|
| 1 |
|
| ព្រះអម្ចាស់ បានទុកប្រជាជាតិទាំងនោះអោយរស់នៅក្នុងស្រុក ដើម្បីល្បងលកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន ដែលមិនចូលរួមធ្វើសង្គ្រាមដណ្ដើមយកទឹកដីកាណាន។ |
|
| 2 |
|
| ព្រះអង្គគ្រាន់តែសព្វព្រះហឫទ័យអោយកូនចៅអ៊ីស្រាអែលជំនាន់ក្រោយ គឺពួកដែលមិនធ្លាប់ច្បាំងបានហាត់រៀនធ្វើសង្គ្រាម។ |
|
| 3 |
|
| ប្រជាជាតិទាំងនោះមានដូចតទៅ: ជនជាតិភីលីស្ទីនទាំងប្រាំនគរ ជនជាតិកាណានទាំងអស់ ជនជាតិស៊ីដូន និងជនជាតិហេវី ដែលរស់នៅតាមតំបន់ភ្នំលីបង់ ចាប់តាំងពីភ្នំបាល-ហ៊ើរម៉ូន រហូតដល់ហាម៉ាត់។ |
|
| 4 |
|
| ព្រះអម្ចាស់ ទុកសាសន៍ទាំងនោះ ដើម្បីល្បងលមើលអោយដឹងថា តើជនជាតិអ៊ីស្រាអែលគោរពតាមបទបញ្ជា ដែលព្រះអង្គប្រទានមកបុព្វបុរសរបស់គេ តាមរយៈលោកម៉ូសេឬយ៉ាងណា។ |
|
| 5 |
|
| ហេតុនេះហើយបានជាជនជាតិអ៊ីស្រាអែលរស់នៅក្នុងចំណោមជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស។ |
|
| 6 |
|
| គេយកកូនស្រីរបស់សាសន៍ទាំងនោះមកធ្វើជាប្រពន្ធ ហើយក៏លើកកូនស្រីរបស់ខ្លួនអោយរៀបការជាមួយកូនប្រុសរបស់សាសន៍ទាំងនោះ ព្រមទាំងនាំគ្នាគោរពថ្វាយបង្គំព្រះនៃសាសន៍ទាំងនោះថែមទៀតផង។ |
|
| 7 |
|
| ជនជាតិអ៊ីស្រាអែលបានប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យ ព្រះអម្ចាស់ ជាព្រះរបស់ពួកគេ។ ពួកគេបំភ្លេចព្រះអង្គ ហើយបែរទៅគោរពព្រះបាល និងព្រះអាសថារ៉ូតវិញ។ |
|
| 8 |
|
| ព្រះអម្ចាស់ ទ្រង់ព្រះពិរោធជាមួយពួកគេ ហើយប្រគល់គេទៅក្នុងកណ្ដាប់ដៃរបស់ព្រះបាទគូសាន-រីសាថែម ជាស្ដេចស្រុកអើរ៉ាម-ណាហារេម។ ជនជាតិអ៊ីស្រាអែលនៅជាចំណុះស្ដេចនោះអស់រយៈពេលប្រាំបីឆ្នាំ។ |
|
| 9 |
|
| ជនជាតិអ៊ីស្រាអែលស្រែកអង្វរ ព្រះអម្ចាស់ ព្រះអង្គក៏ធ្វើអោយមានអ្នកសង្គ្រោះមួយរូបងើបឡើងសង្គ្រោះជនជាតិអ៊ីស្រាអែល គឺលោកអូធ្នាល ជាកូនរបស់លោកកេណាស ដែលត្រូវជាប្អូនរបស់លោកកាលែប។ |
|
| 10 |
|
| ព្រះវិញ្ញាណនៃ ព្រះអម្ចាស់ សណ្ឋិតលើលោកអូធ្នាល លោកក៏ធ្វើជាមេដឹកនាំរបស់ប្រជាជនអ៊ីស្រាអែល។ លោកអូធ្នាលចេញទៅច្បាំង ហើយ ព្រះអម្ចាស់ ប្រទានអោយលោកមានជ័យជំនះ ដោយប្រគល់ព្រះបាទគូសាន-រីសាថែម ជាស្ដេចស្រុកអើរ៉ាម-ណាហារេម មកក្នុងកណ្ដាប់ដៃរបស់លោក។ |
