|
| 1 |
|
| ដូច្នេះ យេរូ-បាល (គឺគេឌាន) និងមនុស្សទាំងប៉ុន្មានដែលនៅជាមួយលោក ក៏ក្រោកឡើងពីព្រលឹម ទៅបោះទ័ពនៅជិតប្រភពទឹកហារ៉ូដ ឯជំរំទ័ពរបស់ពួកម៉ាឌានស្ថិតនៅខាងជើងពួកគេ ជិតភ្នំម៉ូរេ ត្រង់ច្រកភ្នំ។ |
|
| 2 |
|
| ព្រះយេហូវ៉ាមានព្រះបន្ទូលទៅគេឌានថា៖ «ចំនួនមនុស្សដែលនៅជាមួយអ្នក មានគ្នាច្រើនពេកណាស់ យើងប្រគល់ពួកម៉ាឌានមកក្នុងកណ្ដាប់ដៃគេមិនបានឡើយ ក្រែងពួកអ៊ីស្រាអែលអួតខ្លួនទាស់នឹងយើង ដោយពោលថា គេបានសង្គ្រោះដោយសារកម្លាំងដៃរបស់ខ្លួន។ |
|
| 3 |
|
| ដូច្នេះ ចូរប្រកាសប្រាប់ដល់ត្រចៀកបណ្ដាជនថា "អ្នកណាភ័យខ្លាច ហើយញាប់ញ័រ ត្រូវឲ្យអ្នកនោះវិលពីភ្នំកាឡាត ត្រឡប់ទៅផ្ទះវិញចុះ"»។ ពេលនោះ មានមនុស្សចំនួនពីរម៉ឺនពីរពាន់នាក់បានត្រឡប់វិលទៅវិញ នៅសល់តែមួយម៉ឺននាក់ប៉ុណ្ណោះ។ |
|
| 4 |
|
| ព្រះយេហូវ៉ាមានព្រះបន្ទូលទៅគេឌានទៀតថា៖ «មនុស្សនៅតែមានចំនួនច្រើនពេកនៅឡើយ។ ចូរនាំគេចុះទៅឯទឹក យើងនឹងល្បងលគេឲ្យអ្នកនៅទីនោះ អ្នកណាដែលយើងប្រាប់អ្នកថា អ្នកនេះត្រូវទៅជាមួយអ្នក នោះនឹងត្រូវទៅ ឯអ្នកណាដែលយើងប្រាប់អ្នកថា អ្នកនេះមិនត្រូវទៅជាមួយអ្នកទេ នោះមិនត្រូវទៅឡើយ»។ |
|
| 5 |
|
| ដូច្នេះ លោកក៏នាំបណ្ដាជនចុះទៅក្នុងទឹក រួចព្រះយេហូវ៉ាមានព្រះបន្ទូលទៅកាន់គេឌានថា៖ «អស់អ្នកណាដែលលិឍទឹកនឹងអណ្ដាតដូចឆ្កែ នោះត្រូវញែកដោយឡែក ហើយអស់អ្នកណាដែលលុតជង្គង់ផឹកទឹក នោះក៏ត្រូវញែកដោយឡែកដែរ»។ |
|
| 6 |
|
| ឯមនុស្សដែលលិឍទឹកដោយក្បង់នឹងដៃ មានចំនួនបីរយនាក់ ក្រៅពីនោះសុទ្ធតែជាអ្នកលុតជង្គង់ផឹកទឹកទាំងអស់។ |
|
| 7 |
|
| ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់គេឌានថា៖ «យើងនឹងសង្គ្រោះអ្នករាល់គ្នា ហើយប្រគល់ពួកម៉ាឌានមកក្នុងកណ្ដាប់ដៃរបស់អ្នក ដោយសារមនុស្សបីរយនាក់ដែលក្បង់ទឹកផឹកនេះ ឯមនុស្សឯទៀត ត្រូវឲ្យគេត្រឡប់ទៅផ្ទះរបស់គេរៀងខ្លួនវិញទៅ»។ |
|
| 8 |
|
| ដូច្នេះ គេឌានក៏ឲ្យពួកអ៊ីស្រាអែលត្រឡប់ទៅជំរំរបស់គេរៀងខ្លួន ទុកនៅតែពួកបីរយនាក់នោះប៉ុណ្ណោះ។ ដូច្នេះ បណ្ដាជនក៏យកស្បៀងអាហារ និងត្រែរបស់គេកាន់ជាប់នឹងដៃ ឯជំរំរបស់ពួកម៉ាឌានស្ថិតនៅខាងក្រោម គឺនៅច្រកភ្នំ។ |
