|
| 1 |
|
| លោកបូអូសចេញទៅអង្គុយនៅមាត់ទ្វារក្រុង។ ពេលនោះ បុរសដែលជាប់សាច់ញាតិជិតបំផុតរបស់លោកអេលីម៉ាឡេក គឺបុរសដែលលោកបូអូស ប្រាប់នាងរស់កាលពីមុន បានដើរកាត់កន្លែងនោះ។ លោកបូអូសពោលទៅកាន់បុរសនោះថា៖ «សូមបងអញ្ជើញមកអង្គុយទីនេះសិន»។ បុរសនោះក៏អង្គុយចុះ។ |
|
| 2 |
|
| លោកបូអូសបានអញ្ជើញចាស់ទុំដប់នាក់ពីក្នុងភូមិមក ហើយសុំឲ្យគេអង្គុយជាមួយដែរ។ |
|
| 3 |
|
| គាត់និយាយទៅកាន់សាច់ញាតិនោះដូចតទៅ៖ «បងជ្រាបស្រាប់ហើយថា បងស្រីណាអូមីបានវិលត្រឡប់មកពីស្រុកម៉ូអាប់វិញ ហើយគាត់ចង់លក់ដីស្រែ ដែលជាកម្មសិទ្ធិរបស់បងអេលីម៉ាឡេក។ |
|
| 4 |
|
| ខ្ញុំបានគិតថាគួរតែជម្រាបបង ហើយសូមឲ្យបងទិញដីស្រែនោះ ដោយមានចាស់ទុំ និងបងប្អូនឯទៀតៗដែលនៅទីនេះជួយដឹងឮផង។ ប្រសិនបើបងចង់ទិញ សូមទិញចុះ! តែបើបងមិនទិញទេ សូមប្រាប់ឲ្យខ្ញុំដឹងផង ដ្បិតនៅទីនេះ មានតែបងទេដែលមានសិទ្ធិទិញ ហើយបន្ទាប់ពីបង គឺរូបខ្ញុំ»។ បុរសនោះពោលថា៖ «ខ្ញុំចង់ទិញ!»។ |
|
| 5 |
|
| លោកបូអូសក៏និយាយថា៖ «បើបងទិញដីស្រែរបស់បងស្រីណាអូមី បងក៏ត្រូវយកនាងរស់ជាសាសន៍ម៉ូអាប់ធ្វើជាភរិយាដែរ ដើម្បីឲ្យដីនៅតែជាកម្មសិទ្ធិរបស់បងប្អូនយើងដែលស្លាប់ទៅហើយនោះដដែល»។ |
|
| 6 |
|
| បុរសនោះឆ្លើយវិញថា៖ «បើដូច្នេះ ខ្ញុំមិនអាចទិញបានទេ ព្រោះខ្ញុំមិនចង់ខាតប្រយោជន៍ និងបាត់កេរអាករផ្ទាល់របស់ខ្ញុំឡើយ សូមលោកប្អូនទិញយកចុះ! ខ្ញុំពុំអាចទិញបានទេ!»។ |
|
| 7 |
|
| កាលពីដើមនៅស្រុកអ៊ីស្រអែល ពេលអ្នកស្រុកទិញទ្រព្យសម្បត្តិ ឬផ្ទេរកម្មសិទ្ធិអ្វីមួយ ពួកគេមានទម្លាប់ដោះស្បែកជើង ហុចទៅឲ្យម្នាក់ទៀត ទុកជាសញ្ញាបញ្ជាក់ថា គេបានព្រមព្រៀងគ្នាហើយ។ |
|
| 8 |
|
| ហេតុនេះហើយបានជានៅពេលបុរសនោះ ពោលទៅកាន់លោកបូអូសថា៖ «សូមលោកប្អូនទិញយកចុះ!» គាត់ក៏បានដោះស្បែកជើងជូនលោកបូអូសដែរ។ |
|
| 9 |
|
| លោកបូអូសនិយាយទៅពួកចាស់ទុំ និងប្រជាជនទាំងមូលថា៖ «ថ្ងៃនេះ សូមអស់លោកជួយធ្វើជាសាក្សីឲ្យខ្ញុំផង ខ្ញុំបានទិញអ្វីៗទាំងអស់ដែលជាកម្មសិទ្ធិរបស់បងអេលីម៉ាឡេក ព្រមទាំងអ្វីៗដែលជាកម្មសិទ្ធិរបស់គីលីយ៉ូន និងម៉ាឡូន ពីបងស្រីណាអូមីហើយ។ |
|
| 10 |
|
