|
| 1 |
|
| នៅគ្រានោះ គ្មានស្តេចនៅស្រុកអ៊ីស្រាអែលទេ ហើយនៅគ្រាដដែលនោះ កុលសម្ព័ន្ធដាន់ស្វែងរកទឹកដីមួយជាមត៌កដើម្បីរស់នៅ ដ្បិតរហូតមកទល់ពេលនោះ ក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រាអែល កុលសម្ព័ន្ធនេះមិនទាន់បានទទួលមត៌ករបស់ខ្លួននៅឡើយទេ។ |
|
| 2 |
|
| ដូច្នេះ ពួកកូនចៅដាន់ក៏រើសមនុស្សប្រាំនាក់ ដែលសុទ្ធតែជាមនុស្សខ្លាំងពូកែ ពីក្រុងសូរ៉ាស់ និងក្រុងអែសថោល ចាត់ឲ្យទៅសង្កេតមើលទឹកដី។ គេបង្គាប់អ្នកទាំងនោះថា៖ «ចូរទៅពិនិត្យមើលស្រុកនោះទៅ»។ គេក៏ចូលមកក្នុងស្រុកភ្នំអេប្រាអិមមកដល់ផ្ទះមីកា ហើយដេកនៅទីនោះអស់មួយយប់។ |
|
| 3 |
|
| កាលគេនៅជិតផ្ទះមីកា គេបានឮ ហើយស្គាល់សំឡេងរបស់យុវជនលេវី រួចក៏ចូលទៅសួរគាត់ថា៖ «តើអ្នកណានាំអ្នកមកទីនេះ? តើអ្នកកំពុងធ្វើអ្វីនៅទីនេះ? តើអ្នកមានការងារអ្វីនៅទីនេះ?»។ |
|
| 4 |
|
| គាត់ឆ្លើយថា៖ «មីកាបានប្រព្រឹត្តនឹងខ្ញុំយ៉ាងដូច្នេះ គឺគាត់បានជួលខ្ញុំ ហើយឲ្យខ្ញុំធ្វើជាសង្ឃរបស់គាត់»។ |
|
| 5 |
|
| គេនិយាយទៅគាត់ថា៖ «បើដូច្នេះសូមទូលសួរព្រះមើល ដើម្បីឲ្យយើងដឹងថា ដំណើរដែលយើងទៅនេះនឹងបានកើតការឬទេ»។ |
|
| 6 |
|
| សង្ឃនោះឆ្លើយទៅគេថា៖ «សូមអញ្ជើញទៅដោយសុខសាន្តចុះ ព្រះយេហូវ៉ាជ្រាបផ្លូវដែលអ្នករាល់គ្នាទៅនោះហើយ»។ |
|
| 7 |
|
| ពេលនោះ អ្នកទាំងប្រាំក៏នាំគ្នាចេញទៅ ហើយបានមកដល់ក្រុងឡាអ៊ីស។ គេឃើញមនុស្សដែលរស់នៅទីនោះដោយសុខសាន្ត តាមរបៀបសាសន៍ស៊ីដូន គឺស្ងប់ស្ងៀម ឥតបារម្ភអ្វីឡើយ។ គេមានទ្រព្យសម្បត្តិបរិបូរ ឥតខ្វះអ្វីនៅលើផែនដីឡើយ ប៉ុន្ដែ គេរស់នៅឆ្ងាយពីសាសន៍ស៊ីដូន ហើយគ្មានទំនាក់ទំនងជាមួយអ្នកណាទេ។ |
|
| 8 |
|
| កាលអ្នកទាំងប្រាំត្រឡប់ទៅរកបងប្អូនគេ ដែលនៅសូរ៉ាស់ និងអែសថោលវិញ បងប្អូនគេក៏សួរថា៖ «តើដំណើររបស់អ្នកយ៉ាងណាដែរ?» |
|
| 9 |
|
| គេប្រាប់ថា៖ «ចូរក្រោកឡើង យើងលើកគ្នាទៅច្បាំងនឹងគេ ដ្បិតយើងបានឃើញទឹកដីនោះហើយ មើល៍ ទឹកដីនោះល្អណាស់។ តើអ្នករាល់គ្នានៅព្រងើយដូច្នេះធ្វើអី? កុំបង្អែបង្អង់ឡើយ ចូរចូលទៅចាប់យកទឹកដីនោះទៅ។ |
|
| 10 |
|
