|
| 1 |
|
| ក្រោយពីអេហ៊ុឌបានស្លាប់ទៅ ពួកកូនចៅអ៊ីស្រាអែលបានប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ាម្ដងទៀត។ |
|
| 2 |
|
| ដូច្នេះ ព្រះយេហូវ៉ាក៏លក់គេទៅក្នុងកណ្ដាប់ដៃរបស់ព្រះបាទយ៉ាប៊ីន ជាស្តេចស្រុកកាណាន ដែលសោយរាជ្យនៅក្រុងហាសោរ។ មេទ័ពរបស់ស្ដេចឈ្មោះស៊ីសេរ៉ា រស់នៅក្រុងហារ៉ូសែត-កូយីម។ |
|
| 3 |
|
| គ្រានោះ ពួកកូនចៅអ៊ីស្រាអែលបានស្រែកអំពាវនាវរកព្រះយេហូវ៉ា ព្រោះស្តេចនោះមានរទេះដែកប្រាំបួនរយគ្រឿង ហើយសង្កត់សង្កិនពួកកូនចៅអ៊ីស្រាអែលយ៉ាងខ្លាំង អស់រយៈពេលម្ភៃឆ្នាំ។ |
|
| 4 |
|
| នៅគ្រានោះ មានស្ត្រីម្នាក់ជាហោរា ឈ្មោះដេបូរ៉ា ជាប្រពន្ធរបស់ឡាពីដូត លោកស្រីបានដឹកនាំពួកអ៊ីស្រាអែល។ |
|
| 5 |
|
| លោកស្រីតែងអង្គុយនៅក្រោមដើមលម៉ើដេបូរ៉ា ដែលស្ថិតនៅចន្លោះរ៉ាម៉ា និងបេត-អែល ក្នុងស្រុកភ្នំអេប្រាអិម ហើយពួកកូនចៅអ៊ីស្រាអែលបានឡើងទៅជួបលោកស្រី ដើម្បីជំនុំជម្រះរឿងរ៉ាវរបស់គេ។ |
|
| 6 |
|
| លោកស្រីចាត់គេឲ្យទៅហៅបារ៉ាក ជាកូនរបស់អ័ប៊ីណោម ពីស្រុកកេដេស-ណែបថាលី ហើយមានប្រសាសន៍ទៅគាត់ថា៖ «ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ព្រះអង្គបានបង្គាប់លោកថា "ចូរទៅកេណ្ឌមនុស្សមួយម៉ឺននាក់ពីពួកកូនចៅណែបថាលី និងសាប់យូឡូន ហើយនាំគ្នាឡើងទៅលើភ្នំតាបោរទៅ។ |
|
| 7 |
|
| យើងនឹងទាញស៊ីសេរ៉ា ជាមេទ័ពរបស់ស្តេចយ៉ាប៊ីន ព្រមទាំងរទេះ និងពលទ័ពរបស់គេ មកជួបអ្នកនៅស្ទឹងគីសុន ហើយយើងនឹងប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់អ្នក"»។ |
|
| 8 |
|
| បារ៉ាកឆ្លើយតបថា៖ «បើលោកស្រីអញ្ជើញទៅជាមួយខ្ញុំ នោះខ្ញុំនឹងទៅ តែបើលោកស្រីមិនអញ្ជើញទៅជាមួយទេ នោះខ្ញុំមិនទៅឡើយ»។ |
|
| 9 |
|
| លោកស្រីមានប្រសាសន៍ថា៖ «ខ្ញុំប្រាកដជានឹងទៅជាមួយលោក ប៉ុន្តែ លោកនឹងមិនបានទទួលកេរ្ដិ៍ឈ្មោះក្នុងដំណើរដែលលោកទៅនេះទេ ដ្បិតព្រះយេហូវ៉ានឹងលក់ស៊ីសេរ៉ាមកក្នុងកណ្ដាប់ដៃរបស់ស្ត្រី»។ បន្ទាប់មក ដេបូរ៉ាក៏ក្រោកឡើង ធ្វើដំណើរជាមួយបារ៉ាកទៅភូមិកេដេស។ |
|
| 10 |
|
| បារ៉ាកបានកោះហៅពួកសាប់យូឡូន និងពួកណែបថាលីមកជួបជុំគ្នានៅកេដេស។ ពេលនោះ មានមនុស្សចំនួនមួយម៉ឺននាក់ឡើងទៅតាមបារ៉ាក ហើយដេបូរ៉ាក៏ទៅជាមួយដែរ។ |
|
| 11 |
|
| រីឯហេប៊ើរជាសាសន៍កែន បានបែកចេញពីពួកសាសន៍កែន គេជាកូនចៅរបស់ហូបាប់ ឪពុកក្មេករបស់លោកម៉ូសេ។ គាត់បានមកបោះជំរំក្បែរដើមម៉ៃសាក់ នៅស្អាណានីម ដែលនៅជិតកេដេស។ |
|
| 12 |
|
| កាលស៊ីសេរ៉ាបានឮដំណឹងថា បារ៉ាកជាកូនអ័ប៊ីណោមបានឡើងទៅភ្នំតាបោរ |
|
| 13 |
|
