|
| 1 |
|
| នៅគ្រានោះ ពួកភីលីស្ទីនបានប្រមូលពលទ័ពមក ដើម្បីច្បាំងនឹងសាសន៍អ៊ីស្រាអែល ហើយព្រះបាទអ័គីសមានរាជឱង្ការទៅដាវីឌថា៖ «អ្នកដឹងហើយថា អ្នក និងពួកពលរបស់អ្នកត្រូវចេញទៅក្នុងកងទ័ពជាមួយយើង»។ |
|
| 2 |
|
| ដាវីឌទូលឆ្លើយថា៖ «បើដូច្នេះ ព្រះករុណានឹងជ្រាបថាទូលបង្គំជាអ្នកបម្រើរបស់ព្រះករុណាអាចធ្វើអ្វីមួយបានមិនខាន»។ នោះព្រះបាទអ័គីសមានរាជឱង្ការតបថា៖ «ល្អណាស់ យើងនឹងតាំងលោកជាអង្គរក្សការពារយើងរហូតតទៅ»។ |
|
| 3 |
|
| ពេលនោះ លោកសាំយូអែលបានស្លាប់ហើយ ពួកអ៊ីស្រាអែលទាំងអស់ក៏កាន់ទុក្ខ ហើយបានបញ្ចុះសពលោកនៅត្រង់រ៉ាម៉ា ក្នុងទីក្រុងរបស់លោករួចជាស្រេច។ ស្តេចសូលបានបណ្តេញពួកគ្រូខាបទាំងអស់ និងពួកគ្រូអន្ទងខ្មោចចេញពីស្រុក។ |
|
| 4 |
|
| ពួកភីលីស្ទីនបានប្រមូលគ្នាមកបោះទ័ពនៅត្រង់ស៊ូណែម ហើយស្ដេចសូលក៏ប្រមូលពួកអ៊ីស្រាអែលទាំងអស់ ទៅបោះទ័ពនៅត្រង់គីលបោដែរ។ |
|
| 5 |
|
| ពេលស្តេចសូលបានទតឃើញពលទ័ពខាងពួកភីលីស្ទីន ទ្រង់ក៏ភ័យ ហើយមានព្រះហឫទ័យញាប់ញ័រជាខ្លាំង។ |
|
| 6 |
|
| នៅពេលស្តេចសូលទូលដល់ព្រះយេហូវ៉ា នោះព្រះអង្គមិនឆ្លើយតបសោះ ទោះបើដោយការពន្យល់សប្តិ ឬដោយសារអ៊ូរីម ឬដោយពួកហោរាក្តី។ |
|
| 7 |
|
| ដូច្នេះ ស្ដេចសូលមានរាជឱង្ការទៅពួករាជបម្រើថា៖ «ចូរទៅរកស្ត្រីណាដែលចេះខាបខ្មោចឲ្យយើង ដើម្បីឲ្យយើងបានទៅសួរទំនាយពីនាង» ពួកអ្នកបម្រើរបស់ទ្រង់ទូលឆ្លើយថា៖ «នៅឯអេន-ដោរ មានស្ត្រីម្នាក់ជាអ្នកចេះខាប»។ |
|
| 8 |
|
| នោះស្តេចសូលបានក្លែងខ្លួន ហើយផ្លាស់សម្លៀកបំពាក់ចេញទៅ មានមនុស្សពីរនាក់ទៅជាមួយដែរ។ ស្ដេចសូលបានទៅជួបស្ត្រីនោះទាំងយប់ ហើយមានរាជឱង្ការថា៖ «សូមចូលរូប ហើយខាបយកព្រលឹងមនុស្សម្នាក់ ដែលខ្ញុំនឹងប្រាប់អ្នក»។ |
|
| 9 |
|
| ស្ត្រីនោះឆ្លើយឡើងថា៖ «លោកជ្រាបច្បាស់ហើយថាស្ដេចសូលបានធ្វើយ៉ាងណា គឺទ្រង់បានបណ្ដេញពួកចេះខាប និងអន្ទងខ្មោចពីស្រុកចេញអស់ហើយ ចុះហេតុអ្វីបានជាលោកដាក់អន្ទាក់ចាប់ជីវិតខ្ញុំឲ្យត្រូវស្លាប់ដូច្នេះ?» |
