|
| 1 |
|
| សាំយូអែលក៏នាំយកបន្ទូលនេះ ទៅប្រកាសប្រាប់ជនជាតិអ៊ីស្រអែលទាំងមូល។ ថ្ងៃមួយជនជាតិអ៊ីស្រអែលបានចេញទៅច្បាំងតទល់នឹងជនជាតិភីលីស្ទីន។ ពួកគេបោះទ័ពនៅជិតអេបេន-អេស៊ើរ រីឯពួកភីលីស្ទីនបោះទ័ពនៅអាផេក។ |
|
| 2 |
|
| ជនជាតិភីលីស្ទីនតំរៀបទ័ពប្រឈមមុខនឹងជនជាតិអ៊ីស្រអែល ហើយការប្រយុទ្ធក៏ផ្ទុះឡើង។ ជនជាតិភីលីស្ទីនវាយឈ្នះជនជាតិអ៊ីស្រអែល និងសម្លាប់ទាហានអ៊ីស្រអែលនៅលើសមរភូមិ អស់ប្រហែលបួនពាន់នាក់។ |
|
| 3 |
|
| ទាហានដែលនៅសេសសល់ នាំគ្នាវិលត្រឡប់មកទីតាំងទ័ពវិញ។ ពួកអះលីជំអះនៃជនជាតិអ៊ីស្រអែលពោលថា៖ «ថ្ងៃនេះ ហេតុអ្វីបានជា អុលឡោះតាអាឡា បណ្តោយឲ្យយើងចាញ់ពួកភីលីស្ទីនដូច្នេះ? ចូរយើងទៅស៊ីឡូ នាំហិបនៃសម្ពន្ធមេត្រីរបស់ អុលឡោះតាអាឡា យកមកជាមួយពួកយើង ដើម្បីឲ្យហិបនោះសង្គ្រោះពួកយើង ពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ»។ |
|
| 4 |
|
| គេក៏ចាត់មនុស្សឲ្យទៅស៊ីឡូ ហើយនាំយកហិបនៃសម្ពន្ធមេត្រីរបស់ អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់ដែលនៅលើពួកម៉ាឡាអ៊ីកាត់មានស្លាប។ កូនប្រុសទាំងពីររបស់លោកអេលី គឺហូបនី និងភីនេហាស មកជាមួយហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះដែរ។ |
|
| 5 |
|
| ពេលគេនាំហិបនៃសម្ពន្ធមេត្រីរបស់ អុលឡោះតាអាឡា មកដល់ទីតាំងទ័ព ជនជាតិអ៊ីស្រអែលទាំងមូលស្រែកជ័យឃោសយ៉ាងខ្លាំង រហូតដល់ធ្វើឲ្យខ្ទរផែនដី។ |
|
| 6 |
|
| កាលពួកភីលីស្ទីនឮសំរែកជ័យឃោសយ៉ាងខ្លាំងនេះ ក៏ពោលថា៖ «តើមានរឿងអ្វី បានជាពួកហេប្រឺស្រែកហ៊ោកញ្ជ្រៀវនៅក្នុងជំរំខ្លាំងម៉្លេះ?»។ បន្ទាប់មក ទើបពួកនេះយល់ថាហិបរបស់ អុលឡោះតាអាឡា មកដល់ជំរំហើយ។ |
|
| 7 |
|
| ពួកភីលីស្ទីនក៏ភិតភ័យ ហើយពោលថា៖ «ព្រះរបស់ពួកគេមកដល់ជំរំរបស់គេហើយ។ យើងមុខជាត្រូវវេទនាពុំខាន ដ្បិតពីមុន មិនដែលមានហេតុការណ៍ដូច្នេះទេ។ |
|
| 8 |
|
| យើងមុខជាត្រូវវេទនាពុំខាន! តើនរណានឹងរំដោះយើងឲ្យរួចពីកណ្តាប់ដៃរបស់ព្រះដ៏ខ្លាំងពូកែនោះ? គឺព្រះនោះហើយដែលបានវាយជនជាតិអេស៊ីប ឲ្យរងទុក្ខវេទនាគ្រប់បែបយ៉ាង នៅវាលរហោស្ថាន។ |
|
| 9 |
|
| ភីលីស្ទីនអើយ! ចូរមានកម្លាំង និងចិត្តអង់អាចឡើង ដើម្បីកុំឲ្យធ្លាក់ខ្លួនទៅជាខ្ញុំបម្រើរបស់ពួកហេប្រឺ ដូចពួកគេបានធ្វើជាខ្ញុំបម្រើរបស់យើងដែរ។ ចូរមានចិត្តអង់អាច ហើយប្រយុទ្ធនឹងពួកគេចុះ!»។ |
|
| 10 |
|
| ពួកភីលីស្ទីនក៏ចូលប្រយុទ្ធ ហើយវាយជនជាតិអ៊ីស្រអែលឲ្យបរាជ័យ បាក់ទ័ព រត់ទៅជំរំរបស់គេរៀងៗខ្លួន។ នៅពេលនោះ ពួកអ៊ីស្រអែលបរាជ័យយ៉ាងធ្ងន់ គឺកងពលថ្មើរជើងរបស់គេស្លាប់អស់បីម៉ឺននាក់។ |
