|
| 1 |
|
| ហិបរបស់ ព្រះអម្ចាស់ ស្ថិតនៅលើទឹកដីភីលីស្ទីន អស់រយៈពេលប្រាំពីរខែ។ |
|
| 2 |
|
| ជនជាតិភីលីស្ទីនហៅពួកបូជាចារ្យ និងគ្រូទាយរបស់ពួកគេមកសួរថា៖ «តើយើងត្រូវធ្វើយ៉ាងណាចំពោះហិបរបស់ ព្រះអម្ចាស់? សូមប្រាប់យើងមក តើយើងត្រូវបញ្ជូនហិបនេះទៅកន្លែងដើមវិញដោយវិធីណា?»។ |
|
| 3 |
|
| ពួកគេតបមកវិញថា៖ «បើសិនជាអ្នករាល់គ្នាចង់បញ្ជូនហិបរបស់ព្រះនៃជនជាតិអ៊ីស្រាអែលត្រឡប់ទៅវិញ សូមកុំបញ្ជូនទៅដោយឥតផ្ញើអ្វីទៅជាមួយឡើយ គឺត្រូវយកតង្វាយទៅថ្វាយព្រះអង្គ សូមព្រះអង្គលើកលែងទោសអោយអ្នករាល់គ្នា ដើម្បីអ្នករាល់គ្នាបានជាសះស្បើយ ហើយដឹងអំពីមូលហេតុដែលព្រះអង្គដាក់ទោសអ្នករាល់គ្នា»។ |
|
| 4 |
|
| ជនជាតិភីលីស្ទីនសួរទៀតថា៖ «តើយើងត្រូវយកតង្វាយអ្វីទៅថ្វាយ ដើម្បីសូមព្រះអង្គលើកលែងទោសអោយ?»។ ពួកបូជាចារ្យ និងពួកគ្រូទាយឆ្លើយថា៖ «សូមយករូបឫសដូងបាតធ្វើពីមាសចំនួនប្រាំ និងរូបកណ្ដុរមាសប្រាំ ស្របតាមចំនួនស្ដេចត្រាញ់ទាំងប្រាំ នៃជនជាតិភីលីស្ទីន ដ្បិតអ្នករាល់គ្នា និងស្ដេចត្រាញ់ទាំងប្រាំ សុទ្ធតែបានរងគ្រោះកាចដូចៗគ្នា។ |
|
| 5 |
|
| ចូរឆ្លាក់រូបឫសដូងបាត និងរូបកណ្ដុរ ដែលរាតត្បាតស្រុករបស់អ្នករាល់គ្នា រួចលើកតម្កើងសិរីរុងរឿងរបស់ព្រះនៃជនជាតិអ៊ីស្រាអែលទៅ នោះប្រហែលជាព្រះអង្គនឹងបន្ធូរបន្ថយទណ្ឌកម្មលើអ្នករាល់គ្នា លើព្រះរបស់អ្នករាល់គ្នា និងលើស្រុករបស់អ្នករាល់គ្នាផង។ |
|
| 6 |
|
| ហេតុអ្វីបានជាអ្នករាល់គ្នាមានចិត្តរឹងរូសដូចជនជាតិអេស៊ីប និងព្រះចៅផារ៉ោនដូច្នេះ? ព្រះជាម្ចាស់បានដាក់ទោសជនជាតិអេស៊ីបយ៉ាងធ្ងន់ រហូតដល់ពួកគេយល់ព្រមអោយជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកនោះ។ |
|
| 7 |
|
| ចូររៀបចំរទេះថ្មីមួយ ព្រមទាំងយកមេគោពីរក្បាល ដែលកំពុងបំបៅកូន និងពុំដែលទឹមសោះ មកទឹមរទេះនោះ រួចបំបែកកូនវា ដោយឃាំងទុកក្នុងក្រោល។ |
|
| 8 |
|
| ចូរយកហិបរបស់ ព្រះអម្ចាស់ ទៅដាក់លើរទេះ រួចយកវត្ថុធ្វើអំពីមាសដាក់ក្នុងប្រអប់មួយ ជិតហិប។ វត្ថុទាំងនោះជាតង្វាយ សំរាប់សូមព្រះអង្គលើកលែងទោស។ បន្ទាប់មក ទុកអោយមេគោនាំហិបនោះចេញទៅ ដោយគ្មានអ្នកបរ។ |
|
| 9 |
|
| ចូរតាមមើល ប្រសិនបើមេគោនាំហិបនោះឆ្ពោះទៅស្រុកអ៊ីស្រាអែលត្រង់បេតសេម៉េស នោះសអោយឃើញថា ពិតជា ព្រះអម្ចាស់ ដែលបានធ្វើអោយពួកយើងរងទុក្ខវេទនាយ៉ាងខ្លាំងនេះ។ ប៉ុន្តែ បើវាមិនដើរឆ្ពោះទៅទិសនោះទេ យើងនឹងដឹងថា មិនមែនព្រះអង្គទេដែលដាក់ទោសពួកយើង គឺហេតុការណ៍កើតឡើង ដោយចៃដន្យ»។ |
|
| 10 |
|
| ជនជាតិភីលីស្ទីនក៏ធ្វើតាម។ ពួកគេយកមេគោពីរក្បាលដែលកំពុងបំបៅកូនមកទឹមរទេះ ហើយបង្ឃាំងកូនវានៅក្នុងក្រោល។ |
|
| 11 |
|