|
| 10 |
|
| ប៉ុន្តែ ស្ដេចសូលបានស្បថឲ្យស្ត្រីនោះ ដោយនូវព្រះយេហូវ៉ាថា៖ «ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា អ្នកមិនមានទោសចំពោះការនេះឡើយ»។ |
|
| 11 |
|
| បន្ទាប់មក ស្ត្រីនោះសួរថា៖ «តើចង់ឲ្យខ្ញុំខាបយកអ្នកណាមកឲ្យលោក?» ស្តេចឆ្លើយថា៖ «សូមខាបយកសាំយូអែលមកឲ្យខ្ញុំ»។ |
|
| 12 |
|
| ពេលស្ត្រីនោះបានឃើញសាំយូអែល គាត់ក៏ស្រែកឡើងជាខ្លាំង ហើយទូលស្តេចសូលថា៖ «ហេតុអ្វីបានជាបញ្ឆោតខ្ញុំម្ចាស់ដូច្នេះ? លោកនេះហើយ គឺជាស្តេចសូល»។ |
|
| 13 |
|
| ស្តេចមានរាជឱង្ការថា៖ «កុំភ័យខ្លាចឡើយ តើអ្នកបានឃើញអ្វី?» ស្ត្រីនោះទូលឆ្លើយថា៖ «ខ្ញុំម្ចាស់បានឃើញពួកព្រះ ឡើងពីដីមក»។ |
|
| 14 |
|
| ទ្រង់មានរាជឱង្ការទៀតថា៖ «តើមានរូបរាងដូចម្តេច?»។ គាត់ទូលថា៖ «គឺមនុស្សចាស់ម្នាក់ឃ្លុំអាវឡើងមក»។ នោះស្តេចសូលយល់ថា ជាសាំយូអែលហើយ រួចទ្រង់ក្រាបព្រះភក្ត្រចុះដល់ដីដោយគោរព។ |
|
| 15 |
|
| លោកសាំយូអែលទូលសួរថា៖ «ហេតុអ្វីបានជារំខានទូលបង្គំ ដោយហៅទូលបង្គំឡើងមកដូច្នេះ?»។ ស្ដេចសូលមានរាជឱង្ការឆ្លើយថា៖ «ខ្ញុំមានសេចក្ដីទុក្ខខ្លាំងណាស់ ព្រោះពួកសាសន៍ភីលីស្ទីនមកច្បាំងនឹងខ្ញុំ ហើយព្រះបានថយចេញពីខ្ញុំទៅ ព្រះអង្គឥតមានព្រះបន្ទូលឆ្លើយមកខ្ញុំទៀតឡើយ ទោះបើដោយហោរា ឬដោយការពន្យល់សប្តិក្តី ហេតុនេះហើយបានជាខ្ញុំហៅលោកមក ដើម្បីឲ្យលោកបង្ហាញថា តើខ្ញុំគួរធ្វើយ៉ាងណា?» |
|
| 16 |
|
| លោកសាំយូអែលឆ្លើយថា៖ «បើព្រះយេហូវ៉ាបានថយចេញពីទ្រង់ទៅ ហើយបានត្រឡប់ជាទាស់ទទឹងនឹងទ្រង់ផង ចុះហេតុអ្វីបានជាទ្រង់សួរដល់ទូលបង្គំដូច្នេះ? |
|
| 17 |
|
| ព្រះយេហូវ៉ាបានសម្រេចចំពោះទ្រង់ តាមសេចក្ដីទំនាយដែលបានថ្លែងតាមរយៈទូលបង្គំហើយ គឺបានដករាជ្យពីព្រះហស្តរបស់ទ្រង់ចេញ ប្រគល់ឲ្យដល់អ្នកដទៃម្នាក់ គឺដាវីឌ |
