|
| 1 |
|
| រីឯសាសន៍ទាំងប៉ុន្មានដែលព្រះយេហូវ៉ាបានបន្សល់ទុក ដើម្បីល្បងលពួកអ៊ីស្រាអែលដោយសារពួកគេ នោះគឺអស់អ្នកដែលមិនធ្លាប់ធ្វើចម្បាំងទាំងប៉ុន្មាននៅស្រុកកាណាន |
|
| 2 |
|
| គឺប្រយោជន៍តែនឹងឲ្យអស់ទាំងជំនាន់នៃពួកកូនចៅអ៊ីស្រាអែលបានដឹងប៉ុណ្ណោះ ដើម្បីបង្រៀនឲ្យគេចេះច្បាំង គឺអស់អ្នកដែលមិនធ្លាប់ស្គាល់ចម្បាំងពីមុនមក។ |
|
| 3 |
|
| ឯសាសន៍ទាំងនោះមានមេនៃសាសន៍ភីលីស្ទីនទាំងប្រាំ និងសាសន៍កាណានទាំងអស់ សាសន៍ស៊ីដូន និងសាសន៍ហេវី ជាសាសន៍នៅស្រុកភ្នំល្បាណូន ចាប់តាំងពីភ្នំបាល-ហ៊ើរម៉ូន ទៅដល់ទ្វារចូលស្រុកហាម៉ាត។ |
|
| 4 |
|
| សាសន៍ទាំងនោះគឺសម្រាប់ល្បងលពួកអ៊ីស្រាអែល ដើម្បីឲ្យដឹងថា តើពួកអ៊ីស្រាអែលគោរពតាមបទបញ្ជារបស់ព្រះយេហូវ៉ា ដែលព្រះអង្គបានបង្គាប់មកបុព្វបុរសរបស់គេ ដោយសារលោកម៉ូសេឬទេ។ |
|
| 5 |
|
| ដូច្នេះ ពួកកូនចៅអ៊ីស្រាអែលក៏នៅជាមួយសាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស។ |
|
| 6 |
|
| គេបានយកកូនស្រីរបស់សាសន៍ទាំងនោះមកធ្វើជាប្រពន្ធ ហើយបានលើកកូនស្រីរបស់ខ្លួន ឲ្យធ្វើជាប្រពន្ធកូនប្រុសរបស់គេ ព្រមទាំងគោរពប្រតិបត្តិតាមព្រះរបស់គេទៀតផង។ |
|
| 7 |
|
| ពួកកូនចៅអ៊ីស្រាអែលបានប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា។ គេភ្លេចព្រះយេហូវ៉ាជាព្រះរបស់គេ ហើយទៅជាគោរពប្រតិបត្ដិតាមព្រះបាល និងព្រះអាសថារ៉ូតវិញ។ |
|
| 8 |
|
| ដូច្នេះ សេចក្ដីក្រោធរបស់ព្រះយេហូវ៉ាក៏ឆួលឡើងទាស់នឹងសាសន៍អ៊ីស្រាអែល ហើយព្រះអង្គលក់គេទៅក្នុងកណ្ដាប់ដៃរបស់គូសាន-រីសាថែម ជាស្តេចស្រុកមេសូប៉ូតាមា។ ពួកកូនចៅអ៊ីស្រាអែលក៏នៅជាចំណុះស្តេចគូសាន-រីសាថែមនោះ អស់រយៈប្រាំបីឆ្នាំ។ |
|
| 9 |
|
| ប៉ុន្ដែ កាលពួកកូនចៅអ៊ីស្រាអែលបានស្រែកអំពាវនាវរកព្រះយេហូវ៉ា ព្រះអង្គក៏តាំងឲ្យមានអ្នកសង្គ្រោះម្នាក់ដល់ពួកកូនចៅអ៊ីស្រាអែល ដែលបានសង្គ្រោះពួកគេឲ្យរួច គឺអូធ្នាល ជាកូនកេណាស ដែលជាប្អូនរបស់លោកកាលែប។ |
|
| 10 |
|