| ពេលណាអ្នករាល់គ្នាចូលទៅដល់ អ្នកនឹងឃើញមនុស្សមួយក្រុមដែលនៅដោយឥតបារម្ភអ្វីឡើយ។ ទឹកដីនោះធំទូលាយ ដ្បិតព្រះបានប្រគល់ស្រុកនោះ មកក្នុងកណ្ដាប់ដៃយើងហើយ គឺជាកន្លែងមួយដែលមិនខ្វះអ្វីនៅលើផែនដីនេះទេ»។ |
|
| 11 |
|
| ដូច្នេះ មនុស្សប្រាំមួយរយនាក់ពីកុលសម្ព័ន្ធដាន់ ដែលប្រដាប់ដោយគ្រឿងសឹក បានលើកគ្នាចេញពីសូរ៉ាស់ និងអែសថោល |
|
| 12 |
|
| ឡើងទៅបោះទ័ពនៅគារយ៉ាត់-យារីម ក្នុងស្រុកយូដា។ ហេតុនេះហើយបានជាគេដាក់ឈ្មោះទីនោះថា «ម៉ាហានេ-ដាន់ » រហូតដល់សព្វថ្ងៃ មើល៍ ទីនោះនៅខាងលិចគារយ៉ាត់-យារីម។ |
|
| 13 |
|
| ចេញពីទីនោះ គេចូលទៅក្នុងស្រុកភ្នំអេប្រាអិម ហើយមកដល់ផ្ទះមីកា។ |
|
| 14 |
|
| ពេលនោះ បុរសទាំងប្រាំដែលបានទៅសង្កេតមើលស្រុកឡាអ៊ីស និយាយទៅកាន់បងប្អូនរបស់ខ្លួនថា៖ «តើអ្នករាល់គ្នាដឹងថា នៅផ្ទះនេះមានអេផូឌ និងថេរ៉ាភីម ព្រមទាំងរូបឆ្លាក់ និងរូបសិតឬទេ? ដូច្នេះ ចូរពិចារណាមើលឲ្យដឹងថាត្រូវធ្វើយ៉ាងណា»។ |
|
| 15 |
|
| គេក៏បែរចូលទៅផ្ទះយុវជនលេវីនោះ គឺក្នុងផ្ទះរបស់មីកា ហើយក៏សាកសួរគាត់អំពីសុខទុក្ខ។ |
|
| 16 |
|
| ឯពួកកូនចៅដាន់ទាំងប្រាំមួយរយនាក់ដែលមានគ្រឿងសឹក ក៏ឈរចាំនៅមាត់ច្រកចូលទៅផ្ទះដែរ |
|
| 17 |
|
| បុរសទាំងប្រាំដែលបានទៅសង្កេតមើលស្រុក ក៏ឡើងចូលទៅក្នុងផ្ទះ យកទាំងរូបឆ្លាក់ និងអេផូឌ ព្រមទាំងថេរ៉ាភីម និងរូបសិតផង ក្នុងកាលដែលសង្ឃនោះឈរនៅមាត់ច្រកជាមួយមនុស្សប្រាំមួយរយនាក់ ដែលមានគ្រឿងសឹក។ |
|
| 18 |
|
| កាលអ្នកទាំងប្រាំចូលទៅក្នុងផ្ទះមីកា យករូបឆ្លាក់ និងអេផូឌ ព្រមទាំងថេរ៉ាភីម និងរូបសិតដូច្នេះ សង្ឃនោះក៏សួរទៅពួកគេថា៖ «តើអ្នករាល់គ្នាកំពុងធ្វើអ្វីហ្នឹង?» |
|
| 19 |
|
| គេប្រាប់គាត់ថា៖ «នៅឲ្យស្ងៀម ចូរយកដៃខ្ទប់មាត់ ហើយទៅជាមួយយើង រួចធ្វើជាឪពុក និងជាសង្ឃដល់យើងវិញ។ តើគួរឲ្យអ្នកធ្វើជាសង្ឃដល់គ្រួសាររបស់មនុស្សតែម្នាក់ ឬក៏ធ្វើជាសង្ឃដល់កុលសម្ព័ន្ធមួយ និងដល់ពូជពង្សមួយទាំងមូលនៃសាសន៍អ៊ីស្រាអែល?»។ |
|
| 20 |
|
| សង្ឃនោះក៏មានចិត្តត្រេកអរឡើង រួចយកអេផូឌ និងថេរ៉ាភីម ព្រមទាំងរូបឆ្លាក់ ហើយទៅជាមួយពួកគេ។ |
|
