|
| 1 |
|
| នៅថ្ងៃនោះ លោកស្រីដេបូរ៉ា និងលោកបារ៉ាក់ ជាកូនរបស់លោកអប៊ីណោម នាំគ្នាច្រៀងថា៖ |
|
| 2 |
|
| «នៅស្រុកអ៊ីស្រាអែល ប្រជាជនថ្វាយជីវិតទាំងស្រុងទៅព្រះជាម្ចាស់ ហើយស្ម័គ្រចិត្តចេញទៅប្រយុទ្ធ សូមសរសើរតម្កើង ព្រះអម្ចាស់! |
|
| 3 |
|
| ស្ដេចទាំងឡាយអើយ សូមស្ដាប់! អ្នកដឹកនាំទាំងឡាយអើយ ចូរផ្ទៀងត្រចៀកស្ដាប់! ខ្ញុំនឹងច្រៀងថ្វាយ ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល។ ខ្ញុំនឹងស្មូត្រទំនុកតម្កើងថ្វាយ ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល។ |
|
| 4 |
|
| ឱ ព្រះអម្ចាស់ អើយ កាលព្រះអង្គយាងចាកចេញពីស្រុកសៀរ កាលព្រះអង្គយាងមកពីស្រុកអេដុម នោះផែនដីបានរញ្ជួយ មេឃក៏ប្រែជាខ្មៅងងឹត ពពកក៏បង្អុរភ្លៀងចុះមកយ៉ាងខ្លាំង។ |
|
| 5 |
|
| ភ្នំទាំងឡាយរលាយ នៅចំពោះព្រះភក្ត្រ ព្រះអម្ចាស់ ជាព្រះនៃភ្នំស៊ីណៃ គឺព្រះនៃជនជាតិអ៊ីស្រាអែល។ |
|
| 6 |
|
| នៅជំនាន់លោកសាំកើរ ជាកូនលោកអណាត នៅជំនាន់នាងយ៉ាអែល គ្មាននរណាធ្វើដំណើរតាមផ្លូវទេ គឺគេធ្វើដំណើរតែតាមផ្លូវវាង។ |
|
| 7 |
|
| ប្រជាជនបានបោះបង់ចោលភូមិទាំងឡាយ នៅស្រុកអ៊ីស្រាអែល គ្មានអ្នកដឹកនាំទេ រហូតទាល់តែព្រះជាម្ចាស់អោយដេបូរ៉ាខ្ញុំនេះ ក្រោកឡើង គឺអោយខ្ញុំក្រោកឡើង ធ្វើជាម្ដាយរបស់ជនជាតិអ៊ីស្រាអែល។ |
|
| 8 |
|
| ប្រជាជនបានជ្រើសរើសព្រះថ្មីៗទៀត ពេលនោះ សង្គ្រាមក៏ផ្ទុះឡើង។ ក្នុងចំណោមប្រជាជនអ៊ីស្រាអែលបួនម៉ឺននាក់ គេរកតែខែល ឬលំពែងមួយមិនបានផង។ |
|
| 9 |
|
| ខ្ញុំពេញចិត្តនឹងមេទ័ពទាំងឡាយរបស់ ជនជាតិអ៊ីស្រាអែល ហើយក្នុងចំណោមប្រជាជន ខ្ញុំពេញចិត្តនឹង អស់អ្នកដែលស្ម័គ្រចិត្តចេញទៅច្បាំង សូមសរសើរតម្កើង ព្រះអម្ចាស់! |
|
| 10 |
|
| អស់អ្នកដែលជិះមេលាសម្បុរស អស់អ្នកដែលអង្គុយលើកំរាលព្រំ និងអស់អ្នកដែលដើរតាមផ្លូវអើយ ចូររិះគិតពិចារណាចុះ! |
|
| 11 |
|
