|
| 1 |
|
| គ្រានោះ អ័ប៊ីម៉្មាឡិច ជាកូនយេរូ-បាល បានទៅរកពួកបងប្អូនខាងម្តាយរបស់ខ្លួននៅស៊ីគែម និងញាតិសន្តានរបស់ជីតាខ្លួនខាងម្តាយទាំងប៉ុន្មាន ជម្រាបថា៖ |
|
| 2 |
|
| «សូមនិយាយដាក់ត្រចៀកពួកមេដឹកនាំនៅស៊ីគែមទាំងអស់ថា បើកូនយេរូ-បាលទាំងចិតសិបនាក់ ឬមនុស្សតែម្នាក់គ្រប់គ្រងលើអស់លោក តើណាមួយប្រសើរជាង? សូមនឹកចាំផងដែរថា ខ្ញុំជាសាច់ឈាមរបស់អស់លោក»។ |
|
| 3 |
|
| ដូច្នេះ ពួកបងប្អូនខាងម្តាយក៏និយាយសេចក្ដីទាំងនេះ ដាក់ត្រចៀកពួកមេដឹកនាំនៅស៊ីគែម ហើយចិត្តគេក៏ល្អៀងទៅខាងអ័ប៊ីម៉្មាឡិច ដ្បិតគេពោលថា៖ «គាត់ជាបងប្អូនរបស់យើង»។ |
|
| 4 |
|
| គេក៏យកប្រាក់សុទ្ធចិតសិបស្លឹងពីវិហាររបស់ព្រះបាល-បេរីតជូនគាត់ ហើយគាត់ក៏យកទៅជួលមនុស្សពាល និងមនុស្សអានាថា ឲ្យមកតាមខ្លួន។ |
|
| 5 |
|
| បន្ទាប់មក គាត់ទៅផ្ទះឪពុកគាត់ នៅក្រុងអូប្រា ហើយសម្លាប់កូនយេរូ-បាល ដែលជាបងប្អូនរបស់ខ្លួនទាំងចិតសិបនាក់ នៅលើថ្មតែមួយ សល់តែយ៉ូថាម ជាកូនពៅរបស់យេរូ-បាលប៉ុណ្ណោះ ដ្បិតគាត់បានលាក់ខ្លួន។ |
|
| 6 |
|
| ដូច្នេះ ពួកមេដឹកនាំនៅស៊ីគែម និងប្រជាជនទាំងប៉ុន្មាននៅបេត-មីឡូរ បានមកជួបជុំគ្នា ហើយនាំគ្នាទៅលើកតាំងអ័ប៊ីម៉្មាឡិច នៅជិតដើមម៉ៃសាក់ត្រង់ស្ដូបនៅស៊ីគែម ឲ្យធ្វើជាស្តេច។ |
|
| 7 |
|
| កាលដំណឹងនោះបានឮដល់យ៉ូថាម លោកក៏ទៅឈរនៅលើកំពូលភ្នំកេរិស៊ីម ហើយស្រែកយ៉ាងអស់ទំហឹង ប្រាប់គេថា៖ «ឱអស់លោកមេដឹកនាំនៅក្រុងស៊ីគែមអើយ សូមស្តាប់ខ្ញុំ ដើម្បីឲ្យព្រះបានស្តាប់អស់លោកដែរ។ |
|
| 8 |
|
| មានថ្ងៃមួយ ដើមឈើទាំងឡាយចេញទៅចាក់ប្រេងតាំងឲ្យមានស្តេចសោយរាជ្យលើគេ។ គេពោលទៅកាន់ដើមអូលីវថា "សូមសោយរាជ្យលើយើងខ្ញុំទៅ"។ |
|
| 9 |
|
| ប៉ុន្ដែ ដើមអូលីវឆ្លើយទៅគេថា "តើគួរឲ្យខ្ញុំទុកចោលប្រេងរបស់ខ្ញុំ ដែលសម្រាប់ប្រើដើម្បីលើកតម្កើងព្រះ និងមនុស្សលោក ហើយទៅយោលខ្លួនគ្របលើដើមឈើទាំងឡាយនោះឬ?" |
