|
| 1 |
|
| ដាវីឌក៏ចេញពីទីនោះ ភៀសខ្លួនទៅក្នុងរអាងអាឌូឡាម កាលពួកបងប្អូន និងគ្រួសាររបស់ឪពុកលោកទាំងប៉ុន្មានបានដឹង នោះគេក៏នាំគ្នាចុះទៅរកលោកនៅទីនោះ។ |
|
| 2 |
|
| អស់អ្នកណាដែលមានសេចក្ដីវេទនា និងអស់អ្នកណាដែលជាប់បំណុល និងអស់អ្នកណាដែលមានសេចក្ដីជូរជ្រេញក្នុងចិត្ត គេក៏ប្រមូលគ្នាទៅជួបលោក មានចំនួនប្រហែលជាបួនរយនាក់នៅជាមួយលោក ហើយលោកធ្វើជាមេលើគេ។ |
|
| 3 |
|
| ពីទីនោះ ដាវីឌក៏ចេញទៅមីសប៉ា នៅស្រុកម៉ូអាប់ លោកទូលសូមស្តេចម៉ូអាប់ថា៖ «សូមព្រះអង្គអនុញ្ញាតឲ្យឪពុកម្តាយរបស់ទូលបង្គំស្នាក់អាស្រ័យជាមួយព្រះករុណាផង រហូតដល់ទូលបង្គំដឹងជាព្រះនឹងប្រព្រឹត្តដល់ទូលបង្គំជាយ៉ាងណា»។ |
|
| 4 |
|
| លោកក៏នាំឪពុកម្តាយទៅគាល់ស្តេចម៉ូអាប់ រួចគេអាស្រ័យនៅជាមួយទ្រង់ អស់កំណត់ពេលដែលដាវីឌនៅក្នុងជម្រកលាក់ខ្លួន។ |
|
| 5 |
|
| ឯហោរាកាដក៏ជម្រាបលោកថា៖ «កុំនៅក្នុងជម្រកលាក់ខ្លួននេះឡើយ សូមទៅស្រុកយូដាវិញទៅ»។ ដូច្នេះ ដាវីឌក៏ចេញដំណើរទៅកាន់ព្រៃហោរេក។ |
|
| 6 |
|
| ស្ដេចសូលឮថា មានគេបានឃើញដាវីឌ និងពួកមនុស្សដែលនៅជាមួយលោក គ្រានោះ ស្ដេចសូលកំពុងគង់នៅក្រោមដើមម៉ៃសាក់ ត្រង់គីបៀរនៅស្រុករ៉ាម៉ា មានទាំងលំពែងនៅព្រះហស្ត ហើយពួកមហាតលិករបស់ព្រះអង្គឈរព័ទ្ធជុំវិញផង។ |
|
| 7 |
|
| ព្រះអង្គមានរាជឱង្ការទៅពួកមហាតលិកដែលឈរជុំវិញនោះថា៖ «នែ៎ ពួកបេនយ៉ាមីនអើយ ចូរស្តាប់យើង តើកូនអ៊ីសាយនោះនឹងចែកស្រែចម្ការឲ្យដល់ឯងគ្រប់គ្នាឬ? តើវានឹងតាំងឯងទាំងអស់ឲ្យធ្វើជាមេទ័ពលើមួយពាន់នាក់ ហើយលើមួយរយនាក់ឬ? |
|
| 8 |
|
| ហេតុអ្វីបានជាឯងទាំងអស់គ្នារួមគំនិតគិតក្បត់យើងដូច្នេះ? គ្មានអ្នកណាមួយប្រាប់ឲ្យយើងឲ្យដឹង ក្នុងកាលដែលកូនយើងបានចុះសញ្ញានឹងកូនអ៊ីសាយនោះទេ ក៏គ្មានអ្នកណាមួយក្នុងពួកឯងដែលឈឺឆ្អាលនឹងយើងសោះ ឬបង្ហាញឲ្យដឹងថា កូនយើងបានពន្យុះអ្នកបម្រើរបស់យើង ឲ្យលបចាំទាស់នឹងយើង ដូចជាសព្វថ្ងៃនេះផង»។ |
|
| 9 |
|
| នោះដូអេក ជាសាសន៍អេដុម ដែលឈរជិតពួកមហាតលិករបស់សូល ក៏ទូលឆ្លើយឡើងថា៖ «ទូលបង្គំបានឃើញកូនអ៊ីសាយមករកអ័ហ៊ីម៉ាលេក ជាកូនអ័ហ៊ីទូប នៅត្រង់ណូប |
|
| 10 |
|
| ហើយលោកបានទូលសួរដល់ព្រះយេហូវ៉ាឲ្យវា ក៏បានឲ្យអាហារ និងដាវរបស់កូលីយ៉ាតជាសាសន៍ភីលីស្ទីនទៅវាផង»។ |
|
| 11 |
|
| ស្តេចក៏ចាត់គេឲ្យទៅនាំអ័ហ៊ីម៉ាលេក ជាសង្ឃដែលជាកូនអ័ហ៊ីទូប និងគ្រួសារឪពុកលោកទាំងអស់ដែលនៅត្រង់ណូបមក គេក៏មកគាល់ស្តេចទាំងអស់គ្នា។ |
|
| 12 |
|
| ស្ដេចសូលមានរាជឱង្ការទៅគេថា៖ «ចូរស្តាប់ កូនអ័ហ៊ីទូប!»។ លោកក៏ទូលឆ្លើយថា៖ «ក្រាបទូល ព្រះករុណាជាអម្ចាស់»។ |
|
| 13 |
|