|
| 18 |
|
| ព្រោះទ្រង់មិនបានស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ាឡើយ ក៏មិនបានធ្វើដល់សាសន៍អាម៉ាឡេក តាមសេចក្ដីក្រេវក្រោធរបស់ព្រះដែរ ហេតុនោះបានជានៅថ្ងៃនេះ ព្រះយេហូវ៉ាបានប្រព្រឹត្តចំពោះទ្រង់យ៉ាងដូច្នេះ។ |
|
| 19 |
|
| មួយទៀត ព្រះយេហូវ៉ានឹងប្រគល់សាសន៍អ៊ីស្រាអែល ដែលនៅជាមួយទ្រង់ទៅក្នុងកណ្ដាប់ដៃរបស់ពួកភីលីស្ទីន នៅថ្ងៃស្អែកនេះ ទ្រង់ ព្រមទាំងពួកបុត្រារបស់ទ្រង់ នឹងបានទៅនៅជាមួយទូលបង្គំហើយ ព្រះយេហូវ៉ានឹងប្រគល់ពួកពលទ័ពរបស់សាសន៍អ៊ីស្រាអែលទៅក្នុងកណ្ដាប់ដៃនៃពួកភីលីស្ទីនដែរ»។ |
|
| 20 |
|
| រំពេចនោះ ស្តេចសូលក៏ដួលចុះដល់ដីទាំងជំហរ មានសេចក្ដីភ័យខ្លាចជាខ្លាំង ដោយឮពាក្យដែលសាំយូអែលបានប្រាប់ ហើយគ្មានកម្លាំងនៅសល់ទៀតឡើយ ព្រោះមិនបានសោយព្រះស្ងោយអស់ពេញមួយថ្ងៃមួយយប់មកហើយ។ |
|
| 21 |
|
| ស្ត្រីនោះក៏មកជិតស្តេចសូល ឃើញទ្រង់តក់ស្លុតជាខ្លាំង ក៏ទូលថា៖ «ខ្ញុំម្ចាស់ជាអ្នកបម្រើរបស់ទ្រង់ បានស្តាប់តាមទ្រង់ហើយ ក៏បានប្រថុយជីវិតដើម្បីធ្វើតាមអស់ទាំងសេចក្ដីដែលទ្រង់បានមានរាជឱង្ការមកខ្ញុំម្ចាស់ដែរ។ |
|
| 22 |
|
| ដូច្នេះ សូមទ្រង់ស្តាប់តាមពាក្យរបស់ខ្ញុំម្ចាស់ជាអ្នកបម្រើរបស់ទ្រង់ឥឡូវចុះ សូមអនុញ្ញាតឲ្យខ្ញុំម្ចាស់រៀបនំបុ័ងបន្តិចថ្វាយទ្រង់សោយ ដើម្បីឲ្យមានកម្លាំងក្នុងការបន្តដំណើរទៅមុខទៀត»។ |
|
| 23 |
|
| ស្ដេចសូលប្រកែកថា៖ «យើងមិនបរិភោគទេ» តែដោយពួកអ្នកបម្រើរបស់ទ្រង់ ព្រមទាំងស្ត្រីនោះចេះតែទទូចអង្វរ បានជាទ្រង់ក៏ស្តាប់តាម រួចក្រោកពីដីឡើងទៅគង់នៅលើគ្រែ។ |
|
| 24 |
|
| ស្ត្រីនោះមានកូនគោមួយយ៉ាងធាត់នៅក្នុងផ្ទះ គាត់ក៏ប្រញឹកប្រញាប់សម្លាប់គោនោះ ហើយយកម្សៅមកច្របាច់ដុតធ្វើជានំបុ័ងឥតដំបែ |
|
| 25 |
|
| រួចលើកយកមកថ្វាយស្តេចសូល និងពួកអ្នកបម្រើរបស់ទ្រង់ គេក៏បរិភោគគ្រប់គ្នា រួចក្រោកឡើងចេញទៅទាំងយប់នោះវិញ។ |
|
|
|
|