| ព្រះវិញ្ញាណរបស់ព្រះយេហូវ៉ាសណ្ឋិតនៅលើលោក ហើយលោកបានធ្វើជាចៅហ្វាយលើពួកអ៊ីស្រាអែល។ លោកក៏ចេញទៅច្បាំង ហើយព្រះយេហូវ៉ាបានប្រគល់គូសាន-រីសាថែម ជាស្តេចស្រុកមេសូប៉ូតាមា មកក្នុងកណ្ដាប់ដៃរបស់លោក។ លោកមានកម្លាំងឈ្នះលើស្តេចគូសាន-រីសាថែម។ |
|
| 11 |
|
| ដូច្នេះ ស្រុកទេសក៏បានសុខសាន្តត្រាណអស់រយៈពេលសែសិបឆ្នាំ។ បន្ទាប់មក អូធ្នាលជាកូនកេណាសក៏ស្លាប់ទៅ។ |
|
| 12 |
|
| ក្រោយមក ពួកកូនចៅអ៊ីស្រាអែលបានប្រព្រឹត្តអំពើអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ាទៀត ហើយព្រះយេហូវ៉ាចម្រើនកម្លាំងព្រះបាទអេក្លុន ជាស្តេចស្រុកម៉ូអាប់ ឲ្យទាស់នឹងពួកអ៊ីស្រាអែល ព្រោះគេបានប្រព្រឹត្តអំពើអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា។ |
|
| 13 |
|
| ស្តេចបានប្រមូលពួកកូនចៅអាំម៉ូន និងពួកអាម៉ាឡេក រួចចូលទៅវាយពួកអ៊ីស្រាអែល ហើយដណ្ដើមបានទីក្រុងដើមលម៉ើ ។ |
|
| 14 |
|
| ពួកកូនចៅអ៊ីស្រាអែលនៅចំណុះព្រះបាទអេក្លុន ជាស្តេចសាសន៍ម៉ូអាប់ អស់រយៈពេលដប់ប្រាំបីឆ្នាំ។ |
|
| 15 |
|
| ប៉ុន្ដែ កាលពួកកូនចៅអ៊ីស្រាអែលបានស្រែកអំពាវនាវរកព្រះយេហូវ៉ា ព្រះអង្គក៏តាំងឲ្យមានម្នាក់ ជាអ្នកសង្គ្រោះដល់គេ គឺអេហ៊ុឌ ជាកូនកេរ៉ា ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ជាបុរសម្នាក់ដែលប្រើការតែដៃឆ្វេង។ ពួកកូនចៅអ៊ីស្រាអែលបានផ្ញើសួយអាករទៅថ្វាយព្រះបាទអេក្លុន ជាស្តេចសាសន៍ម៉ូអាប់ ដោយសារលោក។ |
|
| 16 |
|
| អេហ៊ុឌបានធ្វើកាំបិតមុខពីរ មានប្រវែងមួយហត្ថសម្រាប់ខ្លួន ហើយសៀតភ្ជាប់នឹងចង្កេះខាងស្តាំ ក្រោមសម្លៀកបំពាក់របស់លោក។ |
|
| 17 |
|
| លោកក៏ចូលទៅថ្វាយសួយអាករដល់ព្រះបាទអេក្លុន ជាស្តេចសាសន៍ម៉ូអាប់ (រីឯព្រះបាទអេក្លុនជាមនុស្សធាត់ខ្លាំងណាស់)។ |
|
| 18 |
|
| កាលអេហ៊ុឌបានថ្វាយសួយអាកររួចហើយ លោកក៏ជូនពួកអ្នកដែលកាន់សួយអាករត្រឡប់ទៅស្រុកវិញ។ |
|
| 19 |
|
| រីឯខ្លួនលោក លោកក៏ត្រឡប់ក្រោយនៅត្រង់រូបចម្លាក់ថ្មជិតគីលកាល ហើយចូលមកទូលស្តេចថា៖ «បពិត្រព្រះករុណា ទូលបង្គំមានកិច្ចការសម្ងាត់ទូលថ្វាយព្រះអង្គ»។ ស្ដេច ក៏បង្គាប់ថា៖ «ចូរស្ងៀមសិន» ឯអស់អ្នកដែលនៅបម្រើស្ដេច ក៏នាំគ្នាចេញទៅក្រៅអស់។ |
|
| 20 |
|