|
| 11 |
|
| ស្រុកទេសបានសុខសាន្តត្រាណ អស់រយៈពេលសែសិបឆ្នាំ។ ក្រោយមក លោកអូធ្នាល ជាកូនរបស់លោកកេណាស ទទួលមរណភាពទៅ។ |
|
| 12 |
|
| ជនជាតិអ៊ីស្រាអែលប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យ ព្រះអម្ចាស់ សាជាថ្មី។ ហេតុនេះ ព្រះអម្ចាស់ បានពង្រឹងអំណាចរបស់ព្រះបាទអេក្លូន ជាស្ដេចស្រុកម៉ូអាប់ អោយប្រឆាំងនឹងជនជាតិអ៊ីស្រាអែល។ |
|
| 13 |
|
| ព្រះបាទអេក្លូនបានពួតដៃជាមួយជនជាតិអាំម៉ូន និងជនជាតិអាម៉ាឡេក ទៅច្បាំងនឹងអ៊ីស្រាអែល ហើយដណ្ដើមបានក្រុងដើមលម៉ើ។ |
|
| 14 |
|
| ជនជាតិអ៊ីស្រាអែលនៅចំណុះព្រះបាទអេក្លូន ជាស្ដេចស្រុកម៉ូអាប់ អស់រយៈពេលដប់ប្រាំបីឆ្នាំ។ |
|
| 15 |
|
| ជនជាតិអ៊ីស្រាអែលស្រែកអង្វរ ព្រះអម្ចាស់ ព្រះអង្គក៏ធ្វើអោយមានអ្នកសង្គ្រោះមួយរូបងើបឡើងសង្គ្រោះពួកគេ គឺលោកអេហ៊ូដ ជាកូនរបស់លោកកេរ៉ា ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន លោកអេហ៊ូដប្រើតែដៃឆ្វេងប៉ុណ្ណោះ។ នៅគ្រានោះ ជនជាតិអ៊ីស្រាអែលចាត់លោកអេហ៊ូដអោយនាំសួយសារអាករទៅថ្វាយព្រះបាទអេក្លូន ជាស្ដេចស្រុកម៉ូអាប់។ |
|
| 16 |
|
| លោកអេហ៊ូដធ្វើកាំបិតមុខពីរ ដែលមានប្រវែងប្រហែលមួយហត្ថ ហើយចងផ្អោបនឹងភ្លៅស្ដាំ លាក់ក្នុងសម្លៀកបំពាក់របស់លោក។ |
|
| 17 |
|
| លោកនាំសួយសារអាករទៅថ្វាយព្រះបាទអេក្លូន ជាស្ដេចស្រុកម៉ូអាប់។ ព្រះបាទអេក្លូនធាត់ណាស់។ |
|
| 18 |
|
| ក្រោយបានថ្វាយសួយសារអាកររួចហើយ លោកក៏វិលទៅវិញជាមួយអស់អ្នកដែលកាន់សួយសារអាករមក។ |
|
| 19 |
|
| លុះមកដល់ត្រង់រូបបដិមា ដែលនៅជិតគីលកាល់ លោកបកក្រោយ ហើយទូលស្ដេចថា៖ «បពិត្រព្រះករុណា ទូលបង្គំមានកិច្ចការសម្ងាត់មួយទូលថ្វាយព្រះអង្គ»។ ស្ដេចបញ្ជាទៅអ្នកបំរើអោយចេញទៅ អស់អ្នកដែលនៅជាមួយស្ដេចក៏នាំគ្នាចេញទៅ។ |
|
| 20 |
|
| ពេលនោះ ស្ដេចគង់នៅក្នុងបន្ទប់ត្រជាក់ខាងលើ ជាកន្លែងលំហែកាយសំរាប់ស្ដេចផ្ទាល់។ លោកអេហ៊ូដចូលទៅជិត ទូលថា៖ «ទូលបង្គំមានព្រះបន្ទូលពី ព្រះអម្ចាស់ សំរាប់ទូលថ្វាយព្រះករុណាផ្ទាល់!» ស្ដេចក៏ក្រោកពីកៅអី។ |