| ពួកគេយកហិបរបស់ ព្រះអម្ចាស់ ព្រមទាំងប្រអប់ដែលមានរូបកណ្ដុរមាស និងរូបឫសដូងបាតធ្វើអំពីមាសដាក់លើរទេះ។ |
|
| 12 |
|
| មេគោទាំងនោះដើរតម្រង់ទៅកាន់បេតសេម៉េស វាដើរតាមផ្លូវ ទាំងស្រែករោទ៍ តែមិនងាកឆ្វេង ងាកស្ដាំឡើយ។ ស្ដេចត្រាញ់នៃជនជាតិភីលីស្ទីននាំគ្នាដើរតាមក្រោយរទេះនោះ រហូតដល់ព្រំប្រទល់បេតសេម៉េស។ |
|
| 13 |
|
| ពេលនោះ ប្រជាជននៅបេតសេម៉េសកំពុងតែច្រូតស្រូវ នៅតាមជ្រលងភ្នំ។ កាលពួកគេងើបមុខឡើង ក្រឡេកមើលទៅ ឃើញហិបនោះមកដល់ ពួកគេត្រេកអរយ៉ាងខ្លាំង។ |
|
| 14 |
|
| រទេះមកដល់ចំការរបស់លោកយ៉ូស្វេ ជាអ្នកភូមិបេតសេម៉េស ហើយឈប់នៅទីនោះ ជិតផ្ទាំងសិលាធំមួយ។ ប្រជាជននៅបេតសេម៉េសនាំគ្នាពុសរទេះធ្វើជាអុស ហើយយកមេគោទាំងពីរមកថ្វាយជាតង្វាយដុតទាំងមូលដល់ ព្រះអម្ចាស់ ។ |
|
| 15 |
|
| ពួកលេវីបានយកហិបរបស់ ព្រះអម្ចាស់ ព្រមទាំងប្រអប់ដែលដាក់វត្ថុធ្វើអំពីមាសជាប់មកជាមួយ ទៅដាក់លើផ្ទាំងសិលា។ នៅថ្ងៃនោះ ប្រជាជននៅបេតសេម៉េសនាំគ្នាថ្វាយតង្វាយដុតទាំងមូល ព្រមទាំងយញ្ញបូជាដល់ ព្រះអម្ចាស់ ។ |
|
| 16 |
|
| កាលបានឃើញហេតុការណ៍ទាំងអស់នោះហើយ ស្ដេចត្រាញ់ទាំងប្រាំនៃជនជាតិភីលីស្ទីនវិលត្រឡប់មកក្រុងអេក្រូនវិញ នៅថ្ងៃដដែល។ |
|
| 17 |
|
| ជនជាតិភីលីស្ទីនបានផ្ញើរូបឫសដូងបាតធ្វើអំពីមាសចំនួនប្រាំ មកថ្វាយ ព្រះអម្ចាស់ ដើម្បីសូមព្រះអង្គលើកលែងទោសអោយ គឺមួយសំរាប់ក្រុងអាសដូឌ មួយសំរាប់ក្រុងកាសា មួយសំរាប់ក្រុងអាសកាឡូន មួយសំរាប់ក្រុងកាថ និងមួយទៀតសំរាប់ក្រុងអេក្រូន។ |
|
| 18 |
|
| គេក៏ផ្ញើរូបកណ្ដុរមាសតាមចំនួនក្រុងភីលីស្ទីនទាំងប៉ុន្មាន ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្ដេចត្រាញ់ទាំងប្រាំដែរ ដោយរាប់ចាប់តាំងពីក្រុងដែលមានកំពែងរឹងមាំ រហូតដល់ភូមិតូចៗដែលគ្មានកំពែង។ ផ្ទាំងសិលាដ៏ធំក្នុងចំការរបស់លោកយ៉ូស្វេ ជាអ្នកភូមិបេតសេម៉េស ជាកន្លែងដែលគេតម្កល់ហិបរបស់ ព្រះអម្ចាស់ នៅស្ថិតស្ថេររហូតដល់សព្វថ្ងៃ ជាបន្ទាល់ពីហេតុការណ៍នោះ។ |
|
| 19 |
|
| ព្រះអម្ចាស់ បានដាក់ទោសប្រជាជននៅបេតសេម៉េស ពីព្រោះពួកគេសម្លឹងមើលហិបរបស់ ព្រះអម្ចាស់ ។ ព្រះអង្គបានប្រហារមនុស្សចិតសិបនាក់ក្នុងចំណោមពួកគេ។ ប្រជាជននាំគ្នាកាន់ទុក្ខ ដោយ ព្រះអម្ចាស់ ដាក់ទោសគេយ៉ាងធ្ងន់ធ្ងរ។ |
|
| 20 |
|
| ប្រជាជននៅបេតសេម៉េសពោលថា៖ «តើនរណាអាចឈរនៅចំពោះព្រះភក្ត្រ ព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធនេះបាន? តើយើងអាចផ្ទេរហិបរបស់ព្រះអង្គទៅកន្លែងណា ដើម្បីអោយចេញឆ្ងាយពីពួកយើង?»។ |
|
| 21 |
|
| ពួកគេចាត់អ្នកនាំសារអោយទៅអ្នកស្រុកគារយ៉ាត-យារីម ដើម្បីប្រាប់ថា៖ «ពួកភីលីស្ទីននាំហិបរបស់ ព្រះអម្ចាស់ មកវិញហើយ សូមអញ្ជើញមកទទួលយកទៅស្រុករបស់បងប្អូនចុះ!»។ |
|
|
|
|