|
| 1 |
|
| លោកសាំយូអែលប្រកាសព្រះបន្ទូលប្រាប់សាសន៍អ៊ីស្រាអែលទាំងមូល។ សាសន៍អ៊ីស្រាអែលបានចេញទៅច្បាំងនឹងពួកសាសន៍ភីលីស្ទីន ពួកគេបោះទ័ពនៅជិតអេបេន-អេស៊ើរ ឯពួកភីលីស្ទីនបោះទ័ពនៅត្រង់អាផែក។ |
|
| 2 |
|
| ពួកភីលីស្ទីនតម្រៀបទ័ពប្រឈមនឹងអ៊ីស្រាអែល ហើយពេលគេចូលប្រឡូកតដៃគ្នា គឺពួកអ៊ីស្រាអែលបាក់ចាញ់នៅមុខគេ ហើយគេវាយសម្លាប់ពលទ័ពនៅវាល អស់ប្រហែលជាបួនពាន់នាក់។ |
|
| 3 |
|
| នៅពេលពួកពលទាហានបានចូលមកក្នុងទីតាំងវិញ នោះពួកចាស់ទុំសាសន៍អ៊ីស្រាអែលពោលថា៖ «ថ្ងៃនេះ ហេតុអ្វីបានជាព្រះយេហូវ៉ាបណ្ដាយឲ្យយើងបរាជ័យនៅមុខពួកភីលីស្ទីនដូច្នេះ? ចូរយើងនាំយកហិបសញ្ញារបស់ព្រះយេហូវ៉ា ពីស៊ីឡូរមកនៅកណ្ដាលពួកយើង ដើម្បីសង្គ្រោះយើងពីកណ្ដាប់ដៃរបស់ពួកខ្មាំងសត្រូវ»។ |
|
| 4 |
|
| ដូច្នេះ គេក៏ចាត់មនុស្សឲ្យទៅស៊ីឡូរ ហើយនាំយកហិបសញ្ញារបស់ព្រះយេហូវ៉ានៃពួកពលបរិវារដែលនៅកណ្ដាលចេរូប៊ីម។ កូនប្រុសលោកអេលីទាំងពីរ គឺហុបនី និងភីនេហាសក៏នៅទីនោះជាមួយហិបសញ្ញារបស់ព្រះដែរ។ |
|
| 5 |
|
| ពេលហិបសញ្ញារបស់ព្រះយេហូវ៉ាបានមកដល់ទីបោះទ័ពហើយ នោះស្រាប់តែពួកអ៊ីស្រាអែលទាំងអស់គ្នា គេស្រែកឡើងជាខ្លាំង រហូតដល់ឮខ្ទរផែនដី។ |
|
| 6 |
|
| កាលពួកភីលីស្ទីនបានឮសូរសម្រែកដូច្នោះ ក៏សួរគ្នាថា៖ «តើសូរសម្រែកអ្វីខ្លាំងដល់ម៉្លេះ នៅទីបោះទ័ពរបស់ពួកសាសន៍ហេព្រើរ?» ពេលគេយល់ឃើញថា ហិបនៃព្រះយេហូវ៉ាបានមកដល់ទីបោះទ័ពហើយ |
|
| 7 |
|
| ពួកភីលីស្ទីនមានសេចក្ដីភ័យ ដោយពោលថា៖ «ព្រះ បានយាងមកក្នុងជំរំទ័ពហើយ» រួចក៏និយាយទៀតថា៖ «វេទនាដល់យើងហើយ! ដ្បិតពីដើមមិនដែលមានដូច្នេះទេ។ |
|
| 8 |
|
| វេទនាដល់យើងហើយ! តើមានអ្នកណាអាចជួយយើងឲ្យរួចពីកណ្ដាប់ដៃនៃព្រះដ៏ខ្លាំងពូកែនេះ? គឺព្រះទាំងនោះហើយ ដែលបានវាយពួកសាសន៍អេស៊ីព្ទនៅទីរហោស្ថាន ដោយសេចក្ដីវេទនាគ្រប់យ៉ាង |
|
| 9 |
|
| ឱពួកភីលីស្ទីនអើយ ចូរក្លាហានឡើង ធ្វើជាមនុស្សអង់អាច ដើម្បីកុំឲ្យយើងត្រូវធ្លាក់ទៅជាអ្នកបម្រើរបស់ពួកហេព្រើរ ដូចជាគេបានធ្វើជាអ្នកបម្រើយើងនោះឡើយ ចូរមានចិត្តអង់អាច ហើយតដៃនឹងគេចុះ»។ |
|
| 10 |
|
| ដូច្នេះ ពួកភីលីស្ទីនក៏ចូលតដៃគ្នា ហើយពួកអ៊ីស្រាអែលត្រូវចាញ់ រត់ទៅផ្ទះរៀងខ្លួនវិញ ក៏មានមនុស្សស្លាប់យ៉ាងសន្ធឹក គឺពួកពលថ្មើរជើងខាងអ៊ីស្រាអែលបានដួលស្លាប់អស់ចំនួនបីម៉ឺននាក់។ |
