|
| 1 |
|
| នៅថ្ងៃនោះ ដេបូរ៉ា និងបារ៉ាក ជាកូនអ័ប៊ីណោម នាំគ្នាច្រៀងថា៖ |
|
| 2 |
|
| «កាលពួកអ្នកដឹកនាំឈរឡើងនៅស្រុកអ៊ីស្រាអែល នោះប្រជាជនបានប្រគល់ខ្លួនដោយស្ម័គ្រពីចិត្ត សូមថ្វាយព្រះពរព្រះយេហូវ៉ា!។ |
|
| 3 |
|
| ឱពួកស្តេចអើយ ចូរស្តាប់ ពួកមេគ្រប់គ្រងអើយ ចូរផ្ទៀងត្រចៀកស្តាប់ ខ្ញុំនឹងច្រៀងថ្វាយព្រះយេហូវ៉ា ខ្ញុំនឹងលើកទំនុកថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល។ |
|
| 4 |
|
| ឱព្រះយេហូវ៉ាអើយ កាលព្រះអង្គបានយាងចេញពីភ្នំសៀរ កាលព្រះអង្គបានយាងមកពីស្រុកអេដុម នោះផែនដីញាប់ញ័រ ផ្ទៃមេឃក៏បង្អុរ អើ ពពកបានបង្អុរទឹកចុះមក។ |
|
| 5 |
|
| ភ្នំទាំងឡាយរញ្ជួយនៅចំពោះព្រះយេហូវ៉ា ហើយសូម្បីតែភ្នំស៊ីណាយ ក៏រញ្ជួយនៅចំពោះព្រះយេហូវ៉ាដែរ គឺជាព្រះនៃសាសន៍អ៊ីស្រាអែល។ |
|
| 6 |
|
| នៅជំនាន់សាំកើរ ជាកូនអ័ណាត ក្នុងគ្រានាងយ៉ាអែល គេបោះបង់ចោលផ្លូវធំ ហើយធ្វើដំណើរតាមផ្លូវវាង។ |
|
| 7 |
|
| ពួកអ្នកភូមិក្នុងស្រុកអ៊ីស្រាអែលនៅស្ងាត់ច្រៀប គឺគេនៅស្ងាត់ច្រៀប រហូតទាល់តែខ្ញុំក្រោកឡើង គឺខ្ញុំដេបូរ៉ានេះ ក្រោកឡើងធ្វើជាម្តាយនៃពួកអ៊ីស្រាអែល។ |
|
| 8 |
|
| កាលគេបានជ្រើសរើសព្រះថ្មី នោះក៏កើតមានសង្គ្រាមតាមទ្វារក្រុង។ ក្នុងពួកអ៊ីស្រាអែលបួនម៉ឺននាក់ តើគេឃើញមានខែល ឬលំពែងណាមួយឬទេ? |
|
| 9 |
|
| ខ្ញុំពេញចិត្តនឹងមេទ័ពរបស់ពួកអ៊ីស្រាអែល ដែលនៅក្នុងចំណោមប្រជាជន គេបានប្រគល់ខ្លួនដោយស្ម័គ្រពីចិត្ត។ សូមថ្វាយព្រះពរព្រះយេហូវ៉ា។ |
|
| 10 |
|
| អ្នករាល់គ្នាដែលជិះលាស អ្នករាល់គ្នាដែលអង្គុយលើកម្រាលព្រំដ៏មានតម្លៃ និងអ្នករាល់គ្នាដែលដើរតាមផ្លូវអើយ ចូរថ្លែងប្រាប់ចុះ។ |
|
| 11 |
|
| សូមស្ដាប់សំឡេងពួកអ្នកភ្លេងនៅត្រង់កន្លែងដងទឹក គេថ្លែងប្រាប់អំពីជ័យជម្នះដ៏សុចរិតរបស់ព្រះយេហូវ៉ា គឺអំពីជ័យជម្នះដ៏សុចរិតនៃពួកអ្នកភូមិរបស់ព្រះអង្គ ក្នុងស្រុកអ៊ីស្រាអែល។ ពេលនោះ ប្រជារាស្ត្ររបស់ព្រះយេហូវ៉ា នាំគ្នាយាត្រានៅកាន់ទ្វារក្រុង។ |