| ពួកអ្នកដងទឹកនាំគ្នាច្រៀងនៅក្បែរអណ្ដូង រៀបរាប់អំពីព្រះហឫទ័យសុចរិត របស់ ព្រះអម្ចាស់ គឺព្រះអង្គប្រទានអោយជនជាតិអ៊ីស្រាអែល មានជ័យជំនះ! ពេលនោះ ប្រជាជនរបស់ ព្រះអម្ចាស់ នាំគ្នាចុះទៅកាន់ទ្វារក្រុង។ |
|
| 12 |
|
| ចូរភ្ញាក់ឡើង ចូរភ្ញាក់ឡើង ដេបូរ៉ាអើយ ចូរភ្ញាក់ឡើង ចូរភ្ញាក់ឡើង ច្រៀងបទមួយ! បារ៉ាក់ ជាកូនលោកអប៊ីណោមអើយ ចូរក្រោកឡើង នាំប្រជាជនដែលជាប់ជាឈ្លើយ ត្រឡប់មកវិញ។ |
|
| 13 |
|
| អស់អ្នកដែលរួចពីស្លាប់ បានទៅជួបជុំនឹងមេដឹកនាំរបស់ខ្លួន ប្រជាជនរបស់ ព្រះអម្ចាស់ ក៏នាំគ្នាចូលមកជិតខ្ញុំ រួមជាមួយវីរជនឯទៀតៗ។ |
|
| 14 |
|
| អ្នកខ្លះមកពីកុលសម្ព័ន្ធអេប្រាអ៊ីម ដែលនៅជាប់នឹងស្រុកអាម៉ាឡេក កុលសម្ព័ន្ធបេនយ៉ាមីនក៏មកតាមដែរ ហើយរួមកម្លាំងជាមួយពលទ័ពរបស់គេផង។ មានមេទ័ពមកពីអំបូរម៉ាកៀរ ហើយនាយទាហានមកពីកុលសម្ព័ន្ធសាប់យូឡូន |
|
| 15 |
|
| ពួកប្រមុខនៃកុលសម្ព័ន្ធអ៊ីសាខារ បានទៅជាមួយដេបូរ៉ា។ កុលសម្ព័ន្ធអ៊ីសាខារក៏ទៅជាមួយបារ៉ាក់ដែរ គេរត់តាមក្រោយលោក រហូតដល់ជ្រលងភ្នំ។ រីឯកុលសម្ព័ន្ធរូបេនវិញ គេគិតតែពីជជែកគ្នាមិនចេះចប់។ |
|
| 16 |
|
| ហេតុអ្វីបានជាអ្នកនៅស្ទាក់ស្ទើរ ហើយស្ដាប់សំឡេងពួកគង្វាល ហៅហ្វូងសត្វខ្លួនដូច្នេះ? មែនហើយ នៅក្នុងពួករូបេន គេគិតតែពីជជែកគ្នាមិនចេះចប់។ |
|
| 17 |
|
| កុលសម្ព័ន្ធនានា នៅស្រុកកាឡាដ ដែលស្ថិតនៅខាងកើតទន្លេយ័រដាន់ មិនបានមកជួយទេ កុលសម្ព័ន្ធដាន់នៅសំងំនៅលើនាវា កុលសម្ព័ន្ធអេស៊ើរក៏នៅសំងំតាមឆ្នេរសមុទ្រ ជិតកំពង់ផែដែរ។ |
|
| 18 |
|
| រីឯកុលសម្ព័ន្ធសាប់យូឡូន ក៏ដូចជាកុលសម្ព័ន្ធ ណែបថាលីដែរ ប្រជាជនរបស់គេស៊ូប្ដូរជីវិតក្នុងសមរភូមិ នៅតាមតំបន់ភ្នំ។ |
|
| 19 |
|
| ស្ដេចរបស់ខ្មាំងនាំគ្នាលើកទ័ពមក ស្ដេចរបស់ជនជាតិកាណានលើកគ្នាមកច្បាំង នៅតាណាក់ ក្បែរប្រភពទឹកមេគីដោ តែពួកគេពុំបានទទួលប្រាក់ ជាជយភ័ណ្ឌអ្វីសោះឡើយ។ |
|
| 20 |
|
| ផ្កាយទាំងឡាយបានជួយច្បាំងពីលើមេឃ ផ្កាយទាំងនោះគោចរតាមផ្លូវរបស់វា មកច្បាំងជាមួយស៊ីសេរ៉ា។ |
|
| 21 |
|