| ស្ដេចសូលមានរាជឱង្ការថា៖ «ហេតុអ្វីបានជាលោក និងកូនអ៊ីសាយរួមគំនិតទាស់នឹងយើង ដោយបានឲ្យអាហារ និងដាវដល់វា ហើយទូលព្រះឲ្យវាផង ដើម្បីឲ្យវាបានលើកគ្នាមកលបចាំទាស់នឹងយើង ដូចជាសព្វថ្ងៃនេះដូច្នេះ?» |
|
| 14 |
|
| អ័ហ៊ីម៉ាឡេកទូលឆ្លើយស្ដេចថា៖ «នៅក្នុងចំណោមអ្នកបម្រើរបស់ព្រះអង្គទាំងប៉ុន្មាន តើមានអ្នកណាដែលស្មោះត្រង់ដូចដាវីឌ? លោកជាកូនប្រសារបស់ព្រះមហាក្សត្រ ជាមេទ័ពកងអង្គរក្សរបស់ព្រះករុណា ហើយមានកេរ្តិ៍ឈ្មោះក្នុងដំណាក់របស់ព្រះករុណាទៀតផង។ |
|
| 15 |
|
| ដូច្នេះ នៅថ្ងៃនេះ ដែលទូលបង្គំបានទូលសួរដល់ព្រះ នោះតើបានទូលសួរឲ្យលោកឬ សូមឲ្យសេចក្ដីនោះនៅឆ្ងាយពីទូលបង្គំទៅ កុំឲ្យទ្រង់ព្រះករុណាទម្លាក់កំហុសលើទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ ឬអ្នកណាមួយក្នុងគ្រួសារឪពុកទូលបង្គំដូច្នេះឡើយ ដ្បិតទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ មិនបានដឹងពីរឿងទាំងនេះទេ ទោះច្រើន ឬតិចក្តី»។ |
|
| 16 |
|
| ស្តេចមានរាជឱង្ការថា៖ «អ័ហ៊ីម៉ាឡេកឯងត្រូវស្លាប់ជាពិតប្រាកដ គឺឯងហើយនិងគ្រួសារឪពុកឯងទាំងអស់គ្នាផង»។ |
|
| 17 |
|
| រួចស្តេចក៏បង្គាប់ដល់ពួកតម្រួតដែលឈរនៅជុំវិញថា៖ «ចូរអ្នករាល់គ្នាសម្លាប់ពួកសង្ឃរបស់ព្រះយេហូវ៉ាចោលទៅ ព្រោះគេបានចូលដៃនឹងដាវីឌហើយ គេបានដឹងថាវារត់ តែមិនបានប្រាប់ដល់យើងសោះ» តែពួកតម្រួតរបស់ស្តេច គេមិនព្រមលើកដៃទៅសម្លាប់ពួកសង្ឃរបស់ព្រះយេហូវ៉ាឡើយ។ |
|
| 18 |
|
| នោះស្តេចមានរាជឱង្ការទៅដូអេកថា៖ «ចូរទៅសម្លាប់ពួកសង្ឃទាំងនោះទៅ»។ ដូច្នេះ ដូអេក ជាសាសន៍អេដុម ក៏ស្ទុះទៅលើពួកសង្ឃសម្លាប់ស្លាប់អស់ប៉ែតសិបប្រាំនាក់នៅថ្ងៃនោះ សុទ្ធតែជាអ្នកពាក់អេផូឌធ្វើពីអំបោះខ្លូតទេស។ |
|
| 19 |
|
| នៅក្រុងណូបជាទីក្រុងរបស់ពួកសង្ឃនោះ គាត់ក៏ប្រហារដោយមុខដាវដែរ គឺទាំងប្រុស ទាំងស្រី ទាំងក្មេង និងកូនដែលនៅបៅ ទាំងគោ ទាំងលា និងចៀមផង។ |
|
| 20 |
|
| ប៉ុន្តែ មានម្នាក់ឈ្មោះអ័បៀថើរ ជាកូនអ័ហ៊ីម៉ាឡេក ដែលជាកូនអ័ហ៊ីទូប បានរត់រួចទៅដល់ដាវីឌ |
|
| 21 |
|
| ជម្រាបពីដំណើរដែលសូលបានសម្លាប់ពួកសង្ឃរបស់ព្រះយេហូវ៉ាអស់ហើយ។ |
|
| 22 |
|
| នោះដាវីឌមានប្រសាសន៍ទៅអ័បៀថើរថា៖ «នៅថ្ងៃនោះ កាលខ្ញុំឃើញដូអេក ជាសាសន៍អេដុមនៅទីនោះ ខ្ញុំបានដឹងថា គាត់នឹងទូលពិតដល់សូលជាមិនខាន។ ដូច្នេះ ខ្ញុំនេះហើយដែលបានធ្វើឲ្យគ្រួសារឪពុកអ្នកស្លាប់ទាំងអស់គ្នា។ |
|
| 23 |
|
| ចូរអ្នកនៅជាមួយខ្ញុំ កុំភ័យខ្លាចឡើយ ដ្បិតអ្នកដែលស្វែងរកជីវិតខ្ញុំ ក៏រកជីវិតអ្នកដែរ តែនៅជាមួយខ្ញុំនេះ អ្នកនឹងបានសេចក្ដីសុខ»។ |
|
|
|
|