|
| 10 |
|
| ពេលនោះ ដើមឈើទាំងនោះពោលទៅកាន់ដើមល្វាថា "សូមអ្នកមកសោយរាជ្យលើយើងខ្ញុំទៅ"។ |
|
| 11 |
|
| ប៉ុន្ដែ ដើមល្វាឆ្លើយទៅគេថា "តើគួរឲ្យខ្ញុំទុកចោលរសជាតិផ្អែម និងផលល្អរបស់ខ្ញុំ ទៅយោលខ្លួនគ្របលើដើមឈើទាំងឡាយនោះឬ?" |
|
| 12 |
|
| ពេលនោះ ដើមឈើទាំងនោះពោលទៅកាន់ដើមទំពាំងបាយជូរថា "សូមអ្នកមកសោយរាជ្យលើយើងខ្ញុំទៅ"។ |
|
| 13 |
|
| ប៉ុន្ដែ ដើមទំពាំងបាយជូរឆ្លើយទៅគេថា "តើគួរឲ្យខ្ញុំទុកចោលស្រារបស់ខ្ញុំ ដែលធ្វើឲ្យព្រះ និងមនុស្សលោកបានរីករាយចិត្ត ហើយទៅយោលខ្លួនគ្របលើដើមឈើទាំងឡាយនោះឬ?" |
|
| 14 |
|
| បន្ទាប់មក ដើមឈើទាំងឡាយនោះក៏ពោលទៅកាន់គុម្ពបន្លាថា "សូមអ្នកមកសោយរាជ្យលើយើងខ្ញុំទៅ"។ |
|
| 15 |
|
| គុម្ពបន្លាក៏ឆ្លើយទៅដើមឈើទាំងនោះថា "ប្រសិនបើអ្នករាល់គ្នាចង់ចាក់ប្រេងតាំងខ្ញុំ ឲ្យធ្វើជាស្តេចលើអ្នករាល់គ្នាមែននោះ ចូរនាំគ្នាមកជ្រកក្រោមម្លប់ខ្ញុំចុះ បើមិនដូច្នោះទេ នឹងមានភ្លើងចេញពីគុម្ពបន្លា មកបញ្ឆេះដើមតាត្រៅនៅភ្នំល្បាណូនទៀតផង"។ |
|
| 16 |
|
| ឥឡូវនេះ ប្រសិនបើអ្នករាល់គ្នាបានប្រព្រឹត្តដោយទៀងត្រង់ ហើយស្មោះអស់ពីចិត្ត ដោយបានតាំងអ័ប៊ីម៉្មាឡិចឲ្យធ្វើជាស្តេច បើអ្នករាល់គ្នាបានប្រព្រឹត្តល្អនឹងយេរូ-បាល ព្រមទាំងគ្រួសាររបស់លោក ហើយបានសងគុណឲ្យសមនឹងកិច្ចការដែលលោកបានធ្វើ |
|
| 17 |
|
| ដ្បិតឪពុកខ្ញុំបានប្រថុយជីវិត ច្បាំងជំនួសអ្នករាល់គ្នា ព្រមទាំងរំដោះអ្នករាល់គ្នា ឲ្យរួចពីកណ្ដាប់ដៃរបស់ពួកម៉ាឌាន |
|
| 18 |
|
| ហើយនៅថ្ងៃនេះ អ្នករាល់គ្នាបែរជាលើកគ្នាមកទាស់នឹងក្រុមគ្រួសារឪពុកខ្ញុំ ព្រមទាំងសម្លាប់កូនរបស់លោកចិតសិបនាក់ នៅលើថ្មតែមួយ ហើយលើកតាំងអ័ប៊ីម៉្មាឡិច ជាកូនរបស់ស្រីបម្រើរបស់លោក ឲ្យធ្វើជាស្តេចលើពួកមេដឹកនាំនៅស៊ីគែម ដោយព្រោះតែគាត់ជាសាច់ញាតិរបស់អ្នករាល់គ្នា |
|
| 19 |