|
| 11 |
|
| ឯហិបរបស់ព្រះ គេក៏ចាប់នាំយកទៅ ចំណែកហុបនី និងភីនេហាស ជាកូនលោកអេលីទាំងពីរក៏ស្លាប់ដែរ។ |
|
| 12 |
|
| នៅថ្ងៃនោះ មានបុរសម្នាក់ពីកុលសម្ព័ន្ធបេនយ៉ាមីនរត់ពីសមរភូមិទៅស៊ីឡូរ ទាំងសម្លៀកបំពាក់ដាច់រហែក ហើយមានដីនៅលើក្បាលផង។ |
|
| 13 |
|
| ពេលគាត់ចូលទៅដល់ លោកអេលីកំពុងអង្គុយទន្ទឹងចាំនៅមាត់ផ្លូវ ដ្បិតលោកមានចិត្តភ័យញ័រជាខ្លាំង ដោយព្រោះហិបរបស់ព្រះ កាលអ្នកនោះបានចូលមកប្រាប់ដំណឹងដល់ពួកទីក្រុងហើយ គេក៏ស្រែកឡើងទាំងអស់គ្នា។ |
|
| 14 |
|
| ពេលអេលីបានឮសូរសម្រែកនោះហើយ គាត់សួរថា៖ «តើសូរអឺងកងនេះជាអ្វី?» អ្នកនោះក៏ចូលជាប្រញាប់ទៅជម្រាបដល់លោកអេលី។ |
|
| 15 |
|
| អេលីមានអាយុកៅសិបប្រាំបីឆ្នាំហើយ ភ្នែកលោកក៏មើលអ្វីមិនសូវឃើញ។ |
|
| 16 |
|
| បុរសនោះជម្រាបថា៖ «គឺខ្ញុំនេះដែលចេញមកពីទីចម្បាំង ខ្ញុំបានរត់រួចនៅថ្ងៃនេះ» អេលីសួរថា៖ «តើយ៉ាងម៉េចទៅហើយកូនអើយ?» |
|
| 17 |
|
| អ្នកនាំដំណឹងនោះក៏ឆ្លើយថា៖ «ពួកអ៊ីស្រាអែលបានរត់ពីពួកភីលីស្ទីន មានពលទ័ពខាងយើងស្លាប់អស់សន្ធឹក ហុបនី និងភីនេហាស កូនលោកទាំងពីរនាក់ក៏ស្លាប់ដែរ ហើយហិបនៃព្រះ ក៏ត្រូវគេចាប់យកទៅបាត់»។ |
|
| 18 |
|
| ពេលអ្នកនោះដំណាលពីហិបនៃព្រះដូច្នោះហើយ នោះស្រាប់តែលោកអេលីធ្លាក់ចុះពីជើងម៉ា ផ្ងារក្រោយ នៅកន្លែងដែលលោកអង្គុយត្រង់មាត់ទ្វារនោះ បាក់កស្លាប់ទៅ ព្រោះលោកចាស់ណាស់ហើយ ក៏ធ្ងន់ផង លោកបានគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលអស់រយៈពេលសែសិបឆ្នាំ។ |
|
| 19 |
|
| រីឯកូនប្រសាលោក ជាប្រពន្ធភីនេហាស នាងមានទម្ងន់ជិតសម្រាលហើយ ពេលឮដំណឹងថាគេចាប់យកហិបនៃព្រះ ឪពុកក្មេក និងប្តីខ្លួនបានស្លាប់ដូច្នោះ នោះស្រាប់តែនាងចាប់ឈឺពោះ ហើយឱនខ្លួនសម្រាលកូនមកភ្លាម។ |
|
| 20 |
|
| ខណៈដែលនាងជិតផុតជីវិតនោះ មានពួកស្រីៗដែលឈរនៅជិតនាងប្រាប់ថា៖ «កុំខ្លាចអ្វីឡើយ នាងបានកូនប្រុសហើយ» តែនាងមិនបានឆ្លើយ ឬយកចិត្តទុកដាក់អ្វីសោះ។ |
|
| 21 |
|
| នាងដាក់ឈ្មោះកូននោះថា អ៊ីកាបូឌ ដែលមានន័យថា៖ «សិរីល្អបានចេញពីពួកអ៊ីស្រាអែលបាត់ហើយ» គឺដោយព្រោះគេបានចាប់យកហិបនៃព្រះទៅ ហើយព្រោះឪពុកក្មេក និងប្តីនាងផង។ |
|
| 22 |
|
| នាងនិយាយថា៖ «សិរីល្អបានចេញពីពួកអ៊ីស្រាអែលបាត់ហើយ ដ្បិតគេបានចាប់យកហិបនៃព្រះទៅ»។ |
|
|
|
|