| ខ្ញុំក៏សូមយកនាងរស់ជាសាសន៍ម៉ូអាប់ ដែលត្រូវជាភរិយារបស់ម៉ាឡូន មកធ្វើជាប្រពន្ធខ្ញុំផងដែរ ដើម្បីឲ្យកេរមត៌ករបស់គាត់នៅតែជាកម្មសិទ្ធិរបស់គាត់ដដែល ហើយខ្ញុំនឹងបន្តពូជពង្សឲ្យគាត់ ដើម្បីរក្សាឈ្មោះគាត់ឲ្យនៅគង់វង្ស ក្នុងចំណោមអ្នកស្រុកអ្នកភូមិ និងនៅទ្វារក្រុងនេះតទៅទៀត។ ថ្ងៃនេះអស់លោកជាសាក្សីដឹងឮស្រាប់ហើយ»។ |
|
| 11 |
|
| ពួកចាស់ទុំ និងប្រជាជនទាំងមូលនៅមាត់ទ្វារក្រុងបានឆ្លើយថា៖ «យើងទាំងអស់គ្នាជាសាក្សីហើយ! សូម អុលឡោះតាអាឡា ប្រោសប្រទានឲ្យស្ត្រីដែលចូលក្នុងគ្រួសារអ្នក បានដូចជាលោកស្រីរ៉ាជែល និងលោកស្រីលេអា ដែលបានបង្កើតជនជាតិអ៊ីស្រអែលដែរ! សូមឲ្យអ្នកមានសម្បត្តិស្តុកស្តម្ភនៅភូមិអេប្រាតា និងមានកេរ្តិ៍ឈ្មោះល្បីនៅភូមិបេថ្លេហិម។ |
|
| 12 |
|
| សូម អុលឡោះតាអាឡា ប្រទានឲ្យអ្នក និងនាងមានកូនចៅច្រើន ដើម្បីឲ្យគ្រួសារអ្នក បានដូចគ្រួសាររបស់លោកពេរេស ជាកូនរបស់លោកយូដា និងនាងតាម៉ារដែរ!»។ |
|
| 13 |
|
| លោកបូអូសក៏យកនាងរស់មកធ្វើជាភរិយា ហើយក្រោយមក អុលឡោះតាអាឡា បានប្រោសប្រទានឲ្យនាងមានផ្ទៃពោះ សំរាលបានកូនប្រុសមួយ។ |
|
| 14 |
|
| ពួកស្ត្រីនៅភូមិបេថ្លេហិមពោលទៅកាន់នាងណាអូមីថា៖ «សូមអរគុណ អុលឡោះតាអាឡា ដ្បិតទ្រង់បានប្រោសប្រទានឲ្យអ្នកមានចៅប្រុសមួយសម្រាប់ថែរក្សាអ្នក!។ សូមឲ្យចៅរបស់អ្នកមានឈ្មោះល្បីល្បាញ ក្នុងស្រុកអ៊ីស្រអែល |
|
| 15 |
|
| ចៅនេះនឹងធ្វើឲ្យជីវិតអ្នកមានសុភមង្គលឡើងវិញ ហើយជួយថែរក្សាអ្នកនៅពេលចាស់ជរាផង ដ្បិតក្មេងនេះបានកើតពីកូនប្រសាដែលស្រឡាញ់អ្នក។ នាងនេះប្រសើរជាងកូនប្រុសប្រាំពីរនាក់ទៅទៀត»។ |
|
| 16 |
|
| នាងណាអូមីក៏យកចៅមកបី ហើយចិញ្ចឹមបីបាច់តរៀងទៅ។ |
|
| 17 |
|
| ពួកស្ត្រីដែលនៅជិតខាងនាំគ្នាពោលថា៖ «នាងណាអូមីមានកូនប្រុសមួយ!»។ ពួកគេហៅកូននោះថា «អូបេដ»។ គឺលោកអូបេដនេះហើយ ដែលត្រូវជាឪពុកលោកអ៊ីសាយ ហើយលោកអ៊ីសាយជាឪពុករបស់ស្តេចទត។ |
|
| 18 |
|
| នេះជាពូជពង្សលោកពេរេស: លោកពេរេសបង្កើតលោកហេតស្រុន |
|
| 19 |
|
| លោកហេតស្រុនបង្កើតលោករ៉ាម លោករ៉ាមបង្កើតលោកអមីណាដាប់ |
|
| 20 |
|
| លោកអមីណាដាប់បង្កើតលោកណាសូន លោកណាសូនបង្កើតលោកសាលម៉ូន |
|
| 21 |
|
| លោកសាលម៉ូនបង្កើតលោកបូអូស លោកបូអូសបង្កើតលោកអូបេដ |
|
| 22 |
|
| លោកអូបេដបង្កើតលោកអ៊ីសាយ ហើយលោកអ៊ីសាយបង្កើតស្តេចទត។ |
|
|
|
|