|
| ដូច្នេះ ប្រសិនបើអ្នករាល់គ្នាបានប្រព្រឹត្តដោយទៀងត្រង់ ហើយស្មោះអស់ពីចិត្តនឹងយេរូ-បាល ព្រមទាំងក្រុមគ្រួសាររបស់លោកនៅថ្ងៃនេះ នោះសូមរីករាយនឹងអ័ប៊ីម៉្មាឡិច ហើយឲ្យគាត់បានរីករាយនឹងអ្នករាល់គ្នាវិញផង |
|
| 20 |
|
| តែបើមិនដូច្នោះទេ សូមឲ្យមានភ្លើងចេញពីអ័ប៊ីម៉្មាឡិច មកបញ្ឆេះពួកមេដឹកនាំនៅស៊ីគែម និងនៅបេត-មីឡូរទៅ ហើយក៏សូមឲ្យមានភ្លើងចេញពីពួកមេដឹកនាំនៅស៊ីគែម និងពីមេត-មីឡូរ មកបញ្ឆេះអ័ប៊ីម៉្មាឡិចវិញដែរ»។ |
|
| 21 |
|
| បន្ទាប់មក យ៉ូថាមក៏រត់ចេញ គេចខ្លួនទៅស្រុកប្អៀរ ហើយរស់នៅទីនោះ ព្រោះតែខ្លាចអ័ប៊ីម៉្មាឡិចជាបង។ |
|
| 22 |
|
| អ័ប៊ីម៉្មាឡិចគ្រប់គ្រងលើពួកអ៊ីស្រាអែលរយៈពេលបីឆ្នាំ។ |
|
| 23 |
|
| ក្រោយមក ព្រះទ្រង់បណ្ដាលឲ្យអ័ប៊ីម៉្មាឡិច និងពួកមេដឹកនាំនៅស៊ីគែម មានគំនិតអាក្រក់នឹងគ្នាទៅវិញទៅមក ហើយពួកមេដឹកនាំនៅស៊ីគែមក៏ប្រព្រឹត្តដោយចិត្តក្បត់នឹងអ័ប៊ីម៉្មាឡិច |
|
| 24 |
|
| ដើម្បីឲ្យឈាមរបស់កូនយេរូ-បាលទាំងចិតសិបនាក់ ដែលអ័ប៊ីម៉្មាឡិចជាប្អូនបានសម្លាប់ដោយឃោរឃៅ បានធ្លាក់មកលើគាត់ និងធ្លាក់មកលើមនុស្សនៅស៊ីគែម ដែលបានចម្រើនកម្លាំងដៃគាត់ ឲ្យសម្លាប់បងប្អូនរបស់ខ្លួន។ |
|
| 25 |
|
| ពួកមេដឹកនាំនៅស៊ីគែមបានបង្កប់មនុស្សនៅលើភ្នំឲ្យចាំចាប់គាត់ អ្នកទាំងនោះក៏ប្លន់អស់អ្នកដែលធ្វើដំណើរតាមផ្លូវនោះ ហើយដំណឹងនោះក៏បានឮដល់អ័ប៊ីម៉្មាឡិច។ |
|
| 26 |
|
| គ្រានោះ កាអាលជាកូនអេបេឌ បានមកដល់ស៊ីគែមជាមួយបងប្អូនរបស់គាត់ ហើយពួកមេដឹកនាំនៅស៊ីគែមក៏ទុកចិត្តនឹងគាត់។ |
|
| 27 |
|
| គេនាំគ្នាចេញទៅចម្ការ បេះផ្លែទំពាំងបាយជូររបស់ខ្លួនយកមកគាប រួចធ្វើពិធីបុណ្យយ៉ាងសប្បាយ បន្ទាប់មក គេចូលទៅស៊ីផឹកក្នុងវិហារនៃព្រះរបស់គេ ហើយដាក់បណ្ដាសាអ័ប៊ីម៉្មាឡិច។ |
|
| 28 |
|