| ឯស្ដេចគង់នៅតែឯងក្នុងបន្ទប់ខាងលើ ជាកន្លែងសម្រាប់លំហើយអង្គ។ ពេលនោះ អេហ៊ុឌក៏ចូលទៅជិតស្ដេច ទូលថា៖ «ទូលបង្គំមានព្រះបន្ទូលពីព្រះ សម្រាប់ទូលថ្វាយព្រះករុណា»។ ស្តេចក៏ក្រោកពីកៅអី។ |
|
| 21 |
|
| ពេលនោះ អេហ៊ុឌក៏លូកដៃឆ្វេងទៅ ដកយកកាំបិតពីចង្កេះខាងស្តាំ ចាក់ត្រង់ពោះស្តេច |
|
| 22 |
|
| ឯដងកាំបិតក៏មុតកប់ចូលទៅតាមផ្លែ រួចខ្លាញ់បិទភ្ជិតកាំបិតនោះ ព្រោះលោកមិនបានដកកាំបិតចេញពីពោះស្តេចឡើយ។ |
|
| 23 |
|
| បន្ទាប់មក អេហ៊ុឌក៏ចេញមករានហាលខាងមុខ ហើយបិទទ្វារបន្ទប់ រួចចាក់សោយ៉ាងជិត។ |
|
| 24 |
|
| កាលលោកចេញទៅបាត់ ពួកអ្នកបម្រើមកដល់ ហើយឃើញទ្វារចាក់សោជិតដូច្នេះ គេគិតថា «ប្រាកដជាស្ដេចទ្រង់ដោះទុក្ខសត្វ នៅក្នុងបន្ទប់ហើយ»។ |
|
| 25 |
|
| គេនាំគ្នានៅរង់ចាំទាល់តែមានសេចក្ដីអៀនខ្មាស។ ប៉ុន្ដែ កាលស្ដេចមិនបានបើកទ្វារបន្ទប់នោះសោះ គេក៏យកកូនសោទៅចាក់បើកទ្វារ ហើយឃើញម្ចាស់របស់គេសុគតនៅលើឥដ្ឋ។ |
|
| 26 |
|
| អេហ៊ុឌបានភៀសខ្លួនចេញ ក្នុងពេលគេកំពុងតែបង្អែបង្អង់ ហើយឆ្លងហួសពីកន្លែងរូបចម្លាក់ថ្ម រួចចូលទៅសៃរ៉ា។ |
|
| 27 |
|
| ពេលទៅដល់ លោកផ្លុំត្រែឡើងក្នុងស្រុកភ្នំអេប្រាអិម។ ពេលនោះ ពួកកូនចៅអ៊ីស្រាអែលក៏ចុះពីស្រុកភ្នំទៅជាមួយលោក ហើយលោកជាអ្នកនាំមុខគេ។ |
|
| 28 |
|
| លោកមានប្រសាសន៍ទៅគេថា៖ «ចូរមកតាមខ្ញុំ ដ្បិតព្រះយេហូវ៉ាបានប្រគល់ពួកសាសន៍ម៉ូអាប់ ជាខ្មាំងសត្រូវ មកក្នុងកណ្ដាប់ដៃអ្នករាល់គ្នាហើយ»។ ដូច្នេះ គេក៏ចុះទៅតាមលោក ហើយវាយយកកន្លែងឆ្លងទន្លេយ័រដាន់ពីសាសន៍ម៉ូអាប់ ហើយមិនឲ្យអ្នកណាម្នាក់ឆ្លងសោះឡើយ។ |
|
| 29 |
|
| នៅគ្រានោះ គេប្រហារជីវិតសាសន៍ម៉ូអាប់អស់ប្រហែលមួយម៉ឺននាក់ ដែលសុទ្ធតែជាមនុស្សក្លាហាន ហើយស្ទាត់ជំនាញ គ្មានអ្នកណាម្នាក់គេចរួចឡើយ។ |
|
| 30 |
|
| ដូច្នេះ សាសន៍ម៉ូអាប់ត្រូវក្រាបចុះនៅក្រោមអំណាចរបស់ពួកអ៊ីស្រាអែលនៅថ្ងៃនោះឯង ហើយស្រុកទេសក៏បានសុខសាន្តត្រាណ អស់រយៈពេលប៉ែតសិបឆ្នាំ។ |
|
| 31 |
|
| បន្ទាប់ពីអេហ៊ុឌមក មានសាំកើរ ជាកូនអ័ណាត លោកបានសម្លាប់ពួកភីលីស្ទីនអស់ប្រាំមួយរយនាក់ ដោយប្រើជន្លួញគោ ហើយលោកក៏បានសង្គ្រោះពួកអ៊ីស្រាអែលដែរ។ |
|
|
|
|