|
| 11 |
|
| ហិបរបស់អុលឡោះត្រូវខ្មាំងដណ្តើមយកបាន ហើយកូនប្រុសទាំងពីររបស់លោកអេលី គឺ ហូបនី និងភីនេហាសក៏បាត់បង់ជីវិតដែរ។ |
|
| 12 |
|
| នៅថ្ងៃដដែលនោះ បុរសម្នាក់ក្នុងកុលសម្ព័ន្ធពុនយ៉ាមីនបានរត់ពីសមរភូមិទៅដល់ស៊ីឡូ ខោអាវរបស់គាត់រហែកដាច់អស់ ហើយក្បាលគាត់ប្រឡាក់ទៅដោយធូលីដីផង។ |
|
| 13 |
|
| កាលបុរសនោះមកដល់ លោកអេលីកំពុងតែអង្គុយលើកៅអី រង់ចាំនៅមាត់ផ្លូវ ចិត្តរបស់គាត់អន្ទះសា ដោយនឹកបារម្ភអំពីហិបនៃអុលឡោះ។ បុរសនោះចូលមកក្នុងទីក្រុង រួចប្រកាសដំណឹងដល់ប្រជាជន។ អ្នកក្រុងទាំងមូលនាំគ្នាស្រែកយំយ៉ាងខ្លោចផ្សា។ |
|
| 14 |
|
| កាលឮប្រជាជនស្រែកយំដូច្នេះ លោកអេលីសួរថា៖ «ហេតុអ្វីបានជាមានសំរែកអឺងកងយ៉ាងនេះ?»។ បុរសនោះក៏ប្រញាប់ប្រញាល់ចូលទៅជម្រាបដំណឹងដល់គាត់។ |
|
| 15 |
|
| នៅគ្រានោះ លោកអេលីមានអាយុកៅសិបប្រាំបីឆ្នាំហើយ ភ្នែករបស់គាត់ងងឹតមើលអ្វីលែងឃើញ។ |
|
| 16 |
|
| បុរសនោះជម្រាបលោកអេលីថា៖ «ខ្ញុំមកពីសមរភូមិ ហើយទើបនឹងរត់មកដល់ថ្ងៃនេះ»។ លោកអេលីក៏សួរថា៖ «យ៉ាងម៉េចទៅហើយកូនអើយ?»។ |
|
| 17 |
|
| បុរសដែលនាំដំណឹងមកនោះ ជម្រាបគាត់ថា៖ «ពួកអ៊ីស្រអែលយើងបានបាក់ទ័ពរត់នៅចំពោះមុខពួកភីលីស្ទីន គឺយើងទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរ កូនប្រុសទាំងពីររបស់តា គឺ ហូបនី និងភីនេហាសក៏ស្លាប់ រីឯហិបរបស់អុលឡោះក៏ត្រូវគេដណ្តើមយកទៅដែរ»។ |
|
| 18 |
|
| ពេលគេរៀបរាប់អំពីហិបរបស់អុលឡោះមិនទាន់ចប់ស្រួលបួលផង លោកអេលីធ្លាក់ពីកៅអី បោកត្រូវលើជ្រុងទ្វារ បាក់កស្លាប់មួយរំពេច ព្រោះគាត់មានវ័យចាស់ជរា ព្រមទាំងធាត់ទៀតផង។ លោកអេលីគ្រប់គ្រងលើជនជាតិអ៊ីស្រអែល អស់រយៈពេលសែសិបឆ្នាំ។ |
|
| 19 |
|
| រីឯកូនប្រសាស្រីរបស់លោកអេលី គឺប្រពន្ធរបស់លោកភីនេហាស មានផ្ទៃពោះគ្រប់ខែហើយ។ កាលនាងទទួលដំណឹងថា គេបានដណ្តើមយកហិបរបស់អុលឡោះហើយឪពុកក្មេក និងប្ដីរបស់នាងក៏ស្លាប់ដែរ នោះនាងទន់ជង្គង់ ចាប់ផ្តើមឈឺផ្ទៃហើយសំរាលកូន។ |
|
| 20 |
|
| ពេលនាងជិតផុតដង្ហើម ពួកស្រីៗដែលនៅឈរក្បែរនាងពោលឡើងថា៖ «កុំភ័យខ្លាចអ្វី ព្រោះនាងសំរាលបានកូនប្រុសមួយ!»។ ប៉ុន្តែ នាងពុំយកចិត្តទុកដាក់ស្តាប់ ឬឆ្លើយតបទៅពួកគេវិញទេ។ |
|
| 21 |
|
| នាងដាក់ឈ្មោះកូននោះថា «អ៊ីកាបុដ» ដែលមានន័យថា «សិរីរុងរឿងបានចាកចេញពីជនជាតិអ៊ីស្រអែលហើយ!»។ នាងពោលដូច្នេះ មកពីខ្មាំងដណ្តើមយកបានហិបរបស់អុលឡោះ ហើយឪពុកក្មេក និងប្ដីរបស់នាងក៏ស្លាប់ដែរ។ |
|
| 22 |
|
| នាងពោលថា៖ «សិរីរុងរឿងបានចាកចេញពីជនជាតិអ៊ីស្រអែលហើយ» ដ្បិតខ្មាំងដណ្តើមយកបានហិបរបស់អុលឡោះ! |
|
|
|
|