| ឱទឹកជ្រោះគីសូន ជ្រោះគីសូនដែលមាន ទឹកហូរ តាំងពីបុរាណកាលមកអើយ អ្នកបានហូរនាំខ្មាំងសត្រូវចេញទៅ។ ខ្ញុំនឹងជាន់ខ្មាំងសត្រូវ ដោយចិត្តមោះមុត! |
|
| 22 |
|
| ពេលនោះ មានឮសន្ធឹកជើងសេះកក្រើកផ្ទៃដី គឺពលទ័ពសេះដ៏ខ្លាំងពូកែ។ |
|
| 23 |
|
| ទេវតា*នៃ ព្រះអម្ចាស់ ប្រកាសថា៖ ចូរដាក់បណ្ដាសាក្រុងមេរ៉ូសចុះ ចូរដាក់បណ្ដាសាអ្នកក្រុងនោះផង ពីព្រោះគេមិនបានមកជួយ ព្រះអម្ចាស់ គឺគេមិនបានមកជួយ ព្រះអម្ចាស់ រួមជាមួយពួកវីរជនទេ។ |
|
| 24 |
|
| សូមព្រះជាម្ចាស់ប្រទានពរដល់នាងយ៉ាអែល ជាភរិយារបស់លោកហេប៊ើ ជនជាតិកែន លើសស្ត្រីទាំងឡាយ! សូមព្រះអង្គប្រទានពរដល់នាង លើសស្ត្រីទាំងឡាយដែលរស់នៅក្នុងជំរំ។ |
|
| 25 |
|
| ស៊ីសេរ៉ាបានសុំទឹក តែនាងបានអោយទឹកដោះ គឺយកទឹកដោះដែលមានជាតិខ្លាញ់ដាក់ក្នុង ពែងដ៏ប្រណីត |
|
| 26 |
|
| បន្ទាប់មក នាងលូកដៃឆ្វេងទៅចាប់ចម្រឹង ហើយដៃស្ដាំចាប់ញញួររបស់ជាង រួចនាងដំស៊ីសេរ៉ានឹងញញួរបែកលលាដ៍ក្បាល ព្រមទាំងចោះទម្លុះសៀតផ្កាទៀតផង។ |
|
| 27 |
|
| ស៊ីសេរ៉ាទន់ជង្គង់ដួលដេកនៅទាបជើងនាង។ គឺទន់ជង្គង់ដួលស្លាប់បាត់ទៅ។ |
|
| 28 |
|
| ម្ដាយរបស់ស៊ីសេរ៉ាសម្លឹងមើលតាមប្រឡោះ គាត់សម្លឹងមើលតាមបង្អួច ទាំងពោលថា៖ ហេតុអ្វីបានជារទេះកូនខ្ញុំក្រមកដល់ម៉្លេះ? ហេតុអ្វីបានជាទ័ពរទេះមកយឺតម៉្លេះ? |
|
| 29 |
|
| ស្ត្រីបំរើដែលឆ្លាតជាងគេនាំគ្នាជំរាបគាត់ ហើយគាត់ក៏ទន្ទេញចម្លើយរបស់ពួកគេថា: |
|
| 30 |
|
| ពួកទាហានប្រាកដជានៅប្រមូលជយភ័ណ្ឌ ពួកគេកំពុងតែចែកជយភ័ណ្ឌ ទាហានម្នាក់ទទួលបានស្រីក្រមុំម្នាក់ ឬពីរនាក់ ស៊ីសេរ៉ាទទួលបានផ្ទាំងសំពត់ពណ៌ និងក្រណាត់ប៉ាក់។ អ្នកមានជ័យជំនះទទួលសម្លៀកបំពាក់ពណ៌ ធ្វើពីក្រណាត់ប៉ាក់មួយផ្ទាំង ឬពីរផ្ទាំងសំរាប់បង់ក។ |
|
| 31 |
|
| ឱ ព្រះអម្ចាស់ អើយ សូមអោយខ្មាំងសត្រូវទាំងប៉ុន្មានរបស់ព្រះអង្គ វិនាសអន្តរាយដូច្នោះដែរ! សូមអោយអ្នកដែលស្រឡាញ់ព្រះអង្គ បានដូចព្រះអាទិត្យមានរស្មីភ្លឺចាំងចែង»។ ស្រុកទេសក៏បានសុខសាន្តត្រាណ អស់រយៈពេលសែសិបឆ្នាំ។ |
|
|
|
|