|
| 9 |
|
| នៅយប់នោះឯង ព្រះយេហូវ៉ាមានព្រះបន្ទូលប្រាប់លោកថា៖ «ចូរក្រោកឡើង ហើយចុះទៅវាយជំរំទ័ពរបស់គេទៅ ដ្បិតយើងបានប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ។ |
|
| 10 |
|
| ប៉ុន្ដែ បើអ្នកខ្លាចមិនហ៊ានចុះទៅ ចូរនាំពូរ៉ាជាអ្នកបម្រើរបស់អ្នក ចុះទៅជាមួយផងទៅ។ |
|
| 11 |
|
| អ្នកនឹងឮសេចក្ដីដែលគេនិយាយ ហើយក្រោយនោះ អ្នកនឹងមានកម្លាំងដៃខ្លាំងឡើង អាចចុះទៅទាស់នឹងជំរំរបស់គេបាន»។ ដូច្នេះ លោកក៏ចុះទៅជាមួយពូរ៉ា ជាអ្នកបម្រើរបស់លោក ទៅដល់ខ្សែត្រៀមជួរមុខរបស់ទាហានដែលនៅក្នុងជំរំទ័ព។ |
|
| 12 |
|
| ពួកម៉ាឌាន និងពួកអាម៉ាឡេក ព្រមទាំងប្រជាជនទាំងប៉ុន្មានពីស្រុកខាងកើត គេនៅតាមច្រកភ្នំ មានគ្នាច្រើនដូចកណ្តូប ហើយសត្វអូដ្ឋរបស់គេក៏មានច្រើនឥតគណនា គឺច្រើនដូចគ្រាប់ខ្សាច់នៅមាត់សមុទ្រ។ |
|
| 13 |
|
| កាលគេឌានបានទៅដល់ នោះមានបុរសម្នាក់កំពុងតែនិយាយអំពីយល់សប្តិ ប្រាប់គូកនរបស់ខ្លួនថា៖ «មើល៍ អញយល់សប្តិឃើញនំបុ័ងម្សៅឱកមួយដុំ រមៀលចុះមកក្នុងជំរំទ័ពរបស់ពួកម៉ាឌានយើងនេះ ហើយមកទង្គិចនឹងត្រសាល ធ្វើឲ្យរលំផ្ងារឡើង រាបទៅនឹងដី»។ |
|
| 14 |
|
| គូកនរបស់គាត់ឆ្លើយថា៖ «នេះគ្មានអ្វីក្រៅពីដាវរបស់គេឌាន ជាកូនយ៉ូអាស សាសន៍អ៊ីស្រាអែលម្នាក់ ដែលព្រះបានប្រគល់ពួកម៉ាឌានយើងនេះ ព្រមទាំងកងទ័ពទាំងមូល ទៅក្នុងកណ្ដាប់ដៃរបស់លោកហើយ»។ |
|
| 15 |
|
| កាលគេឌានបានឮគេនិយាយអំពីយល់សប្តិ និងការបកស្រាយអំពីយល់សប្ដិនោះ លោកក៏ក្រាបថ្វាយបង្គំព្រះ រួចវិលត្រឡប់មកជំរំទ័ពរបស់ពួកអ៊ីស្រាអែលវិញ ហើយមានប្រសាសន៍ថា៖ «ចូរក្រោកឡើង ដ្បិតព្រះយេហូវ៉ាបានប្រគល់ពួកកងទ័ពម៉ាឌាន មកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នាហើយ»។ |
|
| 16 |
|
| លោកបានចែកមនុស្សបីរយនាក់ចេញជាបីពួក ហើយប្រគល់ត្រែឲ្យកាន់គ្រប់ៗគ្នា ព្រមទាំងក្អមទទេ ដែលមានចន្លុះនៅខាងក្នុង។ |
|
| 17 |
|