|
| 21 |
|
| រំពេចនោះ លោកអេហ៊ូដលូកដៃឆ្វេងដកកាំបិត ដែលចងផ្អោបនៅភ្លៅស្ដាំ រួចចាក់ត្រង់ពោះស្ដេច |
|
| 22 |
|
| មុតកប់រហូតដល់ដង ហើយខ្លាញ់ពោះក៏បិទភ្ជិតកាំបិតនោះ។ លោកអេហ៊ូដមិនបានដកកាំបិតចេញមកវិញទេ។ |
|
| 23 |
|
| បន្ទាប់មក លោកអេហ៊ូដបានបិទទ្វារបន្ទប់ និងចាក់សោយ៉ាងជិត រួចចេញមកក្រៅវិញ តាមច្រកខាងក្រោយ។ |
|
| 24 |
|
| កាលលោកអេហ៊ូដចេញផុតទៅ អ្នកបំរើមកដល់ ឃើញទ្វារបន្ទប់បិទជិត ពួកគេគិតគ្នាថា «ស្ដេចប្រហែលជាកំពុងតែដោះទុក្ខសត្វ នៅខាងក្នុងនោះហើយមើលទៅ!»។ |
|
| 25 |
|
| គេនាំគ្នារង់ចាំ រហូតទាល់តែចាប់ផ្ដើមបារម្ភ ព្រោះមិនឃើញស្ដេចបើកទ្វារបន្ទប់។ ដូច្នេះ គេក៏យកសោទៅចាក់បើកទ្វារ ហើយឃើញម្ចាស់របស់គេសុគតនៅលើឥដ្ឋ។ |
|
| 26 |
|
| ក្នុងរយៈពេលដែលគេរង់ចាំនោះ លោកអេហ៊ូដរត់ឆ្ងាយហួសរូបបដិមា ហើយទៅដល់តំបន់សៃរ៉ា។ |
|
| 27 |
|
| ពេលទៅដល់ លោកផ្លុំស្នែងក្នុងតំបន់ភ្នំអេប្រាអ៊ីម ជនជាតិអ៊ីស្រាអែលចុះពីភ្នំទៅជាមួយលោក លោកក៏នាំមុខគេ។ |
|
| 28 |
|
| លោកប្រកាសថា៖ «ចូរមកតាមខ្ញុំ ដ្បិត ព្រះអម្ចាស់ បានប្រគល់សាសន៍ម៉ូអាប់ ជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា មកក្នុងកណ្ដាប់ដៃអ្នករាល់គ្នាហើយ!»។ ពួកគេទៅជាមួយលោក ហើយវាយយកកន្លែងទឹករាក់ សំរាប់ឆ្លងទន្លេយ័រដាន់ ពីជនជាតិម៉ូអាប់ ពួកគេមិនអោយនរណាម្នាក់ឆ្លងតាមនោះឡើយ។ |
|
| 29 |
|
| នៅគ្រានោះ ពួកគេបានសម្លាប់ជនជាតិម៉ូអាប់ អស់ប្រហែលមួយម៉ឺននាក់ ដែលសុទ្ធតែជាអ្នកខ្លាំងពូកែ និងក្លាហានផង គឺឥតទុកអោយនរណាម្នាក់រួចជីវិតឡើយ។ |
|
| 30 |
|
| ចាប់តាំងពីពេលនោះមក ជនជាតិម៉ូអាប់ស្ថិតនៅក្រោមអំណាចត្រួតត្រារបស់ជនជាតិអ៊ីស្រាអែល ហើយស្រុកទេសក៏បានសុខសាន្តត្រាណ អស់រយៈពេលប៉ែតសិបឆ្នាំ។ |
|
| 31 |
|
| បន្ទាប់ពីលោកអេហ៊ូដ លោកសាំកើរ ជាកូនរបស់លោកអណាត ក៏បានសង្គ្រោះជនជាតិអ៊ីស្រាអែលដែរ គឺលោកបានសម្លាប់ជនជាតិភីលីស្ទីនអស់ប្រាំមួយរយនាក់ ដោយប្រើជន្លួញគោ។ |
|
|
|
|