|
| 1 |
|
| ពេលនោះ នាងហាណាទូរអាដូចតទៅ៖ « អុលឡោះតាអាឡា ប្រោសប្រទានឲ្យខ្ញុំមានចិត្ត ត្រេកអរសប្បាយយ៉ាងខ្លាំង អុលឡោះតាអាឡា លើកខ្ញុំឡើងឲ្យបានខ្ពស់មុខ ខ្ញុំអាចហាមាត់និយាយតទល់នឹងខ្មាំងសត្រូវវិញ ខ្ញុំមានអំណរយ៉ាងខ្លាំង ព្រោះទ្រង់សង្គ្រោះខ្ញុំ។ |
|
| 2 |
|
| គ្មាននរណាម្នាក់វិសុទ្ធ ដូច អុលឡោះតាអាឡា ទេ គ្មាននរណាម្នាក់ដូចទ្រង់ឡើយ ហើយក៏គ្មានថ្មដាណារឹងមាំ ដូចអុលឡោះជាម្ចាស់នៃយើងដែរ។ |
|
| 3 |
|
| កុំចេះតែពោលពាក្យអួតបំប៉ោងឡើយ ហើយក៏មិនត្រូវឲ្យមានពាក្យសំដីព្រហើន ចេញពីមាត់អ្នករាល់គ្នាដែរ ដ្បិត អុលឡោះតាអាឡា ជាម្ចាស់ ដែលជ្រាបសព្វគ្រប់ទាំងអស់ ទ្រង់វិនិច្ឆ័យគ្រប់អំពើរបស់មនុស្ស។ |
|
| 4 |
|
| ទ្រង់កាច់បំបាក់ធ្នូរបស់ទាហានដ៏ខ្លាំងពូកែ តែទ្រង់ប្រទានកម្លាំង ដល់មនុស្សទន់ខ្សោយ។ |
|
| 5 |
|
| អស់អ្នកដែលធ្លាប់តែមានអាហារបរិបូណ៌ បែរជានាំគ្នាស្វែងរកអាហារចំអែតក្រពះ រីឯអ្នកដែលធ្លាប់តែអត់ឃ្លាន បែរជាមានអាហារបរិបូណ៌ទៅវិញ។ ទ្រង់ប្រោសប្រទានឲ្យស្ត្រីអារ សំរាលកូនដល់ទៅប្រាំពីរដង តែស្ត្រីសាយកូន បែរជាគ្មានកូនទៅវិញ។ |
|
| 6 |
|
| ជីវិតរបស់មនុស្ស ត្រូវស្លាប់ ឬរស់ ស្រេចតែលើ អុលឡោះតាអាឡា គេត្រូវធ្លាក់ទៅក្នុងផ្នូរខ្មោច ឬឡើងមកវិញ ក៏ស្រេចតែលើទ្រង់ដែរ |
|
| 7 |
|
| មនុស្សយើងមាន ឬក្រ ស្រេចតែលើ អុលឡោះតាអាឡា ទ្រង់បន្ទាបនរណាក៏បាន ឬលើកនរណាឡើងក៏បាន។ |
|
| 8 |
|
| ទ្រង់លើកមនុស្សកំសត់ទុគ៌តចេញពីធូលីដី ហើយដកមនុស្សក្រីក្រចេញពីគំនរសំរាម ដើម្បីឲ្យគេបានអង្គុយទន្ទឹមនឹងអ្នកធំ ព្រមទាំងបានគ្រងរាជដ៏រុងរឿង ដ្បិត អុលឡោះតាអាឡា បានតែងតាំងគ្រឹះនៃផែនដី ហើយទ្រង់ដាក់ពិភពលោក នៅលើគ្រឹះនេះ។ |
|
| 9 |
|
| ទ្រង់ថែរក្សាដំណើរជីវិត របស់អស់អ្នកដែលស្មោះត្រង់នឹងទ្រង់ រីឯមនុស្សអាក្រក់វិញ គេនឹងត្រូវវិនាសក្នុងភាពងងឹត ដ្បិតមនុស្សមិនអាចមានជ័យជំនះ ដោយសារកម្លាំងរបស់ខ្លួនបានឡើយ។ |
|
| 10 |
|