| ស៊ីសេរ៉ាក៏ប្រមូលរទេះរបស់លោកទាំងអស់ គឺរទេះដែកទាំងប្រាំបួនរយគ្រឿង និងពលទ័ពដែលនៅក្នុងអំណាចខ្លួន ចាប់តាំងពីហារ៉ូសែត-កូយីម រហូតដល់ស្ទឹងគីសុន។ |
|
| 14 |
|
| ពេលនោះ ដេបូរ៉ាមានប្រសាសន៍ទៅកាន់បារ៉ាកថា៖ «ចូរក្រោកឡើង! ដ្បិតនេះជាថ្ងៃដែលព្រះយេហូវ៉ាបានប្រគល់ស៊ីសេរ៉ាមកក្នុងកណ្ដាប់ដៃរបស់លោកហើយ។ តើព្រះយេហូវ៉ាមិនបានយាងនាំមុខលោកទេឬ?» ដូច្នេះ បារ៉ាកក៏ចុះពីភ្នំតាបោរ មានទាំងមនុស្សមួយម៉ឺននាក់ទៅជាមួយ។ |
|
| 15 |
|
| ព្រះយេហូវ៉ាបំបាក់ទ័ពស៊ីសេរ៉ា និងរទេះទាំងប៉ុន្មានរបស់លោក ព្រមទាំងពួកពលទាំងអស់ដោយមុខដាវនៅចំពោះបារ៉ាក។ ស៊ីសេរ៉ាក៏ចុះពីរទេះរបស់លោក ហើយរត់គេចខ្លួនទៅ។ |
|
| 16 |
|
| បារ៉ាកក៏ដេញតាមរទេះ និងទ័ពរបស់សត្រូវ រហូតដល់ហារ៉ូសែត-កូយីម ហើយពលទ័ពទាំងប៉ុន្មានរបស់ស៊ីសេរ៉ា ក៏ស្លាប់ដោយមុខដាវអស់ គ្មានសល់ម្នាក់ឡើយ។ |
|
| 17 |
|
| រីឯស៊ីសេរ៉ាវិញ បានរត់គេចទៅដល់ត្រសាលរបស់នាងយ៉ាអែល ប្រពន្ធរបស់ហេប៊ើរ ជាសាសន៍កែន ដ្បិតព្រះបាទយ៉ាប៊ីន ជាស្តេចក្រុងហាសោរ និងក្រុមគ្រួសាររបស់ហេប៊ើរ ជាសាសន៍កែន មានមេត្រីភាពនឹងគ្នា។ |
|
| 18 |
|
| នាងយ៉ាអែលបានចេញមកទទួលស៊ីសេរ៉ា ទាំងពោលពាក្យថា៖ «សូមអញ្ជើញចូល លោកម្ចាស់អើយ សូមអញ្ជើញចូលផ្ទះនាងខ្ញុំសិន កុំខ្លាចអី!» ដូច្នេះ គាត់ក៏ចូលទៅក្នុងត្រសាលជាមួយនាង ហើយនាងយកភួយមកគ្រប។ |
|
| 19 |
|
| ពេលនោះ លោកនិយាយទៅនាងថា៖ «សូមមេត្តាឲ្យទឹកខ្ញុំផឹកបន្តិច ដ្បិតខ្ញុំស្រេកទឹកណាស់»។ ដូច្នេះ នាងក៏បើកថង់ស្បែកដាក់ទឹកដោះ ជូនលោកពិសា រួចគ្របភួយទៅវិញ។ |
|
| 20 |
|
| លោកអង្វរនាងថា៖ «សូមអ្នកឈរនៅមាត់ទ្វារត្រសាលទៅ ហើយបើមានអ្នកណាមកសួរអ្នកថា "តើមានអ្នកណានៅទីនេះឬទេ?" សូមឆ្លើយថា "គ្មានទេ"»។ |
|
| 21 |
|
| ប៉ុន្ដែ នាងយ៉ាអែល ប្រពន្ធរបស់ហេប៊ើរ យកចម្រឹងត្រសាលមួយ ហើយទាញញញួរមកកាន់នៅដៃ ដើរថ្នមៗចូលទៅជិតលោក រួចបោះចម្រឹងនោះចំត្រង់សៀតផ្កា ធ្លុះដល់ដី ក្នុងកាលដែលលោកកំពុងដេកលក់ស៊ប់ទាំងនឿយហត់ ហើយលោកក៏ស្លាប់ទៅ។ |
|
| 22 |
|
| មើល៍ កាលបារ៉ាកកំពុងដេញតាមស៊ីសេរ៉ា នាងយ៉ាអែលក៏ចេញទៅជួប ហើយប្រាប់លោកថា៖ «សូមអញ្ជើញមកណេះ ខ្ញុំនឹងបង្ហាញមនុស្សដែលលោកកំពុងតែរក»។ លោកក៏ចូលទៅក្នុងត្រសាលរបស់នាង ឃើញស៊ីសេរ៉ាដេកស្លាប់ នៅមានទាំងចម្រឹងនៅដោតជាប់នឹងសៀតផ្កា។ |
|
| 23 |
|
| ដូច្នេះ ព្រះទ្រង់បានបង្ក្រាបព្រះបាទយ៉ាប៊ីន ជាស្តេចស្រុកកាណាន នៅមុខពួកកូនចៅអ៊ីស្រាអែល នៅថ្ងៃនោះឯង។ |
|
| 24 |
|
| ពួកកូនចៅអ៊ីស្រាអែលក៏កាន់តែមានកម្លាំងឡើង ឈ្នះព្រះបាទយ៉ាប៊ីន ជាស្តេចស្រុកកាណាន រហូតទាល់តែគេបានបំផ្លាញព្រះបាទយ៉ាប៊ីន ជាស្តេចស្រុកកាណាននោះទៅ។ |
|
|
|
|