|
| 1 |
|
| នៅតំបន់ភ្នំអេប្រាអ៊ីម មានបុរសម្នាក់ឈ្មោះមីកា។ |
|
| 2 |
|
| ថ្ងៃមួយ គាត់បានប្រកាសប្រាប់ម្ដាយគាត់ថា៖ «តើម៉ែមាននឹកចាំទេ នៅពេលដែលគេលួចប្រាក់ម៉ែចំនួនមួយពាន់មួយរយស្លឹងនោះ ម៉ែបានដាក់បណ្ដាសាចោរនៅចំពោះមុខខ្ញុំ។ មើលនែ៎ ប្រាក់ទាំងនេះនៅជាមួយខ្ញុំ គឺខ្ញុំដែលបានយកប្រាក់»។ ម្ដាយរបស់គាត់ក៏និយាយថា៖ «សូម ព្រះអម្ចាស់ ប្រទានពរដល់កូន»។ |
|
| 3 |
|
| លោកមីកាប្រគល់ប្រាក់មួយពាន់មួយរយស្លឹងជូនទៅម្ដាយវិញ ហើយម្ដាយក៏ពោលថា៖ «កូនអើយ ម្ដាយបានសំរេចចិត្តថ្វាយប្រាក់នេះដល់ ព្រះអម្ចាស់ ហើយ ដើម្បីអោយកូនយកវាទៅរំលាយធ្វើជារូបព្រះមួយ។ ចូរកូនយកប្រាក់នេះទៅវិញចុះ»។ |
|
| 4 |
|
| ប៉ុន្តែ លោកមីកាប្រគល់ប្រាក់ទៅម្ដាយសាជាថ្មីទៀត ហើយម្ដាយក៏យកប្រាក់ពីររយស្លឹងទៅអោយជាងស្មិតរំលាយធ្វើរូបព្រះមួយ និងរូបសំណាក រួចយកទៅដាក់នៅក្នុងផ្ទះរបស់លោកមីកា។ |
|
| 5 |
|
| ដូច្នេះ លោកមីកាមានកន្លែងមួយថ្វាយបង្គំព្រះ នៅក្នុងផ្ទះរបស់គាត់។ គាត់បានធ្វើរូបបដិមាមួយ និងរូបចម្លាក់ជាច្រើន សំរាប់គោរពបូជា រួចគាត់តែងតាំងកូនប្រុសម្នាក់របស់គាត់អោយធ្វើជាបូជាចារ្យ។ |
|
| 6 |
|
| នៅគ្រានោះ ក្នុងស្រុកអ៊ីស្រាអែលគ្មានស្ដេចសោយរាជ្យទេ ម្នាក់ៗធ្វើអ្វីៗតាមតែខ្លួនយល់ឃើញ។ |
|
| 7 |
|
| មានយុវបុរសលេវីម្នាក់ពីកុលសម្ព័ន្ធយូដា រស់នៅភូមិបេថ្លេហិម ក្នុងស្រុកយូដា។ |
|
| 8 |
|
| គាត់ចាកចេញពីភូមិបេថ្លេហិមទៅរកកន្លែងស្នាក់នៅផ្សេងទៀត។ ពេលធ្វើដំណើរនោះ គាត់បានទៅដល់ផ្ទះលោកមីកា ក្នុងតំបន់ភ្នំអេប្រាអ៊ីម។ |
|
| 9 |
|
| លោកមីកាសួរគាត់ថា៖ «តើអ្នកអញ្ជើញមកពីណា?»។ គាត់ឆ្លើយថា៖ «ខ្ញុំជាពួកលេវី មកពីភូមិបេថ្លេហិម ក្នុងស្រុកយូដា ហើយខ្ញុំកំពុងដើររកមើលកន្លែងសំរាប់ស្នាក់អាស្រ័យ»។ |
|
| 10 |
|
| លោកមីកានិយាយទៅគាត់ថា៖ «សូមអញ្ជើញមកនៅផ្ទះខ្ញុំ ហើយធ្វើជាបូជាចារ្យគ្រប់គ្រងលើគ្រួសារខ្ញុំទៅ ខ្ញុំនឹងជូនប្រាក់លោកចំនួនដប់ស្លឹង ក្នុងមួយឆ្នាំ ព្រមទាំងសម្លៀកបំពាក់ និងម្ហូបអាហារទៀតផង»។ |
|
| 11 |
|
| បុរសលេវីនោះក៏យល់ព្រមរស់នៅជាមួយលោកមីកា ហើយលោកមីកាចាត់ទុកគាត់ដូចកូនបង្កើតដែរ។ |
|
| 12 |
|
| លោកមីកាបានតែងតាំងបុរសនោះជាបូជាចារ្យ ហើយអោយរស់នៅក្នុងផ្ទះរបស់ខ្លួន។ |
|
| 13 |
|
| លោកមីកាពោលថា៖ «ឥឡូវនេះ ខ្ញុំដឹងជាក់ច្បាស់ថា ព្រះអម្ចាស់ នឹងប្រទានពរខ្ញុំជាមិនខាន ព្រោះខ្ញុំមានបុរសលេវីម្នាក់ជាបូជាចារ្យ»។ |
|
|
|
|