| អស់អ្នកដែលប្រឆាំងនឹង អុលឡោះតាអាឡា មុខជាត្រូវអន្តរាយ ទ្រង់ធ្វើឲ្យមានរន្ទះពីលើមេឃ បាញ់ចំពួកគេ។ អុលឡោះតាអាឡា នឹងវិនិច្ឆ័យទោសផែនដីទាំងមូល ទ្រង់ប្រទានកម្លាំងដល់ស្តេច ដែលទ្រង់ជ្រើសរើស ព្រមទាំងប្រទានអំណាចដល់ស្តេច ដែលទ្រង់បានតែងតាំង»។ |
|
| 11 |
|
| បន្ទាប់មក លោកអែលកាណាក៏វិលទៅផ្ទះរបស់គាត់នៅភូមិរ៉ាម៉ាវិញ រីឯកុមារសាំយូអែលនៅបម្រើ អុលឡោះតាអាឡា ជាមួយអ៊ីមុាំអេលី។ |
|
| 12 |
|
| កូនប្រុសរបស់លោកអេលីជាមនុស្សពាល ពួកគេមិនស្គាល់ អុលឡោះតាអាឡា ទេ។ |
|
| 13 |
|
| ទោះបីអ្នកទាំងនោះមានមុខងារជាអ៊ីមុាំក្តី គេប្រព្រឹត្តចំពោះប្រជាជន ដូចតទៅ: កាលណាមានគេយកគូរបានមកជូនអុលឡោះអ្នកបម្រើរបស់អ៊ីមុាំ ក៏ចូលមកចំពេលដែលគេចំអិនសាច់ ទាំងកាន់សមមុខបីមកជាមួយផង។ |
|
| 14 |
|
| អ្នកបម្រើនោះយកសមចាក់សាច់ដែលគេស្ងោរ នៅក្នុងខ្ទះ ក្នុងឆ្នាំង ឬក្នុងថ្លាង ហើយសាច់ទាំងប៉ុន្មានដែលនៅជាប់នឹងសមនោះ អ៊ីមុាំប្រមូលយកទាំងអស់។ ពួកគេតែងតែប្រព្រឹត្តបែបនេះចំពោះជនជាតិអ៊ីស្រអែលទាំងអស់ ដែលមកធ្វើគូរបាននៅស៊ីឡូ។ |
|
| 15 |
|
| ជួនកាលមុនពេលគេដុតខ្លាញ់ អ្នកបម្រើរបស់អ៊ីមុាំមកនិយាយនឹងអ្នកដែលធ្វើគូរបានថា៖ «ចូរប្រគល់សាច់ដែលត្រូវអាំងនេះជូនអ៊ីមុាំទៅ ដ្បិតគាត់មិនទទួលសាច់ឆ្អិនពីអ្នកទេ គឺគាត់ទទួលតែសាច់ឆៅប៉ុណ្ណោះ»។ |
|
| 16 |
|
| ប្រសិនបើអ្នកនោះឆ្លើយថា «ត្រូវដុតខ្លាញ់ជាមុនសិន រួចសឹមអ្នកយកតាមចិត្តចុះ!» នោះអ្នកបម្រើពោលឡើងថា «ទេ! ត្រូវឲ្យខ្ញុំឥឡូវនេះមក បើមិនដូច្នោះទេ ខ្ញុំនឹងយកដោយប្រើកម្លាំងបាយ!»។ |
|
| 17 |
|
| អំពើបាបដែលកូនប្រុសរបស់លោកអេលីប្រព្រឹត្តនោះ ទាស់នឹងបំណងរបស់ អុលឡោះតាអាឡា ខ្លាំងណាស់ ដ្បិតពួកគេប្រមាថមើលងាយគូរបានរបស់អុលឡោះ។ |
|
| 18 |
|
| កុមារសាំយូអែលបំពេញការងារ នៅចំពោះ អុលឡោះតាអាឡា គាត់ពាក់អាវអេផូដធ្វើពីក្រណាត់ទេសឯក។ |
|
| 19 |
|
| រៀងរាល់ឆ្នាំ ម្តាយតែងតែដេរអាវតូចមួយយកមកឲ្យ នៅពេលនាងឡើងមកជាមួយប្ដី ដើម្បីធ្វើគូរបានប្រចាំឆ្នាំ។ |
|
| 20 |
|
| លោកអេលីជូនពរលោកអែលកាណា និងនាងហាណាថា៖ «សូម អុលឡោះតាអាឡា ប្រោសប្រទាន ឲ្យអ្នកមានកូនផ្សេងទៀត ជាមួយស្ត្រីនេះ ជំនួសកូនដែលនាងបានជូនទៅ អុលឡោះតាអាឡា!»។ បន្ទាប់មកពួកគេវិលត្រឡប់ទៅផ្ទះវិញ។ |