| 21 |
|
| ដូច្នេះ គេបែរចេញទៅ ដោយឲ្យកូនក្មេង ហ្វូងសត្វ និងរបស់របរទាំងប៉ុន្មានទៅមុន។ |
|
| 22 |
|
| កាលបានឃ្លាតឆ្ងាយពីផ្ទះមីកាហើយ អ្នកដែលនៅផ្ទះជិតខាងមីកា ក៏ហៅគ្នាដេញតាមពួកកូនចៅដាន់ឲ្យទាន់។ |
|
| 23 |
|
| គេស្រែកហៅពួកកូនចៅដាន់ ហើយពួកកូនចៅដាន់ក៏ងាកបែរមកសួរមីកាថា៖ «តើមានការអីបានជាប្រមូលគ្នាមកច្រើនដូច្នេះ?» |
|
| 24 |
|
| គាត់ឆ្លើយថា៖ «អ្នករាល់គ្នាបាននាំយកព្រះទាំងប៉ុន្មានដែលខ្ញុំបានធ្វើ ព្រមទាំងសង្ឃរបស់ខ្ញុំមក តើខ្ញុំមាននៅសល់អ្វីទៀត? ចុះដូចម្តេចបានជាអ្នករាល់គ្នាសួរខ្ញុំថា តើមានការអ្វីដូច្នេះ?» |
|
| 25 |
|
| ពួកកូនចៅដាន់តបទៅគាត់ថា៖ «កុំឲ្យមានឮសំឡេងរបស់អ្នកក្នុងចំណោមពួកយើងឡើយ ក្រែងលោមានអ្នកមួម៉ៅស្ទុះទៅសង្រ្គុបលើអ្នក រួចធ្វើឲ្យអ្នក និងក្រុមគ្រួសាររបស់អ្នកបាត់បង់ជីវិត»។ |
|
| 26 |
|
| បន្ទាប់មក ពួកកូនចៅដាន់ក៏បន្តដំណើរទៅមុខ។ កាលមីកាឃើញថា គេមានខ្លាំងពូកែជាងខ្លួន គាត់ក៏វិលត្រឡប់ទៅផ្ទះវិញ។ |
|
| 27 |
|
| ប៉ុន្ដែ ពួកកូនចៅដាន់បាននាំយករបស់ដែលមីកាបានធ្វើ និងសង្ឃរបស់គាត់ ទៅដល់ក្រុងឡាអ៊ីស ជួបមនុស្សមួយក្រុមដែលនៅស្ងប់ស្ងៀម ឥតព្រួយបារម្ភ រួចក៏ប្រហារគេដោយមុខដាវ ព្រមទាំងយកភ្លើងឆួលទីក្រុងចោល |
|
| 28 |
|
| ឥតមានអ្នកណាមកជួយគេឡើយ ព្រោះទីនោះស្ថិតនៅឆ្ងាយពីក្រុងស៊ីដូន ហើយគេគ្មានទំនាក់ទំនងនឹងអ្នកណាទេ។ ក្រុងនោះស្ថិតក្នុងវាលច្រកភ្នំ ដែលនៅជិតបេត-រេហុប។ បន្ទាប់មក ពួកកូនចៅដាន់បានសង់ទីក្រុងឡើងវិញ ហើយតាំងទីលំនៅនៅទីនោះ។ |
|
| 29 |
|
| គេដាក់ឈ្មោះក្រុងនោះថា «ដាន់» តាមឈ្មោះដាន់ ជាបុព្វបុរសរបស់គេ ដែលអ៊ីស្រាអែលបានបង្កើត តែក្រុងនោះពីដើមឈ្មោះ ឡាអ៊ីស។ |
|
| 30 |
|
| ពួកកូនចៅដាន់ក៏តាំងរូបឆ្លាក់នោះសម្រាប់ពួកគេ ឯយ៉ូណាថាន ជាកូនគើសំ គើសំជាកូនរបស់ម៉ូសេ ព្រមទាំងកូនចៅគាត់ធ្វើជាសង្ឃដល់កុលសម្ព័ន្ធដាន់តទៅ រហូតដល់ថ្ងៃដែលអ្នកស្រុកនោះត្រូវគេនិរទេស ។ |
|
| 31 |
|
| ដូច្នេះ គេតាំងរូបឆ្លាក់ដែលមីកាបានធ្វើ ទុកសម្រាប់ពួកគេ ក្នុងអំឡុងពេលដែលដំណាក់របស់ព្រះនៅស៊ីឡូរ។ |
|
|
|
|