| លោកមានប្រសាសន៍ទៅពួកគេថា៖ «ចូរមើលមកខ្ញុំ ហើយធ្វើដូចខ្ញុំ។ ពេលខ្ញុំទៅដល់ជាយជំរំទ័ពរបស់គេ ត្រូវធ្វើដូចខ្ញុំ។ |
|
| 18 |
|
| ពេលណាខ្ញុំ និងអស់អ្នកនៅជាមួយខ្ញុំផ្លុំត្រែឡើង នោះអ្នករាល់គ្នាត្រូវផ្លុំត្រែឡើង ព័ទ្ធជុំវិញជំរំទ័ពនោះទាំងមូលដែរ ហើយត្រូវស្រែកថា "នេះហើយជាដាវរបស់ព្រះយេហូវ៉ា និងរបស់គេឌាន"»។ |
|
| 19 |
|
| ដូច្នេះ គេឌាន និងមនុស្សមួយរយនាក់ដែលនៅជាមួយ ក៏ចូលទៅជាយជំរំទ័ពរបស់គេ នៅវេលាចាប់ផ្ដើមយាមកណ្ដាល កាលគេទើបនឹងផ្លាស់យាម។ គេក៏ផ្លុំត្រែឡើង ហើយបំបែកក្អមដែលកាន់នៅដៃ។ |
|
| 20 |
|
| ពេលនោះ ពួកទាំងបីបានផ្លុំត្រែ ហើយបំបែកក្អមគ្រប់គ្នា រួចកាន់ចន្លុះនៅដៃឆ្វេង កាន់ត្រែសម្រាប់ផ្លុំនៅដៃស្តាំ ហើយស្រែកឡើងថា៖ «នេះហើយជាដាវរបស់ព្រះយេហូវ៉ា និងរបស់គេឌាន!» |
|
| 21 |
|
| គ្រប់គ្នាឈរតាមកន្លែងរៀងៗខ្លួននៅព័ទ្ធជុំវិញជំរំទ័ព ឯទ័ពសត្រូវទាំងប៉ុន្មានក៏រត់ ទាំងស្រែកឡើង ហើយខំឲ្យរួចខ្លួន។ |
|
| 22 |
|
| កាលគេផ្លុំត្រែទាំងបីរយឡើង ព្រះយេហូវ៉ាបណ្ដាលឲ្យគេកាប់សម្លាប់គ្នាឯង ពេញក្នុងកងទ័ពទាំងមូល ហើយទ័ពរបស់គេក៏រត់រហូតដល់បេត-ស៊ីតា ឆ្ពោះទៅសេរេរ៉ា ហើយរហូតដល់ព្រំប្រទល់អេបិល-មហូឡា ជិតតាបាត។ |
|
| 23 |
|
| ពួកអ៊ីស្រាអែលបានប្រមូលគ្នាពីខេត្តណែបថាលី ខេត្តអេស៊ើរ និងស្រុកម៉ាណាសេទាំងមូល មកដេញតាមពួកម៉ាឌាន។ |
|
| 24 |
|
| ពេលនោះ គេឌានចាត់អ្នកនាំសារ ឲ្យទៅពាសពេញស្រុកភ្នំអេប្រាអិម ប្រាប់ថា៖ «ចូរនាំគ្នាចុះមកច្បាំងនឹងសាសន៍ម៉ាឌាន ហើយចាប់យកប្រភពទឹកទាំងប៉ុន្មាន រហូតដល់បេត-បារ៉ា ព្រមទាំងទន្លេយ័រដាន់ផង»។ ដូច្នេះ ពួកអេប្រាអិមទាំងប៉ុន្មានក៏នាំគ្នាចេញមក ហើយគេចាប់យកប្រភពទឹកទាំងប៉ុន្មាន រហូតដល់បេត-បារ៉ា ព្រមទាំងទន្លេយ័រដាន់ផងដែរ។ |
|
| 25 |
|
| គេចាប់បានមេដឹកនាំទាំងពីររបស់សាសន៍ម៉ាឌាន គឺអូរិប សៀប។ គេបានសម្លាប់អូរិប នៅត្រង់ថ្មរបស់អូរិប ហើយគេសម្លាប់សៀប នៅត្រង់ធុងគាបផ្លៃទំពាំងបាយជូររបស់សៀប។ បន្ទាប់មក គេដេញតាមពួកម៉ាឌានបន្តទៀត រួចគេយកក្បាលរបស់អូរិប និងសៀប មកជូនគេឌាន នៅត្រើយម្ខាងទន្លេយ័រដាន់។ |
|
|
|
|