|
| 21 |
|
| អុលឡោះតាអាឡា ប្រោសប្រណីដល់នាងហាណា នាងក៏មានផ្ទៃពោះជាបន្តបន្ទាប់ ហើយសំរាលបានកូនប្រុសបីនាក់ និងស្រីពីរនាក់។ រីឯកុមារសាំយូអែលមានវ័យចំរើនធំឡើងនៅចំពោះ អុលឡោះតាអាឡា ។ |
|
| 22 |
|
| លោកអេលីមានវ័យកាន់តែចាស់ជរាណាស់ហើយ គាត់ឮគេនិយាយពីអំពើផ្សេងៗ ដែលកូនប្រុសទាំងពីររបស់គាត់បានប្រព្រឹត្តចំពោះជនជាតិអ៊ីស្រអែលទាំងមូល ជាពិសេស គាត់ឮថា កូនរបស់គាត់តែងតែដេកជាមួយស្រីៗ ដែលធ្វើការនៅមាត់ទ្វារជំរំជួបអុលឡោះតាអាឡា។ |
|
| 23 |
|
| លោកអេលីក៏ពោលទៅកូនៗរបស់គាត់ថា៖ «ហេតុអ្វីបានជាកូនធ្វើដូច្នេះ? ពុកបានឮប្រជាជននិយាយពីអំពើអាក្រក់របស់កូនគ្រប់ៗគ្នា។ |
|
| 24 |
|
| កូនអើយមិនត្រូវធ្វើបែបនេះឡើយ អ្វីៗទាំងប៉ុន្មានដែលពុកបានឮប្រជាជននិយាយពីកូននោះ អាក្រក់ហួសហេតុណាស់! |
|
| 25 |
|
| ប្រសិនបើមនុស្សម្នាក់ប្រព្រឹត្តអំពើបាបទៅលើម្នាក់ទៀត អុលឡោះនឹងរកខុសត្រូវឲ្យ ផ្ទុយទៅវិញ ប្រសិនបើគេប្រព្រឹត្តអំពើបាបទៅលើ អុលឡោះតាអាឡា តើនឹងមាននរណារកខុសត្រូវឲ្យ?»។ កូនៗលោកអេលីពុំព្រមស្តាប់តាមពាក្យទូន្មានរបស់ឪពុកឡើយ ដ្បិត អុលឡោះតាអាឡា បានសម្រេចប្រហារជីវិតពួកគេចោល។ |
|
| 26 |
|
| រីឯកុមារសាំយូអែលមានវ័យចំរើនធំឡើងជាទីគាប់ចិត្ត អុលឡោះតាអាឡា និងជាទីពេញចិត្តរបស់មនុស្សម្នាទាំងឡាយ។ |
|
| 27 |
|
| មានអ្នកជំនិតមួយនាក់របស់អុលឡោះបានមកជួបលោកអេលីពោលថា៖ « អុលឡោះតាអាឡា មានបន្ទូលដូចតទៅ: “កាលបុព្វបុរសរបស់អ្នកស្ថិតនៅស្រុកអេស៊ីប ជាទាសកររបស់ស្តេចហ្វៀរ៉អ៊ូន យើងបានសំដែងឲ្យគេស្គាល់យើង។ |
|
| 28 |
|
| យើងជ្រើសរើសហារូន ជាបុព្វបុរសរបស់អ្នក ពីក្នុងចំណោមកុលសម្ព័ន្ធទាំងអស់របស់ប្រជាជនអ៊ីស្រអែល ឲ្យបំពេញមុខងារជាអ៊ីមុាំ ដើម្បីឡើងទៅអាសនៈដុតគ្រឿងក្រអូប និងពាក់អាវអេផូដបម្រើយើង។ យើងបានចែកសាច់ដែលជនជាតិអ៊ីស្រអែល យកមកដុតជាគូរបានជូនយើង ឲ្យពូជពង្សនៃបុព្វបុរសរបស់អ្នករាល់គ្នា។ |
|
| 29 |
|