| កាអាលជាកូនអេបេឌពោលឡើងថា៖ «តើអ័ប៊ីម៉្មាឡិចជាអ្នកណា ហើយពួកយើងនៅស៊ីគែមនេះជាអ្នកណា បានជាយើងត្រូវបម្រើគាត់? តើគាត់មិនមែនជាកូនរបស់យេរូ-បាល ហើយសេប៊ុលមិនមែនជាតំណាងរបស់គាត់ទេឬ? ចូរបម្រើមនុស្សរបស់ហាម៉ោរ ដែលជាឪពុករបស់ស៊ីគែមវិញ ហេតុអីបានជាយើងត្រូវបម្រើអ័ប៊ីម៉្មាឡិច? |
|
| 29 |
|
| ឱប្រសិនបើប្រជាជននេះនៅក្រោមអំណាចរបស់ខ្ញុំទៅអេះ! នោះខ្ញុំនឹងដកអ័ប៊ីម៉្មាឡិចចេញ ខ្ញុំនឹងនិយាយទៅអ័ប៊ីម៉្មាឡិចថា "ចូរប្រមូលកងទ័ពរបស់ឯងឲ្យច្រើន ហើយចេញមក!"»។ |
|
| 30 |
|
| កាលសេប៊ុលជាចៅហ្វាយក្រុងបានឮពាក្យរបស់កាអាលជាកូនអេបេឌដូច្នេះ កំហឹងរបស់លោកក៏ឆួលឡើង។ |
|
| 31 |
|
| គាត់ក៏ចាត់គេឲ្យទៅជម្រាបអ័ប៊ីម៉្មាឡិចដោយសម្ងាត់ថា៖ «មើល៍ កាអាលជាកូនអេបេឌ និងបងប្អូនរបស់គាត់ បានមកដល់ស៊ីគែម ហើយគេញុះញង់អ្នកក្រុងឲ្យប្រឆាំងនឹងលោក។ |
|
| 32 |
|
| ដូច្នេះ សូមលោក និងមនុស្សដែលនៅជាមួយលោក ចេញទៅបង្កប់ខ្លួនទាំងយប់ នៅតាមទីវាលទៅ។ |
|
| 33 |
|
| រួចព្រឹកឡើង នៅពេលថ្ងៃរះភ្លាម សូមក្រោកឡើង ហើយសម្រុកចូលទីក្រុងទៅ។ ពេលកាអាល និងមនុស្សដែលនៅជាមួយវាចេញមកច្បាំងនឹងលោក សូមឲ្យលោកប្រព្រឹត្តនឹងវា តាមតែមានឱកាសចុះ»។ |
|
| 34 |
|
| ដូច្នេះ អ័ប៊ីម៉្មាឡិច និងមនុស្សដែលនៅជាមួយគាត់ ក៏ក្រោកឡើងទាំងយប់ នាំគ្នាទៅបង្កប់ខ្លួនជាបួនក្រុម ដើម្បីច្បាំងនឹងក្រុងស៊ីគែម។ |
|
| 35 |
|
| ឯកាអាល ជាកូនអេបេឌ ក៏ចេញទៅឈរនៅមាត់ទ្វារក្រុង រួចអ័ប៊ីម៉្មាឡិច និងមនុស្សដែលនៅជាមួយ ក៏ស្ទុះចេញពីទីបង្កប់ខ្លួនដែរ។ |
|
| 36 |
|
| ពេលកាអាលឃើញពួកគេ គាត់ក៏ប្រាប់សេប៊ុលថា៖ «មើល៍ មានមនុស្សចុះពីកំពូលភ្នំមកហើយ!» ប៉ុន្ដែ សេប៊ុលឆ្លើយថា៖ «មិនមែនទេ គឺស្រមោលភ្នំដែលអ្នកមើលទៅឃើញដូចជាមនុស្សទេតើ!»។ |
|
| 37 |
|
| កាអាលក៏ប្រាប់ម្តងទៀតថា៖ «មើលហ្ន៎ មានមនុស្សចុះមកពីទួលខ្ពស់នោះហើយ ក៏មានមួយពួកទៀតមកតាមផ្លូវដើមម៉ៃសាក់អេឡូន-មេវនេនីម ដែរ»។ |