|
| 12 |
|
| ចូរភ្ញាក់ឡើង ចូរភ្ញាក់ឡើង ដេបូរ៉ាអើយ! ចូរភ្ញាក់ឡើង ចូរភ្ញាក់ឡើង ចូរច្រៀងជាទំនុកមួយទៅ! ចូរក្រោកឡើង បារ៉ាកអើយ ឱកូនអ័ប៊ីណោមអើយ ចូរនាំពួកឈ្លើយរបស់អ្នកចេញទៅ។ |
|
| 13 |
|
| គ្រានោះ សំណល់នៃពួកអ្នកមានត្រកូលខ្ពស់បានចុះមក គឺប្រជាជនរបស់ព្រះយេហូវ៉ាបានចុះមករកខ្ញុំ ទាស់នឹងពួកខ្លាំងពូកែ។ |
|
| 14 |
|
| គេចុះមកពីស្រុកអេប្រាអិម ជាស្រុកដែលពីមុនជារបស់សាសន៍អាម៉ាឡេក គេមកតាមអ្នក បេនយ៉ាមីនអើយ មករួមជាមួយពលទ័ពរបស់អ្នក។ ពួកមេទ័ពចុះមកពីពួកម៉ាគារ ហើយអស់អ្នកដែលកាន់ឈើច្រត់របស់មេទ័ព មកពីពួកសាប់យូឡូន |
|
| 15 |
|
| ពួកអ្នកដែលជាកំពូលលើពួកអ៊ីសាខារ មករួមជាមួយដេបូរ៉ា ហើយពួកអ៊ីសាខារស្មោះចំពោះបារ៉ាកដែរ គេប្រញាប់ប្រញាល់ចុះក្នុងជ្រលងភ្នំ តាមដានជើងលោក។ ឯក្នុងចំណោមពួករូបេនវិញ មានការអល់អែកនៅក្នុងចិត្តជាខ្លាំង។ |
|
| 16 |
|
| ហេតុអ្វីបានជាអ្នកអង្គុយស្ងៀមនៅកណ្ដាលក្រោលចៀម ហើយស្តាប់សូរហ្វូងសត្វយំដូច្នេះ? ឯក្នុងចំណោមពួករូបេនវិញ មានការអល់អែកនៅក្នុងចិត្តជាខ្លាំង។ |
|
| 17 |
|
| ពួកកាឡាតគេនៅតែខាងនាយទន្លេយ័រដាន់ ឯពួកដាន់វិញ ហេតុអ្វីបានជានៅតែក្នុងនាវាដូច្នេះ? ពួកអេស៊ើរអង្គុយស្ងៀមនៅមាត់សមុទ្រ នៅតាមកំពង់ផែរបស់គេ។ |
|
| 18 |
|
| ឯពួកសាប់យូឡូនវិញ ជាប្រជាជនមួយដែលប្រថុយជីវិតដល់ស្លាប់ ហើយពួកណែបថាលីដែរ គេចូលទៅច្បាំងនៅទីខ្ពស់ៗក្នុងសមរភូមិ។ |
|
| 19 |
|
| ពួកស្តេចបានមកច្បាំង គឺពួកស្តេចស្រុកកាណាន គេមកច្បាំងនៅតាអាណាក ជិតប្រភពទឹកមេគីដោ តែគេមិនបានទទួលប្រាក់ជាជ័យភណ្ឌសោះឡើយ។ |
|
| 20 |
|
| ផ្កាយទាំងឡាយពីលើផ្ទៃមេឃបានជួយច្បាំង គេជួយច្បាំងនឹងស៊ីសេរ៉ាពីទីគោចររបស់វា។ |
|
| 21 |
|
| ស្ទឹងគីសុនបានហូរគំហុកនាំយកគេទៅបាត់ គឺស្ទឹងគីសុនដែលហូរគំហុក ជាស្ទឹងពីចាស់បុរាណ។ ព្រលឹងខ្ញុំអើយ ចូរជាន់គេដោយកម្លាំងដ៏ខ្លាំងចុះ!។ |