| ហេតុអ្វីបានជាអ្នករាល់គ្នាជាន់ឈ្លីគូរបាន និងជំនូនដែលយើងបង្គាប់ឲ្យប្រជាជនយកមកជូន នៅក្នុងម៉ាស្ទិទរបស់យើង? ហេតុអ្វីបានជាអ្នកលើកតម្កើងកូនរបស់អ្នកជាងយើង ដោយបណ្តោយឲ្យកូនយកចំណែកជំនូនល្អៗរបស់ជនជាតិអ៊ីស្រអែល ជាប្រជាជនរបស់យើង យកទៅបំប៉នខ្លួនឯងដូច្នេះ?” |
|
| 30 |
|
| ហេតុនេះ អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែលមានបន្ទូលដូចតទៅ: “យើងធ្លាប់សន្យាពីមុនមកថា ពូជពង្សនៃបុព្វបុរសរបស់អ្នក គឺពូជពង្សរបស់អ្នក នឹងបម្រើយើងអស់កល្បជាអង្វែងតរៀងទៅ។ ក៏ប៉ុន្តែ ឥឡូវនេះ យើងសូមប្រកាសយ៉ាងឱឡារឹកថា យើងលុបបំបាត់ចោលនូវពាក្យសន្យានោះហើយ! ដ្បិតយើងផ្តល់កិត្តិយសដល់អស់អ្នកដែលលើកកិត្តិយសយើង តែបើអ្នកណាមើលងាយយើង យើងក៏លែងរាប់រកអ្នកនោះវិញដែរ! |
|
| 31 |
|
| ទៅអនាគត យើងនឹងធ្វើឲ្យអ្នក ព្រមទាំងពូជពង្សរបស់អ្នកបាក់កម្លាំង ហើយក្នុងពូជពង្សរបស់អ្នក គ្មាននរណាម្នាក់មានអាយុវែងទៀតឡើយ។ |
|
| 32 |
|
| អ្នកនឹងឃើញទុក្ខព្រួយនៅក្នុងម៉ាស្ទិទរបស់យើង។ ប្រជាជនអ៊ីស្រអែលនឹងទទួលសេចក្តីសុខចំរើន រីឯក្នុងពូជពង្សរបស់អ្នកវិញ គ្មាននរណាម្នាក់មានអាយុវែងទៀតឡើយ។ |
|
| 33 |
|
| ទោះជាយ៉ាងណាក្តី យើងនឹងទុកឲ្យមានមនុស្សម្នាក់ក្នុងពូជពង្សរបស់អ្នក បំពេញមុខងារនៅជិតអាសនៈរបស់យើង ដើម្បីឲ្យអ្នកឈឺចិត្ត និងបាត់បង់សេចក្តីសង្ឃឹម។ រីឯកូនចៅឯទៀតៗរបស់អ្នកដែលកើតមកតាមក្រោយនឹងត្រូវស្លាប់ ក្នុងពេលកំពុងតែពេញវ័យ។ |
|
| 34 |
|
| អ្នកនឹងឃើញការដែលកើតមានចំពោះកូនប្រុសទាំងពីររបស់អ្នក គឺហូបនី និងភីនេហាស ទុកជាទីសំគាល់។ ពួកគេទាំងពីរនាក់នឹងត្រូវស្លាប់ក្នុងថ្ងៃតែមួយ។ |
|
| 35 |
|
| បន្ទាប់មក យើងជ្រើសរើសយកអ៊ីមុាំម្នាក់ ដែលមានចិត្តស្មោះត្រង់ ហើយប្រព្រឹត្តតាមចិត្ត និងតាមគោលគំនិតរបស់យើង។ យើងនឹងឲ្យគេមានពូជពង្សមួយដែលមានស្ថិរភាព គេនឹងបម្រើស្តេចដែលយើងតែងតាំងជារៀងរហូត។ |
|
| 36 |
|
| ពេលនោះពូជពង្សរបស់អ្នក ដែលនៅសេសសល់ នឹងមកក្រាបសំពះអ្នកនោះ ដើម្បីសុំប្រាក់ និងសុំអាហារទាំងអង្វរថា “សូមមេត្តាអនុញ្ញាតឲ្យខ្ញុំ នៅបំពេញការងារជាអ៊ីមុាំជាមួយអ្នក ដើម្បីឲ្យខ្ញុំមានអាហារខ្លះសម្រាប់បរិភោគផង”»។ |
|
|
|
|