|
| 38 |
|
| ពេលនោះ សេប៊ុលឆ្លើយថា៖ «ឥឡូវនេះ តើសម្ដីអ្នកឯងនៅឯណា អ្នកឯងបានពោលថា "តើអ័ប៊ីម៉្មាឡិចជាអ្នកណាបានជាយើងត្រូវបម្រើវា?" តើមិនមែនមនុស្សទាំងនេះទេឬ ដែលឯងបានមើលងាយ? ឥឡូវនេះ ចូរចេញទៅច្បាំងនឹងគេទៅ!» |
|
| 39 |
|
| កាអាលក៏នាំមុខពួកមេដឹកនាំក្រុងស៊ីគែម ចេញទៅច្បាំងនឹងអ័ប៊ីម៉្មាឡិច |
|
| 40 |
|
| តែអ័ប៊ីម៉្មាឡិចដេញគាត់ ហើយគាត់ក៏រត់ពីមុខគេទៅ។ មានមនុស្សជាច្រើនបានដួលដោយត្រូវរបួស រហូតដល់មាត់ទ្វារក្រុង។ |
|
| 41 |
|
| ឯអ័ប៊ីម៉្មាឡិចក៏អាស្រ័យនៅភូមិអារូម៉ា ហើយសេប៊ុលបានបណ្តេញកាអាល និងបងប្អូនរបស់គាត់ មិនឲ្យគេនៅក្រុងស៊ីគែមទៀតឡើយ។ |
|
| 42 |
|
| លុះស្អែកឡើង ប្រជាជនក៏ចេញទៅត្រៀមនៅទីវាល ហើយមានគេទៅជម្រាបអ័ប៊ីម៉្មាឡិច។ |
|
| 43 |
|
| អ័ប៊ីម៉្មាឡិចក៏ប្រមូលមនុស្សរបស់គាត់ ហើយចែកពួកគេជាបីក្រុម រួចចេញទៅបង្កប់ខ្លួននៅតាមទីវាល តែកាលគាត់ក្រឡេកមើលទៅឃើញមនុស្សចេញពីទីក្រុងមក គាត់ក៏ស្ទុះចូលទៅវាយប្រហារគេភ្លាម។ |
|
| 44 |
|
| អ័ប៊ីម៉្មាឡិច និងពួកទ័ពមួយក្រុមដែលនៅជាមួយគាត់ ក៏រត់ទៅខាងមុខ ហើយឈរនៅមាត់ទ្វារក្រុង ចំណែកឯទ័ពពីរក្រុមទៀត សម្រុកចូលទៅវាយប្រហារអស់អ្នកដែលនៅតាមទីវាល។ |
|
| 45 |
|
| អ័ប៊ីម៉្មាឡិចច្បាំងនឹងទីក្រុងនោះអស់ពេញមួយថ្ងៃ គាត់ចាប់យកបានទីក្រុង ហើយសម្លាប់ប្រជាជននៅក្នុងទីក្រុង បំផ្លាញទីក្រុង ព្រមទាំងបាចអំបិលទៀតផង។ |
|
| 46 |
|
| កាលពួកមេដឹកនាំទាំងប៉ុន្មាននៅប៉មស៊ីគែមឮដំណឹងនេះ គេក៏ចូលទៅក្នុងជម្រកការពារនៃវិហារព្រះបេរីត។ |
|
| 47 |
|
| មានគេជម្រាបអ័ប៊ីម៉្មាឡិចថា ពួកមេដឹកនាំទាំងប៉ុន្មាននៅប៉មស៊ីគែម បានប្រមូលផ្ដុំគ្នាហើយ។ |
|
| 48 |
|
| ពេលនោះ អ័ប៊ីម៉្មាឡិច និងពួកទ័ពទាំងប៉ុន្មានដែលនៅជាមួយ ក៏ឡើងទៅលើភ្នំសាលម៉ូន។ អ័ប៊ីម៉្មាឡិចយកពូថៅទៅកាប់មែកឈើមួយ រួចដាក់លើស្មាលីទៅ ទាំងបង្គាប់មនុស្សដែលនៅជាមួយថា៖ «អ្នករាល់គ្នាឃើញខ្ញុំធ្វើអ្វី ចូរប្រញាប់នឹងធ្វើតាមខ្ញុំទៅ!»។ |
