈពេលម្ភៃឆ្នាំ។ |
|
|
|
|