|
| 22 |
|
| គ្រានោះ មានឮសូរសន្ធឹកជើងសេះដែលកំពុងតែរត់ គឺដែលពួកខ្លាំងពូកែកំពុងរត់។ |
|
| 23 |
|
| ទេវតានៃព្រះយេហូវ៉ាប្រាប់ថា ចូរដាក់បណ្ដាសាមេរ៉ូស ចូរដាក់បណ្ដាសាពួកអ្នកក្រុងនោះឲ្យខ្លាំង ព្រោះគេមិនបានមកជួយក្នុងចម្បាំងរបស់ព្រះយេហូវ៉ា គឺមិនជួយព្រះយេហូវ៉ាទាស់នឹងពួកខ្លាំងពូកែនោះទេ។ |
|
| 24 |
|
| នាងយ៉ាអែលជាប្រពន្ធហេប៊ើរ សាសន៍កែន នាងមានពរលើសជាងអស់ទាំងស្ត្រី គឺនាងមានពរលើសជាងអស់ទាំងស្ត្រីដែលនៅក្នុងត្រសាល។ |
|
| 25 |
|
| ស៊ីសេរ៉ាបានសុំទឹក តែនាងបានឲ្យទឹកដោះ គឺនាងបានយកខ្លាញ់ទឹកដោះដាក់ក្នុងចានដ៏ប្រណីតមកជូនលោក។ |
|
| 26 |
|
| នាងបានលូកដៃទៅចាប់យកចម្រឹង ហើយដៃស្តាំចាប់យកញញួររបស់ជាង រួចដំស៊ីសេរ៉ានឹងញញួរ គឺបានវាយបំបែកក្បាលលោក នាងវាយទម្លុះត្រង់សៀតផ្កា។ |
|
| 27 |
|
| លោកឱន លោកដួល លោកដេក នៅទៀបជើងនាង គឺនៅទៀបជើងនាងដែលលោកឱនដួលចុះ ហើយនៅកន្លែងដែលលោកឱននោះ លោកក៏ដួលស្លាប់នៅទីនោះ។ |
|
| 28 |
|
| ម្តាយរបស់ស៊ីសេរ៉ាបានសម្លឹងមើលតាមប្រឡោះ ហើយបន្លឺវាចាតាមបង្អួចថា៖ «ហេតុអ្វីបានជារទេះលោកក្រមកដូច្នេះ? ហេតុអ្វីបានជាកង់រទេះលោកយឺតដល់ម៉្លេះ?» |
|
| 29 |
|
| ពួកស្ត្រីដ៏ឆ្លៀវឆ្លាតរបស់នាងក៏ឆ្លើយឡើង អើ នាងក៏ឆ្លើយដោយខ្លួនឯងដែរថា |
|
| 30 |
|
| "តើគេរកមិនបានជ័យភណ្ឌ ហើយចែកគ្នាទេឬ? គឺបុរសគ្រប់គ្នាបានស្រីក្រមុំម្នាក់ ឬពីរនាក់ ឯស៊ីសេរ៉ា តើមិនបានទទួលជ័យភណ្ឌជាក្រណាត់ជ្រលក់ពណ៌ គឺក្រណាត់ប៉ាក់ជ្រលក់ពណ៌ពីជ័យភណ្ឌ ជាក្រណាត់ប៉ាក់ពីរផ្ទាំងដែលជ្រលក់ពណ៌ ជាជ័យភណ្ឌសម្រាប់បង់កទេឬ?" |
|
| 31 |
|
| ឱព្រះយេហូវ៉ាអើយ សូមឲ្យអស់ទាំងខ្មាំងសត្រូវរបស់ព្រះអង្គវិនាសទៅដូច្នោះដែរ! តែសូមឲ្យពួកអ្នកដែលស្រឡាញ់ព្រះអង្គ បានភ្លឺដូចព្រះអាទិត្យ ដែលរះឡើងពេញកម្លាំង»។ ស្រុកទេសក៏បានសុខសាន្តត្រាណអស់សែសិបឆ្នាំ។ |
|
|
|
|