|
| 49 |
|
| ដូច្នេះ ពួកទាហានក៏កាប់មែកឈើរៀងខ្លួន ហើយលីទៅតាមអ័ប៊ីម៉្មាឡិច រួចដាក់មែកឈើទាំងនោះនៅត្រង់មាត់ច្រកជម្រកការពារនោះ ហើយយកភ្លើងដុតបញ្ឆេះ ដូច្នេះ មនុស្សដែលនៅប៉មស៊ីគែមទាំងប៉ុន្មាន ក៏ស្លាប់អស់ ទាំងប្រុសទាំងស្រី មានចំនួនប្រមាណមួយពាន់នាក់។ |
|
| 50 |
|
| បន្ទាប់មក អ័ប៊ីម៉្មាឡិចក៏ទៅដល់ក្រុងថេបេស បោះទ័ពច្បាំងនឹងក្រុងថេបេស ហើយចាប់យកបានទីក្រុងនោះ។ |
|
| 51 |
|
| ប៉ុន្ដែ នៅក្នុងទីក្រុងនោះមានប៉មមួយយ៉ាងមាំ ឯប្រជាជនទាំងអស់គ្នា ទាំងប្រុសទាំងស្រី រួមទាំងពួកមេដឹកនាំនៅក្រុងនោះទាំងប៉ុន្មាន នាំគ្នារត់ទៅជ្រកនៅប៉មនោះ ហើយបិទទ្វារជិត រួចឡើងទៅលើកំពូល។ |
|
| 52 |
|
| អ័ប៊ីម៉្មាឡិចចូលមកច្បាំងនឹងប៉មនោះ គាត់ចូលទៅជិតមាត់ទ្វារប៉ម ដើម្បីយកភ្លើងដុតបំផ្លាញចោល។ |
|
| 53 |
|
| ពេលនោះ មានស្ត្រីម្នាក់បានទម្លាក់គម្របត្បាល់កិនមួយ មកលើក្បាលអ័ប៊ីម៉្មាឡិច ហើយគាត់ក៏បែកក្បាល។ |
|
| 54 |
|
| ភ្លាមនោះ គាត់ហៅយុវជនម្នាក់ ដែលកាន់អាវុធរបស់គាត់ ហើយបង្គាប់ថា៖ «ចូរឯងហូតដាវមកសម្លាប់អញទៅ ដើម្បីកុំឲ្យគេនិយាយថា មានស្ត្រីម្នាក់បានសម្លាប់អញនោះឡើយ»។ ដូច្នេះ យុវជននោះក៏ចាក់ទម្លុះគាត់ ហើយគាត់ក៏ស្លាប់ទៅ។ |
|
| 55 |
|
| កាលពួកអ៊ីស្រាអែលបានឃើញថា អ័ប៊ីម៉្មាឡិចស្លាប់ហើយ គេក៏ត្រឡប់ទៅលំនៅរបស់គេរៀងៗខ្លួនវិញ។ |
|
| 56 |
|
| គឺយ៉ាងនេះហើយដែលព្រះបានសងអំពើដ៏អាក្រក់របស់អ័ប៊ីម៉្មាឡិច ដែលគាត់បានប្រព្រឹត្តចំពោះឪពុកខ្លួន ដោយសម្លាប់បងប្អូនខ្លួនទាំងចិតសិបនាក់ |
|
| 57 |
|
| ហើយព្រះទ្រង់ក៏បានទម្លាក់អំពើអាក្រក់របស់ពួកអ្នកនៅស៊ីគែមទាំងប៉ុន្មាន មកលើក្បាលគេវិញដែរ ហើយបណ្ដាសារបស់យ៉ូថាម ជាកូនយេរូ-បាល ក៏ធ្លាក់លើគេដែរ។ |
|
|
|
|